ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាសអំពីការបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេសរបស់ខ្លួនត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខ ដោយសារបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយវិបត្តិជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ដល់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។
សេចក្តីដដែលបន្តថា៖ «ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤»។
គួរកត់សម្គាល់ផងដែរថា ភ្នំពេញប៉ុស្តិ៍ គឺជាកាសែតវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជាដែលបានបោះពុម្ពលើកទីមួយតាំងពីឆ្នាំ១៩៩២។ អ្នកអានកាសែតនេះ មានទាំងជនបរទេស និងពលរដ្ឋកម្ពុជារាប់ពាន់នាក់ និងមានអ្នក subscribe មកពី35ប្រទេសជុំវិញពិភពលោកផងដែរ៕