ភ្នំពេញ៖ អគ្គិសនីកម្ពុជា សម្រេចផ្តល់ថាមពលអគ្គិសនីកម្លាំងធំដល់ពលរដ្ឋក្នុងពេលពិធីបុណ្យផ្សេងៗតាមការស្នើសុំរបស់ពលរដ្ឋ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាដែលNewsroom ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ។
យោងតាមសេចក្ដីជូនដំណឹង ចេញកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បញ្ជាក់ថាដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់អគ្គិសនីកម្លាំងធំ ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋានរបស់ពលរដ្ឋ អគ្គិសនីកម្ពុជា ផ្តល់ការប្រើប្រាស់ដល់ 3ph x 100Aឬ 70kVA (ចេញពីខ្សែបណ្ដាញចែកចាយសាធារណៈ)។ សេចក្ដីជូនដំណឹងដដែលបន្ថែមថា ពលរដ្ឋដែលមានបំណងស្នើសុំ ការប្រើប្រាស់អគ្គិសនី កម្លាំងធំ ក្នុងរយៈពេលខ្លី អាចស្នើសុំតាម EDG App ឬតាមបណ្ដាសាខារបស់អគ្គិសនីឲ្យបាន យ៉ាងហោច១៥ថ្ងៃមុនពេលត្រូវការប្រើប្រាស់។ ក្នុងករណីមានពិធីបុណ្យសព ពលរដ្ឋអាចស្នើសុំបានភ្លាមៗ ហើយថ្លៃថាមពលប្រើប្រាស់ត្រូវកត់ក្នុងវិក្កយបត្រ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ «ការចំណាយលើការដំឡើងនាឡិកាស្ទង់ ឌីសុងទ័រនិងបរិក្ខាផ្សេងៗសម្រាប់ការប្រើប្រាស់ជាបណ្ដោះអាសន្នក្នុងអំឡុងពេលប្រារព្ធពិធី និងការប្រចាំការថែរក្សាចរន្តជាបន្ទុករបស់អគ្គិសនីលើកលែងតែខ្សែបណ្ដាញនិងគ្រឿងបរិក្ខាអគ្គិសនីចាប់ពីក្រោមឌីសុងទ័ររបស់អគ្គិសនីកម្ពុជាជាបន្ទុករបស់អតិថិជន»៕