គ្រូបង្រៀន និងសិស្សានុសិស្សប្រមាណ ៣០០នាក់ នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា រយៈពេល២ថ្ងៃមកហើយ ដោយទទូចស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដកនាយក និងនាយករងវិទ្យាល័យនេះចេញពីអង្គភាព ដោយលើកមូលហេតុថា ថ្នាក់ដឹកនាំទាំង២រូបនេះ តែងតែគាបសង្កត់គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកស្រី អ៊ុត សុផាន ជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ា មានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះថា គ្រូបង្រៀន និងសិស្សានុសិស្ស បាននាំគ្នាធ្វើកូដកម្ម និងលើកបដា ចាប់តាំងពីថ្ងៃម្សិលមិញ មកដល់ថ្ងៃសុក្រនេះ ដោយទាមទារឱ្យក្រសួងអប់រំ ផ្លាស់ប្តូរនាយកវិទ្យាល័យ ឈ្មោះ ប៊ុន មុនី និងនាយករង ឈ្មោះ យ៉ើ លាង ចេញពីវិទ្យាល័យនេះ ដោយសារតែពួកគេតែងតែធ្វើសកម្មភាពគាបសង្កត់គ្រូបង្រៀន និងគ្រប់គ្រងថវិកាក្នុងសាលាដោយពុំមានតម្លាភាព ព្រមទាំងប្រើពាក្យអសុរសទៅលើបុគ្គលិកផ្នែកអប់រំជាដើម។
អ្នកស្រីថ្លែងថា៖ «គ្រូៗ គាត់ធ្វើកូដកម្មនេះដើម្បីទាមទារឱ្យផ្លាស់ប្តូរនាយក ផ្លាស់ប្តូរអ្នកដឹកនាំថ្មី ពីព្រោះនាយកចាស់ គាត់ឃើញតែលុយ គាត់ស៊ី និយាយទៅគាត់ចាយលុយសាលាហ្នឹង អត់មានប្រាប់កូនចៅថាចំណាយប៉ុន្មាន? ចំណូលប៉ុន្មានអីទេ អត់មានប្រជុំប្រាប់បុគ្គលិកទេ[…] ហើយគាត់ប្រើពាក្យសម្តីមកលើបុគ្គលិក សុទ្ធតែគ្រូសំរាម គ្រូថោកទាប គ្រូកាពិ អត់ខួរអីចឹងៗ ដល់ពេលគេទ្រំាំយូរហើយ ចឹងទៅតាំងពីគាត់មកហ្នឹង គាត់អត់បានយកលុយសាលាមកអភិវឌ្ឍន៍សាលាទេ សាលាដែលថ្មី សាលាដែលល្អ សុទ្ធតែជំនួយគេដែលធ្វើហើយស្រេចៗតែម្តង»។
គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូបទៀត លោក ប៉ោក សិទ្ធ បានលើកឡើងថា គ្រូបង្រៀន និងសិស្សនៅទីនោះ ស្នើឱ្យដកគណៈគ្រប់គ្រងសាលាទាំង២រូបនេះចេញ ដើម្បីឱ្យវិទ្យាល័យនេះ មានស្ថានភាពល្អប្រសើរឡើងវិញ ព្រោះថ្នាក់ដឹកនាំបច្ចុប្បន្នប្រព្រឹត្តអំពើពុករលួយ គ្រប់គ្រងថវិកាគ្មានតម្លាភាព និងមិនគោរពក្រមសីលធម៌របស់ខ្លួន។
លោកថា៖ «រយៈពេលដែលគាត់កាន់តំណែងជានាយកតាំងពីឆ្នាំ២០១១មកដល់ពេលនេះ ការអភិវឌ្ឍមិនមានរីកចំរើន ឃុបឃិតជាប្រព័ន្ធ គាត់បក្សពួកនិយម មិត្តភ័ក្រនិយម គ្រួសារនិយម លុយកាក់មិនមានតម្លាភាព អត់មានផ្សាយឱ្យពួកយើងដឹងទេ ហើយសម្តី សីលធម៌របស់គាត់មិនសមជាគណៈគ្រប់គ្រងទេ គាត់ប្រើពាក្យគ្រូអាចម៍ គ្រូសូន្យ គ្រូកាពិ គឺគ្មានការលើកទឹកចិត្តទេ»។
ចំណែក គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូបទៀត សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា នៅពេលប្រជុំម្តងៗ នាយកវិទ្យាល័យរូបនេះ តែងតែលើករឿងបញ្ហាលុយមកនិយាយ ក្នុងនោះតម្រូវឱ្យសិស្សបង់ថ្លៃទឹកភ្លើង ធ្វើវិក័យបត្រចំណាយបំប៉ោងតួលេខ និងយកតារាងបាល់និងតូបក្នុងសាលាទៅជួលឱ្យឯកជន ដោយមិនមានការពិភាក្សាជាមួយបុគ្គលិកជាដើម។
អ្នកស្រីថ្លែងថា៖ «សម្រាប់ខ្ញុំ សុំឱ្យផ្លាស់ប្តូរ[នាយកសាលា]តែម្តង ដើម្បីឱ្យសាលាយើងមានតម្លាភាព ទុកឱ្យកូនចៅជំនាន់ក្រោយបានល្អ»។
ចំណែក សិស្សនៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ថ្នាក់ដឹកនាំសាលា បានតម្រូវឱ្យសិស្សបង់លុយថ្លៃទឹកភ្លើង ប្រើប្រាស់ App ដើម្បីតាមដានការសិក្សារបស់សិស្សក្នុងមួយឆ្នាំចំនួន ៣០ ០០០រៀល ទាំងដែលនៅក្នុងសាលាមិនមានទឹក និងភ្លើងប្រើប្រាស់គ្រប់គ្រាន់។
កញ្ញាបន្ថែមថា៖ «គាត់[នាយកសាលា]អត់បានបើកភ្លើងឱ្យ តែសិស្សបានបង់ប្រាក់ឱ្យរួចហើយ ហើយគាត់បង្ខំឱ្យអាណាព្យាបាលមកសាលាបង់លុយមួយឆ្នាំ ៣ម៉ឺនរៀល ដើម្បីចូលមើលព័ត៌មាន(ការសិក្សា)»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ប៊ុន មុនី នាយកវិទ្យាល័យជាស៊ីមឈូកវ៉ា ដែលរងការចោទប្រកាន់បាននោះទេ។
ចំណែក នាយករងវិទ្យាល័យជាស៊ីមឈូកវ៉ា លោក យ៉ើ លាង បានច្រានចោលការចោទប្រកាន់របស់គ្រូបង្រៀន និងសិស្សមួយចំនួន ទៅលើថ្នាក់ដឹកនាំសាលា។ លោកថា បើសិនក្នុងសាលាមានអំពើពុករលួយ ក៏មិនមានការរីកចម្រើនដូចសព្វថ្ងៃនេះដែរ។ លោកបន្ថែមថា ជាធម្មតា នៅក្នុងការដឹកនាំនៅអង្គភាពមួយ តែងតែមានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះទៀតមិនពេញចិត្តបែបនេះហើយ។
លោកបន្ថែមថា៖ «រឿងនោះផ្ដើមចេញពីរឿងតូចៗ មានការជេរបញ្ចោរពួកលួចម៉ាស៊ីនត្រជាក់ គ្រាន់តែជួលជាងដាក់ម៉ាស៊ីនត្រជាក់ដាក់យប់ហ្នឹង ចោរលួចខ្សែភ្លើងអស់ទៀត ចឹងលោកនាយកគាត់ថា មានតែចាត់វេនយាមទេ ដើម្បីរកដំណោះស្រាយកុំឱ្យបាត់ទៀត ហើយក៏ចេះតែមានរឿងហូរហែ ហើយក៏កោះប្រជុំថ្ងៃទី១៣ តែលោកនាយកថា មិនបាច់ប្រជុំទេថ្ងៃ១៣ហ្នឹង សម្រុះសម្រួលគ្នាត្រូវហើយ»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា ជុំវិញការតវ៉ារបស់គ្រូបង្រៀន និងសិស្សនៅវិទ្យាល័យនេះ ក្រសួងអប់រំ បានរៀបចំយន្តការក្នុងការដោះស្រាយរួចរាល់ហើយ តែលទ្ធផលយ៉ាងណានោះ លោកស្រីនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។
លោកស្រីថា៖ «ក្រសួងបានរៀបចំក្រុមការងារ ដើម្បីពិនិត្យតាមដាន និងស្រាវជ្រាវរួចហើយ»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ[អបព] លោក សយ ច័ន្ទវិចិត្ត ថ្លែងប្រាប់ថា៖ «មន្រ្តី អបព នឹងប្រមូលព័ត៌មានបន្ថែមទៀត ក្នុងករណីបើពិនិត្យឃើញថាមានតម្រុយនៃអំពើពុករលួយ អបព នឹងមានចំណាត់ការបន្តបន្ទាប់តាមនីតិវិធី»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការកឹបកេញទ្រព្យសម្បត្តិរបស់រដ្ឋ គឺជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋទូទៅ ហើយបញ្ហាដែលកើតឡើងនេះ តែងតែមាននៅក្នុងគ្រប់វិស័យទាំងអស់។ ករណីនេះ លោកបានជំរុញឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវតាមយន្តការច្បាប់។
លោកថ្លែងថា៖ «បើសិនជាមានការសង្ស័យដូច្នេះ គួរតែមានការត្រួតពិនិត្យ ស៊ើបអង្កេត ទៅលើករណីហ្នឹង យើងមិនទាន់ចោទថាគាត់មានការប្រព្រឹត្តទេ ប៉ុន្តែគួរមានការត្រួតពិនិត្យពីសាមីក្រសួង ពីស្ថាប័នផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតហ្នឹង ហើយប្រសិនបើរកឃើញភស្តុតាងដាក់បន្ទុកថាគាត់ប្រព្រឹត្តមែន យើងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដែលមានជាធរមាន»។
លោកបន្តថា ក្រសួងអប់រំគួរតែរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការចាយវាយថវិការដ្ឋ ពីសំណាក់ស្ថាប័នក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយនិងមិនត្រូវលើកលែងចំពោះការប្រព្រឹត្តអំពើពុករលួយ និងការកេងប្រវ័ញ្ចណាមួយនោះឡើយ៕