អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូបានផ្សាយថា កងកម្លាំងបានប្រើប្រាស់អាវុធ និងចាប់ខ្លួនអ្នកភូមិមួយចំនួនអំឡុងពេលប៉ះទង្គិចគ្នាក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយក្នុងខេត្តព្រះវិហារ។
យោងតាមអត្ថបទខ្លីរបស់អង្គការលីកាដូចេញផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា អ្នកភូមិមួយ ចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ដោយមិនទាន់ដឹងអំពីទីតាំងជាក់លាក់នៃការឃុំខ្លួននៅឡើយ។ លីកាដូបន្តថា អ្នកភូមិមួយចំនួនបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បានចូលទៅក្នុងតំបន់ជម្លោះនោះតាំងពីមុនពេលទៀបភ្លឺ ហើយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ។
ក្នុងអត្ថបទខ្លីរបស់អង្គការលីកាដូដដែលបន្ថែមតាមន័យដើមថា៖ «ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិរបស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំងនោះ អាចនឹងត្រូវបានកងកម្លាំងទាំងនោះបណ្តេញចេញដោយបង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នាទាមទារឱ្យកងកម្លាំង និងអាជ្ញាធរទាំងនោះចាកចេញពីតំបន់នោះ។ សកម្មភាពប្រឈមមុខដាក់គ្នានេះត្រូវបានអ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំង ប្រដាប់អាវុធបាញ់គ្រាប់កាំភ្លើងពិតជាច្រើនដង និងមានការប្រើប្រាស់គ្រាប់បែកផ្សែងផងដែរ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូយល់ឃើញថា នេះជាករណីទី១ក្នុងឆ្នាំ២០២៤ និងជាករណីដំបូងក្នុងរដ្ឋាភិបាលអាណត្តិថ្មីដែលមានការផ្ទុះអាវុធក្នុងករណីជម្លោះដីធ្លី ដែលបានកើតឡើងនៅស្រុកគូលែន ខេត្តព្រះវិហារ។
លោកបញ្ជាក់ថា៖ «នៅក្នុងយុគ្គសម័យនេះហើយ មិនគួរមានការផ្ទុះអាវុធក្នុងករណីទំនាស់ដីធ្លីទេ ប្រសិនបើពិនិត្យមើលទៅស្ថានភាព ឬស្ថានការណ៍អនុវត្តរបស់កងកម្លាំងអាចឈានដល់មានកាផ្ទុះអាវុធ អ្នកដឹកនាំក្រុមការងារកងកំលាំងអនុវត្ត ឬអាជ្ញាធរពាក់ព័ន្ធគួរពិចារណាក្នុងការដកឃ្លា ដើម្បីរកដំណោះស្រាយ ឬយុទ្ធសាស្រ្តដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសអំពើហិង្សា ឬការផ្ទុះអាវុធ ដែលនាំឱ្យមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងបង្កព្យសនកម្មធន់ធ្ងរ»។
ឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងខេត្តព្រះវិហារ បានចុចបិទទូរស័ព្ទពេល Newsroom Cambodia កំពុងណែនាំខ្លួន។
ឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងខេត្តព្រះវិហារម្នាក់ទៀតប្រាប់ Newsroom Cambodia ថា លោកមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំប្រចាំការនៅកន្លែង អ៊ីចឹងគេចុះធ្វើឆ្ងាយពីកន្លែងខ្ញុំធ្វើការ។ ព័ត៌មានហ្នឹងខ្ញុំមិនទាន់បានគ្រប់ជុំទេដល់ម៉ោងនឹង។ អត់ទាន់បានក្ដាប់បានថាវាម៉េចទេ ព្រោះអីឆ្ងាយពីខេត្ត ឆ្ងាយណាស់ ប្រហែលជា២០០គីឡូពីកន្លែងខ្ញុំធ្វើការ អត់ទាន់ដឹងថាខាងហ្នុងវាលទ្ធផលយ៉ាងម៉េចទេ»។
បើតាមអង្គការលីកាដូ ជម្លោះដីធ្លីនេះកើតមានឡើងរវាងក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី និងពលរដ្ឋ ជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិម្រេច ភូមិស្រយ៉ង់ត្បូង និងភូមិក្តាក់ ហើយ និងពលរដ្ឋមួយចំនួនទៀតដែលទើបមកតាំងទីលំនៅនៅក្នុងតំបន់នោះ៕