ភ្នំពេញ៖ គោលបំណងសំខាន់របស់និស្សិតភាគច្រើន គឺរំពឹងថាក្រោយពេលទទួលបានការសិក្សារៀនសូត្រច្រើន និស្សិតទាំងនោះនឹងទទួលបានការងារល្អ និងប្រាក់ខែខ្ពស់ ជាពិសេស ពួកគេចង់បានការងារដែលខ្លួនស្រឡាញ់ និងអាចយកជំនាញដែលខ្លួនបានរៀនសូត្រកន្លងមកយកទៅប្រើប្រាស់ក្នុងវិស័យការងារ។ និស្សិតទាំងនោះ សង្ឃឹមថាពួកគេនឹងមានលទ្ធភាពចិញ្ចឹមខ្លួនឯង មានភាពជាម្ចាស់ការ និងក្លាយជាបង្គោលដែលអាចផ្គត់ផ្គង់គ្រួសារ។
Newsroom Cambodia បានសម្ភាសនិស្សិតមួយចំនួនមកពីភ្នំពេញ និងបណ្ដាខេត្តនានាក្នុងប្រទេសដែលកំពុងបន្ដការសិក្សា និងរស់នៅរាជធានីភ្នំពេញ អំពីការយល់ឃើញទៅលើទីផ្សារការងារនៅកម្ពុជាក្រោយបញ្ចប់ការសិក្សា។
លោក សូត្រ សំបូរ អាយុ ២០ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ លើកឡើងថាទីផ្សារការងារគឺមានសម្រាប់និស្សិតដែលខិតខំប្រឹងប្រែងរៀនសូត្រ និងបណ្ដុះបណ្តាលសមត្ថភាពរបស់ខ្លួនទៅលើជំនាញនីមួយៗដែលខ្លួនជ្រើសរើស។
លោកបញ្ជាក់ថា៖ «ប្រសិនបើយើងខិតខំប្រឹងប្រែងរៀនកាន់តែច្រើនឲ្យបានកាន់តែស៊ីជម្រៅ ជំនាញនឹងរត់មករកយើង ហើយសំខាន់យើងមានសមត្ថភាពធ្វើវាអត់»។
លោក សុខុម ច័ន្ទរិទ្ធ អាយុ ២៦ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេសជំនាញទំនាក់ទំនងវិជ្ជាជីវៈ(Professional Communication) លើកឡើងថា និស្សិតដែលបញ្ចប់ការសិក្សាត្រូវប្រឹងរកការងារតាមប្រព័ន្ធអនឡាញ ឬវេបសាយដែលបានបង្ហោះអំពីការងារទៅតាមផ្នែក ឬតួនាទីនីមួយៗដែលនិស្សិតចង់ធ្វើ។
លោកបញ្ជាក់ថា៖ «ភាគច្រើនលោក[ស្វែង]រក[ការងារ]តាមវេបសាយច្រើនជាងព្រោះដោយសារតែនៅតាមហាង ក្រុមហ៊ុន ស្ថាប័នផ្សេងៗ ភាគច្រើនទាល់តែយើងមានប្រវត្តិការងារនិងបទពិសោធន៍ការងារហើយ យើងអាចដាក់ប្រវិត្តរូបអីចឹងទៅ»។
លោកបន្ថែមថា៖ «លោកមានក្ដីបារម្ភច្រើនចំពោះទីផ្សារការងារនៅកម្ពុជាដោយសារមិនសូវមានភាពទូលំទូលាយហើយដោយសារប្រទេសយើងស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដល់ពេលចឹង គឺយើងព្យាយាម រកសង្វាសខ្លួនឯង ចឹងខ្ញុំគិតថាវាពិតហើយវាផ្ដល់ផលវិបាកសម្រាប់យើងនិងសម្រាប់ សិស្ស ផ្សេងៗ»។
កញ្ញា សន បញ្ញា អាយុ២០ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជាជំនាញគីមីចំណីអាហារ លើកឡើងពីទស្សនៈថាក្រោយពេលបញ្ជប់ការសិក្សាលើជំនាញដែលគាត់រៀនគឺមានទីផ្សារក្នុង [ស្រុក] ដោយសារកម្ពុជាត្រូវការអ្នកមានបទពិសោធក្នុងជំនាញកែច្នៃអាហារនិងនាំអាហារទៅក្រៅប្រទេស។
កញ្ញាប្រាប់ថា៖«ខ្ញុំគិតថាល្អសម្រាប់មុខវិជ្ជាខ្ញុំកំពុងរៀននិងដោយសារតែយើងត្រូវការកែច្នៃច្រើនខ្ញុំឥឡូវរៀនខាងគីមីចំណីអាហារ ចឹងហើយប្រទេសយើង ត្រូវការអ្នកដែលមានបទពិសោធ ក្នុងការធ្វើកែច្នៃផលិតផលក្នុងស្រុក។ ដើម្បីបម្រើការក្នុងស្រុកផង ដើម្បីនាំចេញផង ដោយសារខ្ញុំឃើញភាគច្រើននៅក្រៅស្រុកអត់មានផលិតផលខ្មែរប៉ុន្មានទេ»។
លោក ពឿន ប៉ូលីស អាយុ ២២ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស ជំនាញភាសាអង់គ្លេសលើកឡើងថា ទីផ្សារនៅកម្ពុជាមានភាពទូលំទូលាយ តែទាមទារឲ្យមានការកែសម្រួលឲ្យកាន់តែល្អប្រសើរជាងកាលពីមុន។ លោកបន្ដថា ទាក់ទងនឹងប្រាក់បៀវត្ស ប្រាក់កម្រៃនិងអត្តប្រយោជន៍ ដែលទទួលបានពីការងារគឺតិចតួចនៅឡើយ។ លោកបន្តថា សម្រាប់ទីផ្សារការងារមានការប្រកួតប្រជែងមិនស្មើគ្នា ប្រកាន់បក្សពួកច្រើន និងមិនផ្ដោតទៅលើសមត្ថភាពរបស់និស្សិតទេ។
លោកបញ្ជាក់ថា៖ «ទៅធ្វើការ គឺបានតែប្រាក់ខែតែប៉ុណ្ណឹងឯង អត់មានទាក់ទងនឹងការធានារ៉ាប់រងទៅលើសុខភាព ឬក៏ទៅលើគ្រួសាររបស់គាត់គឺអត់មានអីទាំងអស់»។
លោកបន្ថែមថា៖ «បើយើងចង់ធ្វើការនេះ ទាល់យើងស្គាល់គ្នា។ បើយើងអត់ស្គាល់គ្នាគឺថាកន្លែង នឹង គឺយើងអត់អាចចូលសោះម៉ង»។