សង្គមស៊ីវិល លើកឡើងថា ការបញ្ឈប់ការដាក់តាំង និងរុះរើរូបថតដែលបានដាក់បង្ហាញក្នុងពិព័រណ៍រូបថត ស្តីពី ផ្ទះ និងជីវិត របស់អង្គការសមាគមធាងត្នោត ពីសំណាក់អាជ្ញាធរមូលដ្ឋាន គឺជារំលោភសិទ្ធិសេរីភាពខាងសមាគម។
បើតាមសេចក្តីជូនដំណឹង ស្តីពី ការផ្អាកពិព័រណ៍រូបថតនៅទីសួនចំប៉ី របស់អង្គការសមាគមធាងត្នោតបានឱ្យដឹងថា តាមការបញ្ជាក់របស់ម្ចាស់ទីតាំងភោជនីយដ្ឋានសួនចំប៉ី អាជ្ញាធរមូលដ្ឋានបានតម្រូវឱ្យបញ្ឈប់ការដាក់តាំង និងរុះរើរូបថតដែលបានដាក់បង្ហាញក្នុងពិព័រណ៍ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ករណីនេះ អង្គការសមាគមធាងត្នោត បង្ហាញការសោកស្តាយចំពោះការហាមឃាត់របស់អាជ្ញាធរមូលដ្ឋាន ខណៈការដាក់តាំងពិព័រណ៍រូបថតនេះ គ្រាន់តែជាសារដើម្បីបង្ហាញអំពីទុក្ខកង្វល់របស់ពលរដ្ឋ ទៅកាន់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។
ប្រភពដដែលបញ្ជាក់ថា៖ «យើងមានជំនឿថា ការដាក់តាំងរូបថតគឺជាសិល្បៈ និងបាននាំសារសំខាន់ដែលបង្ហាញពីបញ្ហា និងទុក្ខកង្វល់របស់សហគមន៍ក្រីក្រដល់សាធារណជន និងអ្នកពាក់ព័ន្ធបានដឹង និងរួមគ្នាផ្តល់ជាដំណោះស្រាយ យើងពិតជាមានការខកចិត្តជាខ្លាំងដែលបំណងល្អរបស់យើងត្រូវបានរារាំង»។
ទន្ទឹមនឹងនេះ អង្គការសមាគមធាងត្នោត ក៏បានស្នើឱ្យក្រសួងមហាផ្ទៃ ពិនិត្យចំពោះការប្រើប្រាស់អំណាចហួសហេតុក្នុងការដាក់សម្ពាធដែលគ្មានមូលដ្ឋានទៅដល់ម្ចាស់ទីតាំង និងមិនបានផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបានចូលរួមពិភាក្សាផងដែរ។
បើតាមអង្គការមួយនេះ ការតាំងពិព័រណ៍រូបថត គ្រោងបើកឱ្យចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សួនចំប៉ី នៅផ្លូវ៣៥១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍រូបថតនេះ បានលើកយកបញ្ហាប្រឈមនានារបស់សហគមន៍នៅក្នុងទីក្រុង ដែលត្រូវបានមើលរំលង។ លោកបន្តថា ពួកគាត់ភាគច្រើនរស់នៅដោយគ្មានសុវត្ថិភាពដីធ្លី ត្រូវបានផាត់ចេញពីដំណើរនៃការអភិវឌ្ឍ មិនមានសិទ្ធិក្នុងការសាងសង់លំនៅឋានសម្រាប់ស្នាក់នៅ ខណៈហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ទឹកលិចនារដូវវស្សា និងទទួលរងបណ្តឹងពីតុលាការផ្សេងៗជាដើម។
លោកបានរៀបរាប់បន្តថា៖ «ការបណ្តេញចេញ ឬបង្ខំឱ្យគាត់ទៅរស់នៅឆ្ងាយពីទីតាំងចាស់ មិនធ្វើឱ្យជីវភាពពួកគាត់បានប្រសើរនោះទេ ផ្ទុយមកវិញពួកគាត់បានក្លាយជាជនរងគ្រោះបន្ថែមទៀត គឺបាត់បង់ចំណូល ជំពាក់បំណុល ប៉ះពាល់ការសិក្សាក្មេងៗ ចំណាកស្រុក គ្មានទឹកស្អាតប្រើប្រាស់ជាដើម»។
បើតាម លោក សឿង សារ៉ន ការដាក់តាំងពិព័ណ៌នេះ មិនបានជូនដំណឹងទៅក្រសួងមហាផ្ទៃមុនទេ ហើយការឱ្យបញ្ឈប់ការតាំងពិព័ណ៌នេះ អាជ្ញាធរមូលដ្ឋានក៏មិនបានធ្វើការជូនដំណឹងច្បាស់លាស់នោះដែរ។ លោកបន្តថា អាជ្ញាធរត្រូវផ្តល់មូលហេតុច្បាស់លាស់ដែលតម្រូវឱ្យរុះរើការតាំងពិព័រណ៌នេះ ហើយប្រសិនបើមានបញ្ហាណាមួយ អាជ្ញាធរគួរតែជជែកគ្នាដោយបើកចំហ ដើម្បីរកដំណោះស្រាយមួយ និងកុំឱ្យមានការភ័ន្តច្រឡំ រវាងអង្គការសង្គមស៊ីវិល អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។
លោកថ្លែងថា៖ «វាជាផ្នែកមួយដែលប៉ះពាល់ដល់សិទ្ធិសេរីភាពខាងសមាគមរបស់យើង វាហាក់បីដូចជាអាជ្ញាធរមូលហេតុ មិនយល់ពីរបៀបនៃការធ្វើការរបស់សង្គមស៊ីវិល ជាទូទៅពួកគាត់តែងតែទាមទារឱ្យយើងជូនដំណឹង ដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល»។
នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា សោកស្ដាយដែលអាជ្ញាធរហាមប្រាមនូវការតាំងពិព័រណ៍ទាំងនោះ។ លោកថា ការតាំងពិព័រណ៍នេះ គឺមិនមែនជាការប្រមូលផ្តុំ ញុះញង់ឱ្យមានបទល្មើសកើតឡើងនោះទេ។
លោកថ្លែងថា៖ «តើអាជ្ញាធរចុះទៅបញ្ឈប់ការតាំងពិព័ណ៌ដោយយោងតាមច្បាប់អ្វី? តែបើអាជ្ញាធរ ចុះទៅហាមឃាត់មិនមានច្បាប់ទេ បើមិនមែនផ្អែកលើច្បាប់ទេ មានន័យថា អាជ្ញាធរកំពុងតែរំលោភរដ្ឋធម្មនុញ្ញ និងរំលោភទៅលើសិទ្ធិមនុស្ស ពីព្រោះរដ្ឋធម្មនុញ្ញយើងការពារនូវសេរីភាព នៃការបញ្ចេញមតិ ហើយនេះគឺជាផ្នែកមួយ នៃការបញ្ចេញមតិ អញ្ចឹងអាជ្ញាធរគួរតែត្រឡប់ទៅមើលច្បាប់ឡើងវិញ តើយកច្បាប់ណាមកអនុវត្តក្នុងការហាមឃាត់ ការតាំងពិព័រណ៍នេះ»។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែរ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។ ចំណែក អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់ថា ជាប់ប្រជុំ។