ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ចំនួន៦២ ស្នើអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឱ្យអង្គការសមាគមធាងត្នោត បន្តតាំងពិព័រណ៍រូបថតឡើងវិញ ដោយគ្មានការរំខាន។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ភោជនីយដ្ឋានសួនចំប៉ី បញ្ឈប់ និងរុះរើពិព័រណ៍រូបថត ក្រោមប្រធានបទ «ផ្ទះ និងជីវិត» ដែលរៀបចំដោយអង្គការសមាគមធាងត្នោត ដោយមិនបានជូនដំណឹងជាមុន និងបញ្ជាក់ពីមូលហេតុ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពី ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ទាំង៦២ បានបង្ហាញនូវការសោកស្តាយ និងខកចិត្តចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋាន ដែលបានបញ្ជាឱ្យបញ្ឈប់ការតាំងពិព័រណ៍នេះ។
សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា៖ «ការបញ្ឈប់ និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតខាងលើ ដោយមិនបានជូនដំណឹង និងប្រាប់ពីមូលហេតុជាក់លាក់នេះ គឺជាការរំលោភយ៉ាងច្បាស់ មកលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ និងជាសកម្មភាពដែលមិនផ្តល់តម្លៃចំពោះសិល្បៈ […] យើងខ្ញុំសោកស្តាយជាខ្លាំង ចំពោះការបន្តបង្ក្រាប និងបំបិទសិទិ្ធដោយមិនត្រឹមត្រូវបែបនេះមកលើសកម្មភាព ឬទម្រង់សិល្បៈមួយ ដែលជាសេរីភាពក្នុងការបញ្ចេញមតិ»។
សេចក្តីថ្លែងការណ៍រួមដដែល ក៏បានអំពាវនាវឱ្យអាជ្ញាធរអនុញ្ញាតឱ្យបន្តពិព័រណ៍រូបថតឡើងវិញដោយគ្មានការរំខាន និងស្នើឱ្យក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរមូលដ្ឋាននៅទីតាំងផ្សេងៗទៀត ដើម្បីធានាថាសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ មិនត្រូវបានអាជ្ញាធររឹតត្បិត ជាពិសេសរឿងដូចគ្នានេះ ឬប្រហាក់ប្រហែលនេះ នឹងមិនមានកើតមាននៅពេលក្រោយទៀតទេ។
អង្គការ សមាគម សហជីព និងសហគមន៍ទាំង៦២ដែលបានចេញសេចក្តីថ្លែងការណ៍រួមនោះ មានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសមាគមធាងត្នោត សមាគមបណ្តាញយុវជនកម្ពុជា អង្គការសមធម៌កម្ពុជា អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស ជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ ដោយសារសង្គមស៊ីវិលមានការសោកស្តាយ និងយល់ថាសកម្មភាពរបស់អាជ្ញាធរមួយចំនួននៅសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានរំលោភលើគោលការណ៍សិទ្ធិមនុស្ស ដោយរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងឯកជនភាព ដែលធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ។
បើតាម លោក អំ សំអាត ការតាំងពិព័រណ៍រូបភាពរបស់អង្គការសមាគមធាងត្នោតនេះ បានធ្វើឡើងនៅទីកន្លែងឯកជន ដែលមានការព្រមព្រៀងរវាងម្ចាស់ទីតាំង និងអង្គការសមាគមធាងត្នោត ដែលមិនបាច់ឱ្យមានការជូនដំណឹងទៅអាជ្ញាធរជាមុន ដូចការធ្វើនៅទីសាធារណៈនោះទេ។ លោកថា ការតាំងពិព័រណ៍រូបភាពនេះទៀតសោធ ជាការបញ្ចេញមតិរបស់សហគមន៍ក្រីក្រដែលពួកគាត់កំពុងជួបប្រទះ និងសុំការជួយពីរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ទៅលើបញ្ហារបស់ពួកគាត់។
លោកបន្ថែមថា៖ «ដើម្បីលើកកម្ពស់លើសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដូច្នេះអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវគារពតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ បទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជា បានទទួលស្គាល់ និងផ្តល់សច្ចាប័ន […] សង្គមស៊ីវិលសង្ឃឹមថា អាជ្ញាធរមួយចំនួនដែលបានធ្វើសកម្មភាពមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដូចករណីនេះ និងសិទ្ធិឯកជនភាព នឹងមិនកើតមានទៀតទេ»។
ចំណែក ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ រំពឹងថា ក្រសួងមហាផ្ទៃ នឹងធ្វើការឆ្លើយតបជាវិជ្ជមានមកកាន់ក្រុមសង្គមស៊ីវិលចំពោះករណីនេះ។
លោកថ្លែងថា៖ «ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី ដោយមានការគិតគូរអំពីការដឹកនាំបែបថ្មី ដែលគោរពទៅតាមច្បាប់ និងមួយរយៈការចុងក្រោយនេះ យើងឃើញថា ថ្នាក់ដឹកនាំបានធ្វើការកែទម្រង់ច្រើន រួមមាន ការចេញបទដ្ឋានគតិយុត្ត ការដាស់តឿនដល់មន្ត្រីថ្នាក់ក្រោម និងការកាត់សាច់ស្អុយចេញ ដូច្នេះយើងពិតជាមានការរំពឹងទុកខ្ពស់ថា ថ្នាក់ដឹកនាំក្រសួងនឹងមានការគិតគូរ និងមានការឆ្លើយតបជាវិជ្ជមានមកកាន់សង្គមស៊ីវិល និងសាធារណៈអំពីរឿងនេះ»។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថា ក្រសួងនៅមិនទាន់ឃើញលិខិតពីអង្គការសមាគមធាងត្នោត ដែលស្នើសុំកិច្ចអន្តរាគមន៍លើរឿងនេះនៅឡើយ។
លោកថា៖ «ខ្ញុំខាងក្រសួងមហាផ្ទៃ ដូចជាមិនទាន់មានលិខិតស្នាមជាផ្លូវការ ឬខ្ញុំចន្លោះប្រហោងណាមួយ មិនឃើញលិខិតពីសមាគមធាងត្នោត ស្នើសុំអន្តរាគមន៍ណាមួយពីថ្នាក់ក្រសួងនោះទេ»។
ចំណែក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ថា ការបញ្ឈប់ និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតនេះ មិនមែនអាជ្ញាធរជាអ្នកបិទនោះទេ។
លោកថ្លែងថា៖ «រឿងហ្នឹងដដែលៗ ដែលខ្ញុំធ្លាប់ប្រាប់មួយសារហើយ រឿងធ្វើសិក្ខាសាលាយើងមិនទៅសួរនាំឯណា? ទី១ ហើយទី២ ទាក់ទងទីតាំងនោះ គឺម្ចាស់ដែលគេជួលគេឱ្យរើចេញ ស្ថិតនៅលើម្ចាស់ទីតាំង»។ បើតាមអង្គការសមាគមធាងត្នោត ការតាំងពិព័រណ៍រូបថតនោះ ធ្វើឡើងក្នុងគោលបំណងនាំយកទុក្ខកង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ។ ប្រភពដដែលបន្តថា ការតាំងពិព័រណ៍រូបថតនេះ គ្រោងបើកឱ្យចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី នៅផ្លូវលេខ៣៥១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប៉ុន្តែត្រូវអាក់ខានទៅវិញ ដោយសារម្ចាស់ទីតាំងនៅភោជនីយដ្ឋានសួនចំប៉ី ប្រាប់ថា អាជ្ញាធរមូលដ្ឋានបានតម្រូវឱ្យបញ្ឈប់ការដាក់តាំង និងរុះរើរូបថតដែលបានដាក់បង្ហាញក្នុងពិព័រណ៍នោះ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ៕