ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬជាភាសាអង់គ្លេសហៅថា Cambodia Anti-Doping Agency (CADA) ដើម្បីចូលរួម អនុវត្តអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា។ នេះបើយោងតាមអនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ដែលទើបនឹងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤នេះ។ អនុក្រឹត្យនេះ ត្រូវបានចុះ ហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមិនាកន្លងទៅ។
ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានេះ ត្រូវបានបង្កើតឡើងតាមសំណើររបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញភាពស្អាតស្អំក្នុងវិស័យកីឡាកម្ពុជា ព្រមទាំងចៀសវាងការប្រើប្រាស់សារធាតុហាមឃាត់ដូប៉ា ។
ទ.ក.ប.ដ. មានតួនាទី និងភារកិច្ច រៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងសកម្មភាព ស្រាវជ្រាវសារធាតុ និងវិធីសាស្ត្រដែលត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ព្រមទាំងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងទាក់ទងនឹងបញ្ជីសារធាតុ និងវិធីសាស្ត្រ ធាតុហាមឃាត់ក្នុងវិស័យកីឡាទៅដល់អ្នកប្រើប្រាស់ ជាពិសេសអត្តពលិក។ បន្ថែមពីនេះ ទ.ក.ប.ដ. ក៏នឹងទទួលបន្ទុកជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡាផងដែរ។
យោងតាមអនុក្រឹត្យស្តីពីការបង្កើតទីភ្នាក់ងារប្រឆាំងដូប៉ា ថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងលទ្ធផល និងការដាក់ពិន័យនៃទីភ្នាក់ងារប្រឆាំងដូប៉ា រួមមាន មេធាវី (៣រូប) វេជ្ជបណ្ឌិត (៣រូប) អតីតមន្ត្រីកីឡា (១រូប) អតីតអត្តពលិក (១រូប) និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ (២រូប)។ ចំណែកគណៈកម្មការលើកលែងការប្រើប្រាស់ថ្នាំព្យាបាល និងក្រុមប្រឆាំងដូប៉ាពិភពលោក ភាគច្រើនជ្រើសរើសពីក្រសួងសុខាភិបាល ដែលរួមមានតំណាងក្រសួងសុខាភិបាល (១រូប) វេជ្ជបណ្ឌិតឯកទេស (១រូប) វិជ្ជបណ្ឌិត (៥រូប) និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធ (៣រូប)៕