ការងារស្ម័គ្រចិត្ត គឺជាការធ្វើកិច្ចការណាមួយដែលយើងពេញចិត្តធ្វើដោយខ្លួនឯង មិនគិតពីប្រាក់កម្រៃ ឬប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ ឬគំរាមកំហែង។ បន្ថែមពីនេះ ការងារស្ម័គ្រចិត្ត អាចជាការអនុវត្តដ៏ល្អមួយសម្រាប់និស្សិតកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ ដើម្បីទទួលបានបទពិសោធន៍ពីការងារស្ម័គ្រចិត្តនោះ ព្រមទាំងជួយរួមចំណែកជួយដល់សហគមន៍ និងសង្គមផងដែរ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ មកពីសាកលវិទ្យាល័យផ្សេងៗគ្នា អំពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងការងារស្ម័គ្រចិត្ត។
លោក តេង វឌ្ឍនា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ យល់ឃើញថាការងារស្ម័គ្រចិត្ត បានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងជួយខ្លួនឯង និងសង្គមជាតិ។
លោកនិយាយថា៖ «នៅពេលដែលយើងបានធ្វើការងារស្ម័គ្រចិត្ត ទីមួយគឺខ្លួនឯង ទទួលបានបទពិសោធន៍ច្រើនខ្លាំងមែនទែន ហើយក៏ដូចជាចំណេះដឹងថ្មីៗ ក៏ដូចជាយើងបានចូលរួមនៅក្នុងសង្គមអីផ្សេងៗ អញ្ចឹងទៅយើងបានដឹងថាសង្គមហ្នឹងមានការលូតលាស់យ៉ាងម៉េច»។
លោកបានបន្តទៀតថា៖ «នៅពេលដែលយើងបានធ្វើការងារស្ម័គ្រចិត្ត ហើយយើងចង់ Apply [ដាក់ពាក្យ] ការងារអីផ្សេងៗ ក៏វាជាអត្ថប្រយោជន៍ផងដែរ ដោយសារតែធម្មតា នៅពេលក្រុមហ៊ុនមួយដឹងថា យើងធ្លាប់បានធ្វើការងារស្ម័គ្រចិត្ត អញ្ចឹងយើងអាចមានអាទិភាពជាងគេ ហើយទទួលបានឱកាសការងារបានល្អប្រសើរជាងអ្នកដទៃផ្សេងទៀត»។
កញ្ញា ខម សុខៈ អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកឧស្សាហកម្មគីមី នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានយល់ឃើញថា ការងារស្ម័គ្រចិត្ត គឺល្អសម្រាប់យើង និងសង្គម។ ជាពិសេស ការងារស្ម័គ្រចិត្ត អាចផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងសង្គមបានច្រើនដូចជា ទំនាក់ទំនងក្នុងសង្គមជាដើម។
កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំ ការងារស្ម័គ្រចិត្ត យើងទទួលបានបទពិសោធន៍ច្រើន ជាពិសេសការទំនាក់ទំនងគ្នា ព្រោះនៅពេលយើងចូលរួមការងារស្ម័គ្រចិត្តម្តងៗ យើងបានស្គាល់គេស្គាល់ឯងដែលមកពីសាលាផ្សេងៗ ជំនាញផ្សេងៗ និងខេត្តផ្សេងៗគ្នា»។
កញ្ញាបានបន្ថែមទៀតថា៖ «ជាទូទៅការងារស្ម័គ្រចិត្ត តម្រូវឱ្យយើងរៀនធ្វើការងារជាក្រុម អញ្ចឹងពេលយើងចេញទៅធ្វើការទៅ យើងអត់អាចធ្វើការងារតែឯងបាននោះទេ យើងត្រូវចេះរៀនធ្វើការងារជាក្រុមឱ្យហើយ»។
លោក ហេង ហេវីន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការងារស្ម័គ្រចិត្តពិតជាមានសារៈប្រយោជន៍សម្រាប់បញ្ញវន្ត មិនថានៅកម្រិតវិទ្យាល័យ ឬសាកលវិទ្យាល័យ គឺទទួលបាននូវចំណេះដឹងពីសង្គម និងបរិបទការងារជាច្រើន។
លោកបន្ថែមថា៖ «នៅពេលរូបខ្ញុំបានចូលរួមជាមួយការងារស្ម័គ្រចិត្ត ធ្វើឱ្យខ្ញុំក្លាហានជាងមុន ហ៊ាននិយាយបញ្ចេញមតិ បូករួមផ្សំនឹងចំណេះដឹង កាលទេសៈដែលខ្ញុំអាចនិយាយបាន ថែមទាំងធ្វើឱ្យខ្ញុំជាមនុស្សម្នាក់ដែលអាចថាជួយ ឬក៏ពឹងពាក់លើខ្លួនឯងបាន និងចូលចំណោមជាមួយគេនៅក្នុងសង្គម»។
កញ្ញា សេង កុលនិស្ស័យ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ មកពីដេបាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេស (IFL) បាននិយាយថា តាមរយៈការងារស្ម័គ្រចិត្ត អាចផ្តល់ចំណេះដឹងជាច្រើនអំពីសង្គមខាងក្រៅ និងឱកាសក្នុងការអភិវឌ្ឍខ្លួន។
កញ្ញាធ្លាប់បានបង្កើតក្រុម និងស្វែងរកជំនួយឧបត្ថម្ភពីសប្បុរសជន មានទាំងថវិកា ឬសម្ភារៈសិក្សា ដើម្បីជួយក្មេងៗខ្វះខាតនៅតាមបណ្តាខេត្តដាច់ស្រយាល។
កញ្ញានិយាយថា៖ «វា[ការងារស្ម័គ្រចិត្ត] អាចឱ្យយើងហ្នឹង Improved communication skills (អភិវឌ្ឍជំនាញទំនាក់ទំនង) របស់យើង […] ហើយមួយទៀត ធ្វើឱ្យយើងចូលសង្គមឃើញថា អូហ៍អាលូវហ្នឹងដល់ណាហើយ ការអភវិឌ្ឍនៅតាមខេត្តដែលនៅតំបន់ដាច់ស្រយាលហ្នឹង វាដល់ណាដែរអញ្ចឹង»។
កញ្ញាបន្តថា៖ «ខ្ញុំគិតថា ប្រសិនណាជាយើងចូលរួមម្នាក់បន្តិចៗទៅ យើងនឹងមានភាពរីកចម្រើនទៅមុខបានច្រើន ហើយមិនចាំបាច់មានអីជាលក្ខណៈដុំកំភួនច្រើនទេ គ្រាន់តែថាឃើញអ្នក ខ្វះខាតអី យើងអាចជួុយ ឬក៏មានកម្មវិធីដូចសប្បុរសធម៌អីមួយ ដែលអាចជះឥទ្ធិពលទៅសង្គម យើងវិញបាន អាហ្នឹងយើងធ្វើទៅ»។
សម្រាប់លោក គិត រ៉ាយុទ្ធ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថាការងារស្ម័គ្រចិត្តធ្វើឱ្យពួកគេស្គាល់ពីខ្លួនឯង និងការងារបានច្បាស់លាស់។
លោកបន្តថា៖ «ចំពោះការងារស្ម័គ្រចិត្ត ខ្ញុំយល់ឃើញថាវាល្អ ព្រោះអីសម្រាប់ខ្ញុំអីចឹង ខ្ញុំមកពីខេត្តចឹង ខ្ញុំអត់មានអីច្បាស់លាស់នៅឡើយទេ ចឹងខ្ញុំចូលទៅខាងការងារស្ម័គ្រចិត្តច្រើន ចឹងទៅខ្ញុំដឹងពីការងារច្រើន ហើយណាមួយខ្ញុំបានជួយសង្គម ជួយសាលាអីចឹង»។
កញ្ញា សុង ឡូរី អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញថាការងារស្ម័គ្រចិត្តមានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ដើម្បីទទួលបានបទពិសោធន៍ល្អ ងាយស្រួលក្នុងការស្វែងរកការងារ និងចេះទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម។
កញ្ញាបន្តថា៖ «វាមាន Benifits (អត្ថប្រយោជន៍) ច្រើនសម្រាប់សិស្ស និស្សិត ឬក៏សិស្សដែលចប់ទី១២ ដែលធ្វើការស្ម័គ្រចិត្តរបៀបហ្នឹង យើងអាចធ្វើការបាន របៀបវាមានអាទិភាព ទៅលើការងារដែលយើងដាក់CV (ប្រវត្តិរូបសង្ខេប)ទៅ ហើយអាច get experience (ទទួលបទពិសោធន៍) ហើយនិងរបៀប Social interaction (ទំនាក់ទំនងក្នុងសង្គម) របស់យើងកាន់តែប្រសើរឡើង»។