ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និងសម្អាតប្រាក់។
អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ដោយផ្អែកតាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
យោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងការពិចារណាលើអង្គហេតុ និងអង្គច្បាប់រួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។
ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា និងជាអគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន អាយុ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្ត។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះដែរ ប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ក៏បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា នេះផងដែរ។
លោក នួន នឿត អះអាងថាជាជនរងគ្រោះពីការឆបោករបស់ក្រុមអ្នកស្រីឡេង ចាន់ណា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់តុលាការទៅលើជនត្រូវចោទទាំង៣រូប។ ប៉ុន្តែលោកថា អាជ្ញាធរមានសមត្ថកិច្ច គួរតែមានចំណាត់ការច្បាប់ទៅលើបក្ខពួកឆបោកទាំងអស់នៅក្នុងក្រុមរបស់ ឧកញ៉ា ឡេង ចាន់ណា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកថា៖ «បើយើងឃាត់ខ្លួនចឹងក៏ល្អដែរ ព្រោះត្រូវឃាត់ខ្លួនទាំង ២៥នាក់ទៀត[សមាជិកឆបោក]នោះដែរ ព្រោះអា ២៥នាក់នោះ ក៏ទាក់ទងនឹងរឿងហ្នឹងដែរ»។
បើតាម លោក នួន នឿត គឺរូបលោកបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍តាំងពីឆ្នាំ២០២២ ហើយការដាក់វិនិយោគនេះធ្វើឡើង៣ដំណាក់កាល ដោយលោកបានខាតបង់ទឹកប្រាក់សរុបចំនួន ៥ ៥០០០ដុល្លារ។
លោកបានសំណូមពរដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចរឹបអូសទ្រព្យសម្បត្តិរបស់អ្នកស្រី ឡេង ចាន់ណា មកដោះស្រាយជូនពលរដ្ឋទាំងអស់ដែលរងគ្រោះពីការឆបោកនេះ ទោះជាមិនបានប្រាក់ការដែលក្រុមឧកញ៉ា ឡេង ចាន់ណា ធានាផ្តល់ជូនក៏ដោយ តែលោកចង់បាននូវសំណងប្រាក់ដើមរបស់លោកមកវិញ។
លោកបន្ថែមថា៖ «អចលនទ្រព្យដែលគាត់ [ឧកញ៉ា ឡេង ចាន់ណា] ទិញគាត់ធ្វើអីៗទាំងអស់ប៉ុន្មានហ្នឹង តើមានប៉ុន្មាននៅក្នុងខ្លួនគាត់ ដែលលុយកាក់គាត់អីនៅកន្លែងណាខ្លះហ្នឹង ឃាត់ខ្លួនគាត់ដើម្បីចង់ឱ្យគាត់ហ្នឹងរកដំណោះស្រាយឱ្យយើងហ្នឹងឯង។ តើមានអ្វីខ្លះដែលត្រូវដោះស្រាយជូនប្រជាជនដែលគ្នាកំពុងរង់ចាំយូរហើយ ទាំងគេទាំងខ្ញុំ»។
ចំណែក ជនរងគ្រោះពីការឆបោកម្នាក់ទៀត អ្នកស្រី លន់ ស៊ីថា មានប្រសាសន៍ស្រដៀងគ្នានេះដែរថា ក្រៅពីការចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកហើយ អ្នកស្រីចង់ឱ្យមានការបើកបង្ហាញទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ចាន់ណា ជាសាធារណៈ និងលក់ទ្រព្យសម្បត្តិទាំងនោះ ដើម្បីជាសំណងជូនពលរដ្ឋរងគ្រោះវិញ។
អ្នកស្រីថា៖ «ដំណោះស្រាយជូនពួកខ្ញុំ ក្រោយពីការឃាត់ខ្លួនហើយគឺបើកបង្ហាញពីទ្រព្យសម្បត្តិដែលយកលុយពីពួកយើងទៅទិញទាំងប៉ុន្មានដាក់លើតុ ហើយលក់ទៅ ឡៃឡុងទៅ បានប៉ុន្មានយកមកចែកពួកយើងខ្លះៗមក កុំឱ្យអត់ឈឹងចឹង […] ខ្ញុំចង់បានលុយខ្លះៗយកមកដោះស្រាយជីវភាព ព្រោះយើងជំពាក់លុយធនាគារ ខ្ញុំប្រហែល ២៨០០(ដុល្លារ) បង់ធនាគារ ចឹងបើឱ្យគ្រាន់តែគាត់ជាប់ទោសជាប់ទណ្ឌទៅ ពួកយើងអត់មានបានលុយសោះ ពួកខ្ញុំអត់ចង់បានចឹងទេ ចង់បានដំណោះស្រាយឱ្យបានលុយខ្លះមកវិញ»។
នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ដំណើរការបន្ទាប់ពីការចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្នទៅលើឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកហើយ តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច គួរតែមានការប្រមូលទ្រព្យសម្បត្តិរបស់ជនត្រូវចោទ សងត្រឡប់ទៅប្រជាពលរដ្ឋរងគ្រោះវិញ។
លោកថា៖ «ទាក់ទងនឹងបញ្ហាលុយកាក់ ឬក៏ការឆបោកទាំងអស់ហ្នឹងតុលាការគេអាចពិនិត្រមើលចុងក្រោយទៅលើការលក់ឡៃឡុង ទៅលើទ្រព្យសម្បត្តិ ទៅលើអចលនទ្រព្យ ដើម្បីសងទៅប្រជាពលរដ្ឋ ប៉ុន្តែអាហ្នឹងវាទាល់តែមានការស៊ើបអង្កេតប្រមូលភស្តុតាងអំពីទ្រព្យសម្បត្តិរបស់ ឧកញ៉ា ឡេង ចាន់ណា»៕