បច្ចុប្បន្ននេះ បច្ចេកវិទ្យាដើរតួរសំខាន់ក្នុងជីវិតប្រចាំ ជាពិសេសក្នុងការសិក្សា។ បច្ចេកវិទ្យា មិនត្រឹមតែជំរុញការសិក្សាក្នុងថ្នាក់រៀននោះទេ ថែមទាំងចូលរួមបង្កើនទំនាក់ទំនងរវាងគ្រូនិងសិស្ស និងរវាងសិស្សនិងសិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យាក៏ផ្តល់ឲ្យមានការចែករំលែកព័ត៌មាន និងទិន្នន័យសម្រាប់ការសិក្សាប្រកបដោយភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាជំនួយដល់ការសិក្សារបស់ពួកគេ។
កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យាបច្ចុប្បន្ននេះ ផ្តល់ងាយស្រួលដល់ការស្រាវជ្រាវលើមុខវិជ្ជាដែលកញ្ញាកំពុងតែសិក្សាផ្ទាល់។
កញ្ញាថ្លែងថា៖ «ខ្ញុំយល់ថាបច្ចេកវិទ្យា វាជួយដល់ខ្ញុំច្រើន ជាពិសេសនៅក្នុងការសិក្សា ជាពិសេសពេលគ្រូដាក់ Assignment (កិច្ចការស្រាវជ្រាវ)ឲ្យខ្ញុំ ឬខ្ញុំត្រូវ Present (បទបង្ហាញ) អ្វីមួយ ត្រូវ research (ស្រាវជ្រាវ) អ្វីមួយ ចឹងបច្ចេកវិទ្យាវាជួយខ្ញុំក្នុងការ research (ស្រាវជ្រាវ)[…] ទូលំ ទូលាយច្រើនមែនទែន»។
កញ្ញា ងួន លីណា វ័យ២១ឆ្នាំ និស្សិតឆ្នាំ៣ ជំនាញអក្សរសាស្ត្រខ្មែរនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទស្សនៈលើរឿងនេះថា ការប្រើប្រាស់បច្ចេកវិទ្យាដូចជាកុំព្យូទ័រ ជួយកាត់បន្ថយពេលវេលាចម្លងឯកសារពីប្រភពដើមទៅកាន់កន្លែងផ្សេងៗ។
កញ្ញាលើកឡើងថា៖ «វាជួយសម្រួលដល់ការធ្វើ Assignment (កិច្ចការស្រាវជ្រាវ) អញ្ចឹងទៅ។ យើងមានកុំព្យូទ័រយើងស្រួលបង ព្រោះអីឯកសារខ្លះយើងគ្រាន់តែ Copy (ចម្លង) ដាក់ក្នុង [Microsoft] Word ឬ Power Point វាស្រួល»។
កញ្ញាបន្ថែមទៀតថា ទោះបីជាការសិក្សាក្នុងជំនាញអក្សារសាស្ត្រខ្មែរ តែកញ្ញាមិនមានបញ្ហាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលមានភាសាអង់គ្លេសជាគោលនោះទេ។
កញ្ញាបញ្ចាក់ថា៖ «ផ្នែកអក្សរសាស្ត្រ[ខ្មែរ] អត់សូវមានជាភាសាអង់គ្លេសទេ ជាអក្សរខ្មែរទាំងអស់ តែគ្រាន់តែជាភាសាអង់គ្លេស យើងពិបាកក្នុងការបកប្រែជាភាសាខ្មែរវិញ»។
លោក យ៉ុង ស្រស់ វ័យ២៣ឆ្នាំ និស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ចំពោះប្រធានបទនេះថា បច្ចេកវិទ្យាផ្តល់ភាពងាយស្រួល និងមិនធ្វើឲ្យខាតពេលវេលាក្នុងការចែករំលែកព័ត៌មាន។
លោកថ្លែងថា៖ «យើងអាចប្រមូលឯកសារក្នុងកុំព្យូទ័រ ឬក៏ទូរស័ព្ទហ្នឹង យើងអាចបាញ់ឯកសារអីបានលឿនចឹង បើយើងគ្មានបច្ចេកវិទ្យាអស់ហ្នឹងទេ យើងត្រូវការប្រមូលឯកសារ ត្រូវការរកឯកសារ ឬក៏ Copy (ចំលង) Share (ចែករំលែក) គ្នា ត្រូវការរយៈពេលយូរ»។
លោកពន្យល់បន្ថែមពីភាពចាំបាច់នៃបច្ចេកវិទ្យាគិតទាំងកំព្យូទ័រ និងអ៊ីនធឺណែត ក្នុងជំនាញដែលលោកកំពុងសិក្សាបច្ចុប្បន្នថា៖ «យើងងាយស្រួលក្នុងការធ្វើ research (ស្រាវជ្រាវ) […] ដោយសារជំនាញហ្នឹង យើង research (ស្រាវជ្រាវ)ច្រើនចឹង មានការប្រើប្រាស់កុំព្យូទ័រ អ៊ិនធឺណែតហ្នឹង ត្រូវការជាចំាបាច់ ក្នុងការធ្វើ research (ស្រាវជ្រាវ)»។
លោក សយ សុខជា ជាអតីតសិស្សវិទ្យាល័យភ្ញឺមាស ខេត្តតាកែវ យល់ឃើញថា បច្ចេកវិទ្យាមានសារៈសំខាន់ដល់ការសិក្សាក្នុងពេលបច្ចុប្បន្ននេះ ទោះបីជារូបលោកផ្ទាល់មិនបានបន្តការសិក្សាដល់ថ្នាក់មហាវិទ្យាល័យក៏ដោយ។
លោកបញ្ចាក់ថា៖ «បច្ចេកវិទ្យាមានអត្ថប្រយោជន៍ច្រើន ដូចជាវាយអត្ថបទ ការធ្វើកិច្ចការសាលា […] និងកិច្ចការផ្សេងៗ»។
លោក ស៊ឹម ចាន់សុវណ្ណមុន្នី និស្សិតមកពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានទស្សនៈលើរឿងនេះថា បច្ចេកវិទ្យាបង្កើនភាពងាយក្នុងការសិក្សា ជាពិសេសក្នុងពេល ស្ថិតក្នុងស្ថានភាពនៃជម្ងឺរាតត្បាត។
លោកថ្លែងថា៖ «មានភាពងាយស្រួល ដូចពេលដែលយើងមានវិបត្តិកូវិដចឹង ប្រើប្រាស់បច្ចេកវិទ្យាចំបាច់សម្រាប់ការសិក្សា»។
លោកលើកឡើងថា បច្ចេកវិទ្យាគឺជាបណ្តុំនៃព័ត៌មានសម្រាប់ការសិក្សា។
លោកបញ្ចក់ថា៖ «បច្ចេកវិទ្យាជាប្រភពព័ត៌មាន យើងចង់ដឹងអី អាចប្រាប់យើងបាន»៕