អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការឡើងទស្សនាប្រាសាទប្រាង្គ ឬប្រាសាទធំក្នុងតំបន់កោះកេរ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជួសជុលជណ្តើរឈើចាស់ទ្រុឌទ្រោមរយៈពេល១៧ថ្ងៃ។
យោងតាមសេចក្តីជូនដំណឹងសី្តពី «ការផ្អាកជាបណ្តោះអាសន្នការឡើងទស្សនាប្រាសាទប្រាង្គនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ» ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារកំពុងជួសជុលជណ្តើរឈើឡើងលើប្រាសាទប្រាង្គ ឬប្រាសាទធំ ដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីសុវត្ថិភាពភ្ញៀវទេសចរមកទស្សនាលើប្រាសាទ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា អាជ្ញាធរជាតិព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្នការឡើងទស្សនាប្រាសាទប្រាង្គ ចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី៧ ចាប់ពីថ្ងៃទី ២០ មីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ខាងមុននេះ។
អាជ្ញាធរជាតិព្រះវិហារបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា៖ «ក្រុមការងារបានជួសជុលជជណ្តើរថ្នាក់ទី១ ដល់ថ្នាក់ទី៤ រួចរាល់ ដោយឡែកចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី៧ ដោយទីតាំងមិនអំណោយផលសម្រាប់ការរៀបចំជណ្តើរចល័តសម្រួលដល់ការទស្សនាជូនភ្ញៀវ»។
ប្រាសាទប្រាង្គ មានរាងជាពីរ៉ាមីត៧ជាន់ កម្ពស់៣៥ម៉ែត្រស្ថិតក្នុងខេត្តព្រះវិហារ។ ប្រាសាទនេះបានចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕