ប្រទេសកម្ពុជា ទទួលបានពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី ជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៣ ពី World Travel Awards។
យោងតាមគេហទំព័រ World Travel Awards បានលើកឡើងថា កម្ពុជា និងប្រទេសចំនួន ៦ ផ្សេងទៀត ដូចជា ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ World Travel Awards ដែលបានជ្រើសរើសសម្រាប់ការវាយតម្លៃពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៣។
ជាលទ្ធផល World Travel Awards បានសម្រេចប្រគល់ពានរង្វាន់នេះ ដល់ប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ មានប្រសាសន៍នៅថ្ងៃទី២៩ ខែកុម្ភៈនេះថា កម្ពុជា បានទទួលពានរង្វាន់ទេសចរណ៍វប្បធម៌ឈានមុខគេនេះ ចំនួន ២ឆ្នាំជាប់គ្នា គឺ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែលនេះជាមោទនភាព និងជាការជួយផ្សព្វផ្សាយកាន់តែខ្លាំងបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងការទាក់ទាញទេសចរណ៍។ លោកបន្តថា ពានរង្វាន់នេះ ត្រូវបានវាយតម្លៃ និងបោះឆ្នោតតាមប្រព័ន្ធអនឡាញដោយអ្នកជំនាញខាងទេសចរណ៍ ដោយផ្តោតសំខាន់លើគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ។
លោកបន្ថែមថា៖ «ឆ្នាំ២០២២ កម្ពុជាទទួលបានពានរួចហើយ ដោយឡែកក្នុងឆ្នាំ២០២៣ គេមិនទាន់ហៅកម្ពុជាឡើងទៅទទួលពាននៅឡើយទេ គ្រាន់តែយើងទទួលដំណឹងថាយើងបានជាប់ចំណាត់ថ្នាក់ទទួលពាន»។
ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធិម សេរីវុឌ្ឍ មានប្រសាសន៍ថា នេះជាមោទនភាពធំបំផុតរបស់ប្រទេសកម្ពុជា ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកាន់តែច្រើនថែមទៀត។ លោកកត់សម្គាល់ថា ភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជាភាគច្រើន គឺទាក់ទងនឹងវប្បធម៌។
លោកថ្លែងថា៖ «ភ្ញៀវទេសចរភាគច្រើនដែលដើរលេងជុំវិញពិភពលោក គឺច្រើនតែទស្សនាទាក់ទងនឹងវប្បធម៌នេះឯង ដែលជាសមិទ្ធផលសំខាន់ ទោះបីជាប្រទេសនោះមិនមានអ្វីច្រើនផ្នែកវប្បធម៌ ក៏គេទៅស្រាវជ្រាវ ទៅសិក្សាអំពីវប្បធម៌ដែរ» ។
និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ហ៊ាង សុឃាង អាយុ២៦ឆ្នាំ សាទរចំពោះការទទួលបានពានរង្វាន់នេះ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។
លោកបន្តថា៖ «អាចធ្វើឱ្យប្រទេសកម្ពុជា មានមុខមាត់ល្បីលើឆាកអន្តជាតិ មិនថាក្នុងតំបន់ឬក្រៅតំបន់ ឱ្យភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។ ភាពទាក់ទាញរបស់កម្ពុជានោះ ដោយសារកម្ពុជាសម្បូរវប្បធម៌អរូបី ធនធានធម្មជាតិ របស់ហូបអាហារប្រពៃណី ហើយជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ លោកថា កម្ពុជាគួរអភិវឌ្ឍន៍តំបន់ទេសចរណ៍ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរ និងជួយសម្រួលការចេញចូលតាមច្រកព្រំដែន ជាពិសេសការពារនូវសន្តិសុខ សុវត្ថិភាព ថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីឱ្យបានច្រើន និងតាមភោជនីយដ្ឋានត្រូវរក្សាបាននូវតម្លៃមួយសមរម្យសម្រាប់ភ្ញៀវ។
លោក ស ម៉េងលិស អាយុ ១៩ឆ្នាំ ជានិស្សិតផ្នែកបុរាណវិទ្យានៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លើកឡើងថា ការដែលកម្ពុជាទទួលបានពានរង្វាន់ នៅក្នុងតំបន់អាស៊ី គឺជារឿងដែលគួរឱ្យត្រេកអរ ព្រោះពានរង្វាន់នេះបានស្ដែងបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលសម្បូរហូរហៀរនូវតំបន់ទេសចរណ៍ទាំងប្រវត្តិសាស្ត្រ ទាំងធម្មជាតិ ដែលជាមុខមាត់ថ្មីមួយសម្រាប់ជាតិ។
លោកបន្ថែមថា៖ «ចំពោះឥទ្ធិពលដែលអាចជះមក ក្រោយទទួលបានពានរង្វាន់ គឺការតាមដាន ឃ្លាំមើលអំពីសំណាក់ជនខាងក្រៅស្រុក ដែលមានបំណងមកកំសាន្តទេសចរណ៍នៅស្រុកយើង ដែលពួកគាត់អាចតាមដានអំពី ទំនៀមទម្លាប់ របបនយោបាយ សេដ្ឋកិច្ច ភាសា»។
លោកបន្ថែមថា៖ «ដើម្បីរក្សាតំណែងនេះ ក្រសួងដែលពាក់ព័ន្ធនឹងកិច្ចការទេសចរណ៍ទាំងអស់ ត្រូវបន្តដាក់នូវផែនការបន្តទៀត ដូចជាផ្នែកបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងបន្តដាក់បុរាណដ្ឋានជាសម្បត្តិបេតិកភណ្ឌជាតិក៏ថាបាន និងមួយចុងក្រោយ គឺសេ្ថរភាពនយោបាយ និងការគោរពសិទ្ធិមនុស្ស»។
លោក ហុំ ថាវី អាយុ ២៥ឆ្នាំ ជានិស្សិតផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ថា ក្រោយទទួលបានពានរង្វាន់នេះ កម្ពុជាគួររៀបចំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានការរីកចម្រើន។
លោកបញ្ជាក់ថា៖ «ដើម្បីទាក់ទាញភ្ញៀវទេសចរថែមទៀតនោះ យើងគួរកែប្រែចំណុចមិនល្អកន្លងមក មិនថាសេវាកម្ម ឬបរិស្ថាន សណ្តាប់ធ្នាប់ សុវត្ថិភាព ត្រូវតែកែប្រែ»។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ការទទួលបានពានរង្វាន់នេះ បានឆ្លុះបញ្ចាំងពីភាពរុងរឿងនៃវប្បធម៌កម្ពុជា ទោះបីជាប្រទេសផ្សេងៗតាក់តែងគោលនយោបាយទាក់ទាញទេសចរណ៍ក្តី តែកម្ពុជានៅតែឈរនៅលំដាប់មួយដែលទាក់ទាញភ្ញៀវទេសចរលើពិភពលោកបាន។
លោកស្រីបន្ថែមថា៖ «សម្រាប់អ្នកមិនទាន់ស្គាល់កម្ពុជា គេនឹងមានការចាប់អារម្មណ៍ចង់ឃើញ ចង់ដឹងថាកម្ពុជាបែបណាទើបទទួលបានពានរង្វាន់ទាំងពីរប្រភេទនេះ ហើយសម្រាប់អ្នកដែលមករួចហើយក្តីនឹងចង់មកម្តងទៀត ដោយចង់ស្វែងយល់ពីសក្តានុពលដែលគាត់មើលមិនទាន់អស់»។
លោកស្រីបន្តថា កម្ពុជាគួរយកឱកាសនេះផ្សព្វផ្សាយឱ្យអស់លទ្ធភាព និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីរៀបចំនូវតំបន់ទេសចរណ៍និងផលិតផលទេសចរណ៍ឱ្យបានគ្រប់ទីផ្សារ។
យោងតាមស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលបានអ្នកទេសចរអន្តរជាតិចំនួនជាង ៥លាន ៤៥ម៉ឺននាក់ ដែលកើនឡើងចំនួន ១៣៩,៥% ចំណែកទេសចរជាតិមានចំនួនជាង ១៨ លាន ៧៤ ម៉ឺននាក់ បានកើនឡើង ៣៤,៥%៕