រថយន្តដឹកភ្ញៀវទេសចរ៤៥កៅអី ១គ្រឿងបានផ្ទុះនៅចំណតរថយន្តមុខប្រាសាទអង្គរវត្តដោយសារបញ្ហាបច្ចេកទេស បណ្តាលឱ្យមនុស្ស២នាក់រងរបួស និងខូចខាតរថយន្តសរុប ៣គ្រឿង ដោយសារតែបញ្ហាបច្ចេកទេស។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានសី្តពីករណីឆេះផ្ទុះរថយន្តនៅក្នុងក្រុងសៀមរាប ចេញដោយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែមីនា បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ពេលវេលាម៉ោង៥ និង ៥០នាទីព្រឹក រថយន្តដឹកភ្ញៀវទេសចរប្រភេទ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3E-4674 ចតក្នុងចំណតរថយន្តវមុខប្រាសាទអង្គរវត្ត ក្រោយពេលបានទម្លាក់ភ្ញៀវទេសចរ ចូលមើលថ្ងៃរះក្នុងប្រាសាទអង្គរវត្ត បានឆេះផ្ទុះឡើង។
សេចក្តីប្រកាសព័ត៌មានដដែល បន្ថែមថា មូលហេតុនៃការឆេះផ្ទុះនេះ បណ្តាលមកពីលក្ខណៈបច្ចេកទេសរថយន្តផ្ទាល់ បណ្តាលឱ្យឆេះរាលដាលដល់រថយន្តចតក្បែរគ្នានេះ ចំនួន២គ្រឿងផ្សេងទៀត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់តាមន័យដើមថា៖ «ករណីគ្រោះថ្នាក់នេះ មិនបានបង្កឱ្យរងរបួសដល់ភ្ញៀវទេសចរនោះទេ ដោយបានបង្កការខូចខាតរថយន្តចំនួន៣គ្រឿង ក្នុងនោះរថយន្តប្រភេទ ៤៥កៅអី ២គ្រឿង រថយន្ត២៤កៅអី ១គ្រឿង និងបណ្តាលឱ្យរងរបួសមនុស្ស ២នាក់»។
រដ្ឋាបាលខេត្តសៀមរាប បានអំពាវនាវកុំឱ្យមានការភាន់ច្រលំ ឬការសន្និដ្ឋានណាមួយ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
គួរបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍សំខាន់របស់កម្ពុជា ហើយក្នុងដើមខែមករា ឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង២៦ម៉ីននាក់។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប ចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤៕