ឥណទានប្រាក់រៀល និងបញ្ញើប្រាក់រៀល មានការកើនឡើងក្នុងឆ្នាំ២០២៣ ដោយសារវិស័យមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សេចក្តីប្រកាសព័ត៌មានស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣» ចេញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងមកនេះ ឥណទានជាប្រាក់រៀលកើនដល់២៥%នៃផលបត្រឥណទានសរុប ហើយបញ្ញើប្រាក់រៀល កើតឡើងដល់១៦%នៃប្រាក់បញ្ញើសុរប។ ការណ៍នេះបង្ហាញពីទំនុកចិត្តនៃប្រជាជនលើការប្រើប្រាស់រូបិយប័ណ្ណជាតិ។
សេចក្តីប្រកាសព័ត៌មាននេះ បន្ថែមទៀតថា ប្រាក់បញ្ញើជាប្រាក់រៀលតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង៤ បានកើតឡើងដល់ ១,៥២ពាន់ពាន់លានរៀលនៃសមតុល្យឥណទានប្រាក់រៀលសរុប ៥,៥៦ពាន់ពាន់លានរៀល។ ការកើនឡើងនេះ បញ្ចាក់ពីការចូលចិត្តសន្សំប្រាក់រៀលរបស់សាធារណជន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធ បានបង្កើនការយល់ដឹងពីការប្រើប្រាស់ប្រាក់រៀលដល់សាធារណជន និងផ្គួចផ្តើមគំនិតពីចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញប្រតិបត្តិការទូទាត់តាមឌីជីថលជាប្រាក់រៀល ដោយក្នុងនោះការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគង់ មានការកើនឡើង៣.៤ដង ជាងការទូទាត់ជាប្រាក់ដុល្លារ។ នេះតាមរយៈសេចក្តីប្រកាសព័ត៌មានដដែល។
លោកស្រី ឌិត នីត ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា៖ «វិធីសាស្ត្រដ៏មានប្រសិទ្ធភាពដែលសមាជិករបស់យើងបានអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ប្រាក់រៀលក្នុងប្រតិបតិ្តការហិរញ្ញវត្ថុ និងធ្វើឲ្យទំនាក់ទំនងរវាងសហគមន៍ និងរួបិយប័ណ្ណជាតិ កាន់តែមានភាពស៊ីជម្រៅ។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងមានភាពធន់»។ នេះបើតាមសម្រង់សម្តីផ្ទាល់របស់លោកស្រីក្នុងសេចក្តីប្រកាសព័ត៌មាន។
គួររំឮកថា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី៤៤ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ លោកស្រី ជា សីរី ទេសាភិបាលធនាគារជាតិ បញ្ជាក់ថា ទំហំប្រាក់រៀលក្នុងចរាចរណ៍ កើនឡើងជាមធ្យម ១៥% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ៕