ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន ស្នើក្រសួងពាក់ព័ន្ធពង្រឹងការអនុវត្តវិធានការច្បាប់ ស្របពេលអគ្គនាយកដ្ឋានគយ ដាក់ចេញវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែនាពេលខាងមុខ ដោយពួកគេយល់ឃើញថា ការផ្អាកនេះ អាចនឹងមិនមានប្រសិទ្ធិភាព បើការអនុវត្តច្បាប់មិនទាន់តឹងរ៉ឹងគ្រប់គ្រាន់។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក មួយចំនួនដែលជាគ្រឿងក្នុងសត្វចំនួន ៨មុខ ក្នុងនោះមានដូចជា អណ្តាត ថ្លើម ពោះវៀន ប្លោក ក្រពះ នៃសត្វជ្រូក គោ ក្របី ជាដើម។ ប្រភពដដែលបន្តថា ការផ្អាកនេះមានរយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
កសិករដែលចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសាររស់នៅក្នុងខេត្តពោធិ៍សាត់ លោក រដ្ឋា មានប្រសាសន៍ថា ការផ្អាកនាំចូលសាច់បង្កកនេះជារឿងដដែលៗ ហើយជាការផ្អាកដែលមានរយៈពេលខ្លី។ លោកបន្តថា ការផ្អាកនាំចូលសាច់បង្កកនេះ មិនអាចធ្វើឱ្យជីវភាពកសិករប្រសើរឡើងនោះទេ។
លោកថា៖ «សាច់បំណែកផ្សេងៗឱ្យនាំចូលធម្មតា អត់ឱ្យនាំចូលតែគ្រឿងក្នុងទេ ដោយសារគ្រឿងក្នុងវាយកមក វាឆាប់ស្អុយ ចឹងគេអត់យកមក […] វានៅតែប៉ះពាល់ហ្នឹង សំណូមពរឱ្យជួយមើលកសិករក្នុងស្រុក ក្នុងប្រទេសផង កុំយកតែសេដ្ឋកិច្ច នាំចូលនាំចេញនោះ បើមិនចឹងទេកសិករក្នុងស្រុកយើងចប់ហើយ អំបិលហើយ វ័ណ្ឌករដោះស្រាយធនាគារមិនរួចហ្នឹងហើយ»។
លោកបន្ថែមថា៖ «បើផ្អាកតែ៦ខែជួយបានតិច មិនជួយបានច្រើនទេ ចុះបើជ្រូកសាច់យើងចិញ្ចឹមរយៈពេល ៥ទៅ៦ខែដូចគ្នា ទម្រាំបានលក់ ទម្រាំបានលក់គេឱ្យនាំចូលវិញបាត់ទៅហើយ បើថាផ្អាករហូតអាហ្នឹងល្អ»។
លោក ផល សំបូរ ជានិស្សិតកសិកម្មផ្នែកបសុពេទ្យ យល់ថា វិធានការនេះល្អ បើសិនមានការអនុវត្តច្បាប់បានត្រឹមត្រូវ។
លោកបន្តថា៖ «ថ្នាក់ដឹកនាំស្ថាប័នគយ អ្នកបច្ចេកទេស ការនាំចូលនៃកសិផល ផលិតផលនានា ត្រូវពិចារណានិងយកចិត្តទុកដាក់ បើការនាំចូលនាំឱ្យមានការលើសនៃតម្រូវការ រួមទាំង ផលិតកម្ម ឬផលិតផលក្នុងស្រុកច្រើនពេក ត្រូវបន្ថយការនាំចូល ព្រោះបើនាំចូលច្រើនពេក ធ្វើឱ្យផលិតផល ឬកសិផលរបស់ប្រជាជនយើងបាត់បង់ទីផ្សារ ហើយខំប្រឹងផលិតខ្លួនឯងឱ្យច្រើន និងធ្វើឱ្យទៅជា cycle ដើម្បីរក្សានូវសន្ដិសុខស្បៀង និងផលិតផលឱ្យមានស្ថេរភាព បើទោះជានាំចូលត្រូវត្រួតពិនិត្យសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ដើម្បីការពារសុខភាពប្រជាជនយើង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា រដ្ឋាភិបាលគួរតែផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជារៀងរហូតតែម្តង ព្រោះវាមានផលប៉ះពាល់ច្រើនដល់សុខភាពពលរដ្ឋ។
លោកបន្ថែមថា៖ «គ្រឿងក្នុងសត្វបង្កកវាងាយនឹងខូចណាស់ ហើយបណ្តាប្រទេសខ្លះគេមិនហូបផង អញ្ចឹងសុំឱ្យអាជ្ញាធរដែលពាក់ព័ន្ធមានការត្រួតពិនិត្យចំពោះសុខភាព ជាពិសេសការនាំចូលសាច់បង្កក ធ្វើយ៉ាងណាកុំឱ្យនាំចូលសាច់បង្កកទាំងឡាយណាដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសដូចជាគ្រឿងក្នុង»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថា វិធានការនេះ ជាយន្តការមួយជួយទប់ស្កាត់នូវការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក ព្រោះសាច់ទាំងអស់នេះ បើសិនជាមិនបានពិនិត្យគុណភាពឱ្យបានត្រឹមត្រូវទេ ពេលប្រជាពលរដ្ឋបរិភោគគឺអាចប៉ះពាល់សុខភាព ហើយប្រជាពលរដ្ឋដែលមានសត្វសម្រាប់លក់សាច់ និងគ្រឿងក្នុង ជួបបញ្ហាទីផ្សារ ដោយសារការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក គឺមានតំលៃទាបជាង។
លោកថ្លែងថា៖ «វិធានការនេះ អាចមានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យបានតឹងរ៉ឹង ជាពិសេសអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព ដោយទប់ស្កាត់អំពើពុករលួយ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះបើច្រកទ្វារព្រំដែនណាអនុញ្ញាតឱ្យនាំគ្រឿងក្នុង និងសាច់សត្វបង្កកចូល ក្រោយពីមានវិធានការរបស់រាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវតាមច្បាប់ និងវិធានរដ្ឋបាល»។
ចំណែក ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោកស្រុន ពៅ យល់ឃើញថា វិធានការដែលរាជរដ្ឋាភិបាលដាក់មកនេះ នឹងអាចមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ ក្រោយអនុវត្តក្នុងកំឡុងរយៈពេល៦ខែនេះ។ លោកបន្តថា វិធីសាស្រ្តក៏មានរួចហើយ នៅពេលខាងមុខគឺការនាំចូលសាច់បង្កកត្រូវមកក្រសួងកសិកម្មជាអ្នកគ្រប់គ្រង នេះជាវិធានការដែលត្រូវអនុវត្តបន្ត។
លោកលើកឡើងថា៖« រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យចិញ្ចឹមសត្វនឹងរៀបចំឱ្យមានផែនការជាបន្តបន្ទាប់ ហើយខ្ញុំសង្ឃឹមថាវិធានការនេះនឹងមានប្រសិទ្ធភាពនៅថ្ងៃខាងមុខ»។
អគ្គនាយករងកាំកុងត្រូលត្រួតពិនិត្យ ផ្នែកសុខភាព ចំណីអារហារ លោក គឹម មាសសីហា បានលើកឡើថា ការដាក់ចេញនូវវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកនេះ ដោយសារមន្រ្តីអនុវត្តច្បាប់របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានរកឃើញកត្តាដែលនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗទៅលើបណ្តាសាច់គ្រឿងក្នុងទាំង ៨មុខ ដែលមិនអនុលោមទៅតាមច្បាប់ និងមិនមានសុវត្ថិភាព។
លោកបញ្ជាក់ថា៖ «ចំពោះប្រសិទ្ធភាព មុននឹងយើងរៀបចំដាក់ចេញនូវវិធានការនេះ យើងក៏បានចូលរួមសិក្សាទាំងអស់គ្នា ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា វិស័យឯកជនផងដែរ ថានៅពេលដែលយើងដាក់ចេញវិធានការនេះទៅនឹងមានការសាទរកម្រិតណា ហើយក៏ដូចជាមានភាពអនុលោមស្តង់ដាប្រតិបត្តិរបស់អន្តរជាតិយ៉ាងម៉េចដែរ ទៅតាមគោលការណ៍អន្តរជាតិ។ យើងមិនមែនចេះតែដាក់វិធានការដោយមិនមានការសិក្សាច្បាស់លាស់ទេ»។
លោបន្តថា៖ «មន្រ្តីអនុវត្តច្បាប់យើងក៏ពិនិត្យទៅតាមឃ្លាំងស្តុក ទៅតាមគោលដៅសំខាន់ៗ យកជាគំរូ និងត្រួតពិនិត្យទៅថាតើកន្លែងណាមានកត្តាជាហានិភ័យទេ មុននឹងយើងសម្រេចរៀបចំវិធានការជាក់លាក់មួយ ក្រោយពីវិធានការរយៈពេល៦ខែនេះ ត្រូវបានកន្លងផុតទៅ យើងនឹងបន្តសកម្មភាពរបស់យើងឱ្យបានជាប់លាប់»។
បើតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣២០ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ ប្រភពដដែលបន្តថា បរិមាណសាច់ដែលខ្វះខាត ត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អ ដូចជា ឆ្កែ និងឆ្មាជាដើម។
ដើម្បីបំពេញតម្រូវការ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ពាន់តោន ក្នុងនោះមានជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ រួមមាន សាច់ជ្រូក ចៀម ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក និងផលិតផលសត្វ សរុបចំនួន (៤,៧៦ពាន់តោន)។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចុងខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានបង្ក្រាបករណីរថយន្តកុងតឺន័រចំនួន ០៤គ្រឿង ដែលដឹកសាច់បង្កកនាំចូលពីវៀតណាមជាច្រើនតោន ក្រោយរកឃើញថា ខ្វះខាតឯកសារបញ្ជាក់មួយចំនួន និងការរក្សាទុកសាច់បង្កកមិនត្រូវតាមស្តង់ដាដែលនាំឱ្យប៉ះពាល់ដល់គុណភាពសាច់។ ចំណែកកាលពីថ្ងៃទី៨ ខែកុម្ភៈ អាជ្ញាធរបានរកឃើញបង្គារមានចាក់ចាហួយនៅលើក្បាលចំនួន ៤ ២៣៥គីឡូក្រាម នៅលើរថយន្តមួយដែលកំពុងចែកចាយនៅតាមស្តង់លក់មួយចំនួន នៅម្តុំត្រឡោកបែក ក្នុងរាជធានីភ្នំពេញ។
ដោយឡែក នៅថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏បានបង្ក្រាបការនាំចូលស្លាបមាន់ខូចគុណភាព ចំនួន ២ ០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផងដែរ៕