រដ្ឋមន្រ្តីក្រសួងអប់រំកាលពីថ្ងៃចន្ទបញ្ជាក់ថា ក្នុងអំឡុងការបិទសាលាដោយសារជំងឺកូវីដ១៩ សិស្សប្រមាណជា៣០ភាគរយ នៃសិស្សជាងបីលាននាក់ មិនបានសិក្សា និង៧០ភាគរយទៀតបានសិក្សាតាមអនឡាញ និងស្វ័យសិក្សា តែមិនពេញលេញ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីព្រឹកថ្ងៃទី២២ មិថុនា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា ក្នុងចំណោមសិស្សជាង៣លាននាក់ មានសិស្សប្រមាណជា៣០ភាគរយបានរៀនតាមអនឡាញ និង៣០ភាគរយទៀតរៀនតាមទូរទស្សន៍ និងប្រមាណជា១០ភាគរយទៀតរៀនជាមួយមិត្តភក្តិ ឬស្វ័យសិក្សា។
លោកមានប្រសាសន៏ថា៖ «ប្រទេសកម្ពុជាមានប្រជាជន១៦លាននាក់ ចំនួនសិស្សបច្ចុប្បន្នមានប្រហែល៣លាននាក់ ប៉ុន្តែចំនួនសិស្សដែលមានទូរស័ព្ទSmart Phone មានប្រហែលជា៣០%ដែលអាចមានលទ្ធភាពក្នុងការប្រើប្រាស់សេវាអ៊ីនធើណិត ចំណែក៧០%ទៀតជាសិស្សដែលអត់មានទូរស័ព្ទដៃ»។
លោកបន្ថែមថា៖ «អ្នកដែលអត់មានទូរស័ព្ទដៃ ពួកគេអាចរៀនជាមួយសិស្សណាដែលមានទូរស័ព្ទដៃ គឺសិស្សពូកែ បង្រៀនសិស្សមិនពូកែហើយគ្រូចុះជួយសម្របសម្រួល ឬអាចរៀនតាមសៀវភៅដោយខ្លួនឯង ដែលហៅថារៀនតាមប្រពៃណី ឬស្វ័យសិក្សា»
ទោះបីជាយ៉ាងណាលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ការរៀនតាមប្រព័ន្ធទាំងនេះមិនបានពេញលេញនៅឡើយ ដោយសារប្រព័ន្ធឌីជីថលនៅកម្ពុជាដើរយឺតជាងប្រទេសដែលជឿនលឿនដល់ទៅ១០ឆ្នាំ។
លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា៖ «ចំពោះការប្រលងបាក់ឌុប ប្រសិនជាសាលាឯកជនដែលមានលទ្ធភាព ឬស្តង់ដារគ្រប់គ្រាន់ គឺអាចបញ្ចប់ការប្រលងបាក់ឌុបបាននៅខែសីហានេះ ដោយឡែកសាលាឯកជនធម្មតា និងសាលារដ្ឋ ក្រសូងមិនបានកំណត់ថានឹងប្រលងបាក់ឌុបថ្ងៃណាឱ្យប្រាកដទេ ហើយក្រសួងបានទុករយៈពេល៤ទៅ៥ខែបន្ទាប់ពីបើកសាលា»។
លោក ហង់ ជួនណារ៉ុនបានបន្ថែមថា ក្រសួងអប់រំនឹងជំរុញបន្ថែមទៀតក្នុងការប្រមូលទិន្នន័យសិស្សដែលអត់ទទួលបានសេវាកម្មអប់រំតាមអនឡាញ ឬស្វ័យសិក្សា និងកែប្រែ អភិវឌ្ឍន៍ប្រព័ន្ធសិក្សាឌីជីថលឱ្យទូលំលាយ។
អ្នកគ្រូ ស្រី និមិត្ត បង្រៀនមុខវិទ្យាភូមិវិទ្យាថ្នាក់ទី១២នៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ មានប្រសាសន៍ថា ចាប់តាំងពីមានការបិទសាលា រាល់ថ្ងៃអ្នកគ្រូបង្រៀនសិស្សតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាតាមកម្មវិធី Telegram និង Messenger ជាដើម។ អ្នកគ្រូបន្ថែមថា សិស្សរៀននៅក្នុងថ្នាក់មានប្រហែលជា៤០នាក់ទៅ៥០នាក់ ប៉ុន្តែពេលរៀនតាមប្រព័ន្ធអនឡាញមានវត្តមានសិស្សតែ២០ទៅ៣០នាក់ប៉ុណ្ណោះ។
អ្នកគ្រូបញ្ជាក់ថា៖ «គ្រូម្នាក់បង្រៀនតែកន្លះម៉ោងប៉ុណ្ណោះក្នុងមួយមុខវិជ្ជាតាមកម្មវិធី Zoom ប៉ុន្តែខ្ញុំមិនដែលបង្រៀនតាម Zoom ទេភាគច្រើនបង្រៀនតាម Telegram ឆាតជាសំលេង និងប្រាប់ទំព័រមេរៀនឱ្យសិស្ស ព្រោះសំនួរសុទ្ធតែចេញក្នុងសៀវភៅ»។
អ្នកគ្រូបន្ថែមថា សិស្សស្ទើតែពាក់កណ្តាលទៀតដែលមិនមានវត្តមានក្នុងការរៀនតាមប្រព័ន្ធអនឡាញ គឺមួយចំនួនគាត់ត្រលប់ទៅស្រុកកំណើត មួយចំនួនទៀតពិបាកក្នុងការប្រើប្រព័ន្ធអ៊ីនធឺណិត និងមួយចំនួនទៀតខ្ជិលចូលរៀន។
អ្នកគ្រូបន្ថែមថា អ្នកគ្រូ និងនាយកសាលាបាននិងកំពុងព្យាយាមទាក់ទងតាមលេខទូរស័ព្ទទៅសិស្សដែលមិនបានរៀន ប៉ុន្តែអ្នកខ្លះទូរស័ព្ទមិនចូល និងមួយចំនួនទៀតពិបាកទាក់ទង។
កញ្ញា ច័ន្ទ បូរណ៌មី ជាសិស្សរៀនថ្នាក់ទី១១នៃវិទ្យាល័យព្រះស៊ីសុវត្ថិនិយាយថា ក្នុងមួយថ្ងៃកញ្ញារៀនតាមអនឡាញពី៣ទៅ៤ម៉ោង និងពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៏ ចាប់ពីម៉ោង៧ ទៅម៉ោង១១។ កញ្ញាបន្តថា កញ្ញារៀនតាមកម្មវិធី Zoom ហើយផ្ញើឯកសារ ឬមេរៀនតាមរយៈការថតផ្ញើទៅគ្រូតាម Telegram ឬ Messenger។ កញ្ញាបន្ថែមថា កញ្ញាចង់មករៀននៅសាលាផ្ទាល់ ព្រោះងាយយល់ និងឆាប់ចាប់បាន ចំណែកការរៀនតាមអនឡាញពិបាកដោយសារបញ្ហាអ៊ីនធឺណិតដើរយឺតខ្លាំង និងពិបាកសួរសំណួរទៅគ្រូ។
ស្រដៀងគ្នានេះ កញ្ញា ជិន បូរាមីយ៏ និស្សិតគណនេយ្យឆ្នាំទី២នៅវិទ្យាស្ថានវ៉ាន់ដា លើកឡើងថា ការរៀនតាមអនឡាញពិបាកក្នុងការសួរ ដោយសារត្រូវរងចាំរហូតដល់ចប់វីដេអូមេរៀនទើបអាចសួរបាន។
កញ្ញាបញ្ជាក់ថា៖ «បើរៀនតាមអនឡាញបន្តទៀតមិនអាចទទួលយកបានទេ ដោយសារតែពិបាកក្នុងការយល់»។
ចាប់តាំងពីខែមីនាមក ក្រសួងសុខាអប់រំបានប្រកាសឲ្យគ្រប់គ្រឹះស្ថានអប់រំទាំងអស់បិទទ្វារបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដដែលបាននិងកំពុងកើតមាននៅកម្ពុជា។ ក្រសួងអប់រំក៏បានដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការបង្កើតជាវីដេអូបង្រៀន និងបង្ហោះលើបណ្តាញសង្គម។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានប្រសាសន៍ថា ការបង្រៀនពីចម្ងាយមិនសូវមានប្រសិទ្ធភាពសម្រាប់សិស្សនោះទេ។ អ្នកស្រីថា គ្រូនៅតាមជនបទមួយចំនួនពិបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេសគ្រូមានវ័យចំណាស់ ចំណែកសិស្សមួយចំនួនពិបាករៀនដោយសារអ៊ីនធឺណិតយឺត និងមួយចំនួនទៀតខ្វះខាតថវិការដើម្បីទិញឧបករណ័ និងអ៊ីនធឺណិតដើម្បីរៀន។
លោកស្រីបញ្ជាក់ថា៖ «រាល់ដងមិនសូវដែលមានអ្នកជំនាញចុះមកបណ្តុះបណ្តាលគ្រូបង្រៀនទេ ហើយនៅពេលដែលមកអ្នកជំនាញចុះមកបណ្តុះបណ្តាលម្តងៗគឺតម្រូវឱ្យតែតំណាងនាយកសាលា ឬនាយិកាទៅបណ្តុះបណ្តាលប៉ុណ្ណោះ ដូច្នេះពិបាកក្នុងការផ្ទេរវិធីសាស្ត្រ ឬចំណេះដឹងទៅគ្រូបង្រៀនមិនបានគ្រប់ជ្រុងជ្រោយនៅឡើយ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ ជំរុញឲ្យរដ្ឋាភិបាលបើកសាលារៀនឡើងវិញដើម្បីឲ្យសិស្សបានរៀនក្នុងថ្នាក់ ប៉ុន្តែត្រូវរក្សាគម្លាត និងអនាម័យជាប់ជានិច្ច ជៀសវាងសិស្សឈប់កាន់តែយូរកាន់តែមានការធុញថប់ ដែលអាចឈានដល់ការបោះបង់ការសិក្សា។
លោកស្រីបន្ថែមថា៖ «ទោះបីជាមិនទាន់មានកូវីដក៏ដោយ ជាពិសេសនៅតាមជនបទ ឱ្យតែគាត់ជួបបញ្ហាក្នុងគ្រួសារ ឬប្រាក់ចំណូលក្នុងក្រុមគ្រួសារ សិស្សានុសិស្សគឺគាត់ងាយក្នុងការបោះបង់ចោលការសិក្សា។ ហើយជាពិសេសកំឡុងពេលកូវីដ១៩នេះទៀត ជីវភាពរបស់គាត់រឹតតែដុនដាបជាងមុន ដែលជាហេតុធ្វើឱ្យសិស្សមួយចំនួនធំដែលនៅតាមជនបទបោះបង់ការសិក្សា ទាំងវ័យក្មេង ហើយងាកមកជួយធ្វើការឪពុកម្តាយដើម្បីរកប្រាក់ចិញ្ចឹមជីវិត»។
ចាប់តាំងពីក្រសួងអប់រំប្រកាសបិទសាលារៀន និងស្ថាប័នអបរំដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ សាលារៀនទាំងរដ្ឋ និងឯកជនជាង១៥,០០០បានបិទទ្វារផ្អាកការបង្រៀន បណ្តាលឲ្យប៉ះពាល់ដល់សិស្សជាងបីលាននាក់៕