ភ្នំពេញ៖ កម្ពុជា និងឡាវ ប្តេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងនោះ មេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាលើសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចការព្រំដែន ក្នុងជំនួបផ្លូវការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និង ប្រធានាធិបតីឡាវ លោក Thongloun Sisoulith បានឯកភាពបន្តពង្រឹងវិស័យសន្តិសុខ និងការពារជាតិ ដោយជំរុញអាជ្ញាធរប្រទេសទាំងពីរឱ្យបន្តរក្សាសន្តិសុខតាមព្រំដែនដោយផ្អែកលើច្បាប់ និងកិច្ចព្រមព្រៀងនានា។ បន្ថែមពីនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ តាមរយៈ ការផ្លាស់ប្តូរព័ត៌មានគ្នាជាប្រចាំ និងរួមគ្នាចាត់វិធានការឱ្យបានទាន់ពេលប្រឆាំងនឹងសកម្មភាព ដែលអាចបង្កអស្ថិរភាពដល់នយោបាយ និងសន្តិសុខជាតិ ជាពិសេសការបទល្មើសឆ្លងដែន ដូចជា ការរត់ពន្ធ និងជួញ ដូរគ្រឿងញៀន និងមនុស្សឆ្លងដែនជាដើម។
ជាមួយគ្នាផងដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងារសីមាព្រំដែនដែលសម្រេចបាន ៨៦% និងបានប្ដេជ្ញាបន្តប្រឹងប្រែងដោះស្រាយការងារសេសសល់ឱ្យបានឆាប់ចប់។
សេចក្កីប្រកាសព័ត៌មានបញ្ជាក់ថា៖ «នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាសាក្សីលើការផ្លាស់ប្តូរលិខិតបករណ៍នៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ និងការចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័ននេះ សម្រាប់ការអនុវត្តឱ្យមាន ប្រសិទ្ធភាព ដើម្បីរួមចំណែកដល់កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និង ប្រធានាធិបតីឡាវ លោក Thongloun Sisoulith ក៏បានពិភាក្សាលើសហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀតរួមមាន នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ថាមពល សាធារណការ និងដឹកជញ្ជូន ទេសចរណ៍ អប់រំ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបានឯកភាពគ្នាលើវិធានការជាច្រើនសំដៅធានាសុខសន្តិភាពសម្រាប់ប្រទេសទាំងពីរ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្ពុជានិងឡាវបានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៤ ទាក់ទងនឹងការបន្តបង្រាបបទល្មើសឆ្លងដែន និងសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន រវាងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាផងដែរ៕