ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជិត១០នាក់នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ស្នើជួយអន្តរាគមន៍ឱ្យក្រុមហ៊ុនណាហ្គាវើលដ៍បង្វិលប្រាក់វិភាគទានសហជីពដែលបានបង្កកទៅឱ្យពួកគេវិញ និងស្នើខាងថៅកែបញ្ឈប់សកម្មភាពហៅសមាជិកសហជីពឱ្យលាលែងពីសហជីព។
អ្នកស្រី សុខ ស្រីនាត កូដករម្នាក់ដែលបានចូលរួមក្នុងការប្រមូលផ្តុំនោះ ប្រាប់ញូវស៍រូមខេមបូឌាថា ក្រុមកូដករនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ស្នើសុំឱ្យក្រសួងជួយអន្តរាគមន៍ទៅថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបង្វិលប្រាក់វិភាគទានសហជីពដែលបានបង្កកទៅឱ្យពួកគាត់វិញ និងស្នើឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពហៅសមាជិកសហជីពឱ្យលាលែងតំណែងពីសហជីព ព្រមទាំង ទទួលយកបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានបញ្ឈប់ទាំងអស់ឱ្យចូលធ្វើការវិញដោយគ្មានការរើសអើង និងគ្មានលក្ខខណ្ឌ។
លោកស្រីបន្ថែមថា៖ «ខ្ញុំយល់ស្របជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលថាថៅកែអាចបញ្ឈប់បុគ្គលិកបាន ប៉ុន្តែខ្ញុំស្នើសុំឱ្យ [ការបញ្ឈប់នោះ] ស្របតាមច្បាប់ការងារមាត្រាទី៩៥»។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលអង្គការសង់ត្រាល់ (CENTRAL) យល់ថា ការប្រើប្រាស់អំពើហិង្សាមានច្រើនទម្រង់ គ្រប់រូបភាព ក៏ប៉ុន្តែអ្នកប្រព្រឹត្តអំពើហិង្សាទាំងអស់នោះមិនត្រូវបានយកមកផ្តន្ទាទោស ស៊ើបអង្កេត ឬធ្វើការចោទប្រកាន់ណាមួយឡើយ។
លោកថ្លែងថា៖ «ទោះបីជាករណីក្រុមហ៊ុនហ្នឹង [ក្រុមហ៊ុនណាហ្កាវើលដ៏] រកឃើញមានរំលោភសិទ្ធិការងារធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែមិនមានវិធានការណាជាក់លាក់ដើម្បីជំរុញការដាក់សម្ពាធទៅលើនយោជកឱ្យគាត់មានការដោះស្រាយបញ្ហាវិវាទដែលកើតមានដែលបានអូសបន្លាយពេលជិត ៣ឆ្នាំកន្លងមក»។
លោក អ៊ន កត្តា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា តាមនីតិវិធីដោះស្រាយវិវាទការងារតាមច្បាប់ការងារ ក្រសួងបានប្រឹងប្រែងដោះស្រាយករណីនេះ ប៉ុន្តែលោកថា ករណីនេះបានផុតសមត្ថកិច្ចក្រសួងការងារ ហើយ ភាគីអាចប្តឹងទៅតុលាការបាន។ ទោះយ៉ាងណាលោកថា ក្រសួងបានទទួលលិខិតចំហរ និងបានជូនលិខិតដល់គណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា ដើម្បីពិនិត្យខ្លឹមសារ សំណើសុំ អង្គហេតុ និងអង្គច្បាប់ចំពោះករណីនេះ។
លោកបញ្ជាក់ថា៖ «កន្លងមកក្រសួងបានប្រឹងប្រែងសម្របសម្រួលដោះស្រាយវិវាទតាមយន្តការដោះស្រាយវិវាទតាមច្បាប់ការងារចំនួន២លើក និងបានបញ្ជូនករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់រួចហើយ។ បងប្អូនមិនអនុវត្តតាមសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល ចេញធ្វើការតវ៉ាជារូបភាព បាតុកម្ម និងកូដកម្ម»។
លោកបន្ថែមថា យន្តការគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញាអាចបន្តសម្រុះសម្រួលបាន នៅពេលមានការស្នើសុំពីភាគីទាំងពីរ ដែលភាគីមានវឌ្ឍនភាពចង់បញ្ចប់ជំលោះ។
ក្រុមកូដករសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មអស់រយៈពេលជាងពីរឆ្នាំមកហើយ ពាក់ព័ន្ធនឹងវិវាទការងារដែលពួកគេចោទក្រុមហ៊ុនថា បានបញ្ឈប់បុគ្គលិកជាងមួយពាន់នាក់ និងការមិនទូទាត់សំណងសមស្របតាមច្បាប់ការងារ។ ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុននេះ យ៉ាងហោចណាស់៩នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងការធ្វើកូដកម្ម ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១៕