ការសិក្សា ​​គឺ​​ជា​កំណប់​ទ្រព្យ​ដ៏ឧត្តុង្គឧត្តម​ស​ម្រាប់​មនុស្ស​លោក​ដែល​ត្រូវការ​គ្រប់​ទី​កន្លែង។ នៅ​កម្ពុជា​មាន​ការអប់រំ​​បែងចែក​ជា​៣​កម្រិត៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តមសិក្សា​។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ចំនួនកុមារដែលបានចុះឈ្មោះចូលរៀននៅកម្ពុជា​មាន​ភាព​ប្រសើរ​​ឡើង។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីអប់រំកម្រិតថ្នាក់បឋមសិក្សា មាន​ចំនួន​កុមារ​​ចុះឈ្មោះ​​ចូលរៀន​ប្រមាណ ៩៧ ភាគរយ។ នេះបើយោងតាមអង្គការ​យូនីសេហ្វ​។ ទោះ​ជាយ៉ាងណា ការអប់រំកម្រិតទាបនៅកម្ពុជា ក៏មានបញ្ហាប្រឈម និងភាព​អវិជ្ជមាន​ផងដែរ ដូចជាការបោះបង់​ការសិក្សា​​របស់សិស្សជាដើម។

​កញ្ញា កេង ចាន់នូ​​​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia) បាន​សម្ភាសលោក បណ្ឌិត មាស​​ នី ជាសាកលវិទ្យា​ធិការសាលាអន្តរ​ជាតិឌូវី និង​ជាទីប្រឹក្សា​ឯករាជ្យ នៅខេត្តបាត់ដំបង។ កិច្ច​សម្ភាសខាងក្រោមនេះ ផ្តោតលើស្ថាន​ភាព​នៃ​ការ​សិក្សាកម្រិត​បឋមសិក្សា ​បញ្ហា និងមូលហេតុនៃ​​ការ​បោះបង់​ការ​សិក្សា និងផលប៉ះពាល់​ដល់​សង្គមដែលបង្កដោយ​​ការ​បោះបង់​ការ​សិក្សា។

Q៖ជំរាបសួរ លោកបណ្ឌិត មាស នី! តើ កត្តាអ្វីខ្លះដែលធ្វើឱ្យ​មាន​ចំនួននៃការបោះបង់​ការ​សិក្សា​​បែបនេះ?

Aមាន​កត្តាចម្បង​ចំនួន​៣ ​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​អត្រា​បោះបង់​ការ​សិក្សា​នៅ​កម្ពុជា៖

កត្តាគ្រួសារ គឺក្មេងៗនៅតាមតំបន់ខ្លះមានសុខភាពមិនល្អដូចជាក្មេងក្រិន។ ក្មេងខ្លះ អាយុច្រើន តែរូបរាងកាយនៅតូចល្អិត ដូចនេះហើយអាណាព្យាបាល ឬឪពុក ម្ដាយ ចំណាយពេលចាំឱ្យកូនលូតលាស់ធំជាងនេះ ទើបហ៊ាន​បណ្ដោយ កូនឲ្យទៅរៀន បាន​​ធ្វើឱ្យមានបញ្ហាកើតឡើងច្រើន។ មូលហេតុចម្បងមួយទៀត គឺភាពក្រីក្រក្នុង​គ្រួសារ​ដោយត្រូវការចំណាយលើការបញ្ជូនកូនទៅសាលារៀន ដូចជា​ឯកសណ្ឋាន សៀវភៅ និងមធ្យោបាយធ្វើដំណើរ។ ជាង​នេះ​ទៅ​ទៀត ក៏​មាន​បញ្ហា​វប្បធម៌​ ដោយសារ​​​ឪពុកម្តាយ​​​​​មួយ​ចំនួន​ មិន​សូវផ្តោត​សំខាន់​លើ​ការ​អប់រំ​សម្រាប់​កូន​ ជា​ពិសេសស​ម្រាប់​ក្មេង​ស្រី​ដែល​តែងតែ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ជួយ​ការងារ​ផ្ទះ ឬ​រៀបការ​នៅ​វ័យក្មេង​ និងកុមារ​ត្រូវ​បង្ខំ​ឱ្យ​​នៅ​ចាំ​ផ្ទះ​ មើល​ថែ​ប្អូន​តូច​។

កត្តាសាលា នៅតាមសាលារៀនរបស់រដ្ឋមានរយៈពេលរៀនត្រឹមតែ៤ម៉ោងក្នុង​១ថ្ងៃ ។ លើស​ពីនេះទៀតមាន​ទាក់​ទង​នឹង​​គុណភាពនៃការអប់រំ។ សាលារៀន ជា​ច្រើន​ក្នុងប្រទេសកម្ពុជានៅមានកម្រិតទាប ថ្នាក់រៀនចង្អៀតគ្មាន​អនាម័យ​ ខ្វះគ្រូដែល​មានសមត្ថភាព និងសម្ភារៈបង្រៀនហួសសម័យ។

កត្តាសង្គម ក្នុង​ករណី​ខ្លះ កុមារ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ  ដែល​នាំ​ឱ្យ​ពួកគេ​ផ្តល់​អាទិភាព​ការងារ​ជាង​ការ​អប់រំ។ កត្តា​ទាំង​នេះហើយ​​នាំឱ្យសិស្សដាច់ចិត្ត និងបាត់បង់ចំណាប់អារម្មណ៍ក្នុងសាលា។

Q៖ តើមានវិធានការយ៉ាងណាចំពោះការជំរុញឱ្យក្មេងៗមានចំណាប់អារម្មណ៍ចូលរួមក្នុងសកម្មភាពសិក្សានៅកម្រិតដំបូងនេះ?

Aចំពោះការអភិវឌ្ឍការសិក្សាថ្នាក់បឋមសិក្សាមានការកើនឡើងនោះត្រូវអភិវឌ្ឍទាំង​៣​​កត្តា​ដូចជា៖

កត្តាគ្រួសារ អាណាព្យាបាល ឬឪពុកម្ដាយរបស់ក្មេងក្រិនកុំរង់ចាំ ត្រូវឲ្យកូនបន្ត​ការ​សិក្សា​ និងចង់​ឱ្យ​មាន​ការ​ជួយ​ជ្រោម​​ជ្រែង​បន្ថែមដល់​ក្មេងៗ​​ក្នុង​ការ​ទៅ​សាលារៀន ដូចជាឯកសណ្ឋាន សៀវភៅ និងមធ្យោបាយធ្វើដំណើរ។ ជាង​នេះ​ទៅ​ទៀត ត្រូវ​​មានការ​ចូល​រួម​វគ្គបណ្ដុះ​បណ្ដាល​របស់​អាណាព្យាបាល​ពី​​ចំណេះដឹង​ទូទៅ​​ និងបញ្ហាសង្គម​ដែល​កើតមាន​​ចំពោះ​​​​​ក្មេង​ស្រី​​ ដែល​​តែងតែ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ជួយ​ការងារ​ផ្ទះ ឬ​រៀបការ​នៅ​វ័យក្មេង​  និងកុមារ​​ត្រូវ​បង្ខំ​ឱ្យ​​នៅ​ចាំ​ផ្ទះ​ មើល​ថែ​ប្អូន​តូច​។

កត្តាសាលា សាលារៀនរដ្ឋគួរបន្ថែមម៉ោងសិក្សាក្នុង១ថ្ងៃ ៨ម៉ោងដើម្បីធ្វើឲ្យ​វេលា​មិនគ្រប់គ្រាន់ដល់ក្មេងបឋមសិក្សាក្នុងការសិក្សា។ សាលា​ត្រូវមាន​គុណភាព​​នៃ​​ការអប់រំនៅក្នុងសាលារៀនឱ្យបានល្អ ព្រមទាំងមានការអភិវឌ្ឍ​ក្នុង​ការ​កសាងសាលាបឋមសិក្សាបន្ថែមទៀត។ សាលា ត្រូវបង្កើនភាពអនាម័យក្នុង​ទីធ្លាសាលា។ សាលា គួរបង្កើនសមត្ថភាពគ្រូបង្រៀន និង ធ្វើបច្ចុប្បន្នភាព​សម្ភារៈ​បង្រៀនឲ្យមានភាពទាន់សម័យដែរ។

កត្តាសង្គម ត្រូវមានការពិនិត្យមើលច្បាស់លាស់​​ក្នុង​ករណី​ កុមារ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​​  ដែល​នាំ​ឱ្យ​ពួកគេ​ផ្តល់​អាទិភាព​ការងារ​ជាង​ការ​អប់រំ និង​ជួយជ្រោម​ជ្រែង​បន្ថែម​​ដល់​​​ក្មេងៗ​​ក្នុង​ការ​ទៅសាលារៀន ដូចជាសម្ភារៈ​សិក្សា​ និងមធ្យោបាយធ្វើ​ដំណើរ។

Q៖ តើស្ថានភាពនៃការបោះបង់ការសិក្សាចំពោះក្មេងស្រី និងក្មេង​​ប្រុស មួយណា​​មានចំនួនច្រើនជាងគេ? ហេតុអ្វី?

Aការបោះបង់ការ​សិក្សានៅកម្រិតបឋមសិក្សាចំពោះក្មេងស្រី និងក្មេង​​ប្រុសពុំសូវ​ជាមាន​ភាព​ខុសគ្នាច្រើនដែរទេ មូលហេតុនោះដោយសារតែក្មេងៗពុំសូវមានកំលាំងខ្លាំង​គ្រប់គ្រាន់​​​​ធ្វើ​​​សកម្មភាព​ក្នុង​ការងារ​រកលុយបានទេ។

Q៖ តើនៅ​ពេល​ដែល​មាន​ការ​បោះបង់ការសិក្សាច្រើន ធ្វើឱ្យប៉ះពាល់បែបណា​ដល់សង្គម?

Aកាល​ពី​១០​ឆ្នាំ​មុន ខ្ញុំបានជជែកជាមួយមន្រ្តីក្នុង​ក្រសួង​អប់រំមន្រ្តីជួររដ្ឋាភិបាលម្នាក់​នៅ​ក្នុងសភា​ គាត់​និយាយ​​ថា​​ «កុំខ្វល់ចំពោះការឈប់​ពី​ការ​សិក្សា​របស់​ក្មេង​ពេក​ បើវា​ចេញទៅ​ពួកវាបានរៀនខ្លះហើយ ពេល​ចេញ​​ទៅ​អាច​ធ្វើ​ការ​បាន​ហើយ​ គ្រាន់​បើ​ជាង​អត់​ដឹងសោះ»។ ខ្ញុំទទួល​ស្គាល់ត្រង់​ចំណុច​ហ្នឹង​ ប៉ុន្តែ​មូលដ្ឋាន​គ្រឹះនៃការ​អប់រំ​ម​នុស្សមានភាពខុសៗគ្នា​នៅ​ក្នុង​ប្រទេស​នីមួយៗ។​ ចំពោះ​ប្រទេសជឿនលឿន ​គឺ​កំណត់​ឱ្យមនុស្ស​បាន​រៀន​ចប់​បរិញ្ញាបត្រ។ ​ ដូច​ជា​ប្រទេសសិង្ហបុរី គឺមានមនុស្ស​រៀន​ចប់បរិញ្ញាបត្រ​១០០ភាគរយ ដោយ​មាន​សមត្ថភាព​​ទាំង​ជីវិត​រស់​នៅ ទាំង​សមត្ថភាព​ធ្វើការងារ។​ នេះ​ជា​ធនធាន​មនុស្ស​មួយ​ដែល​សកម្ម​ ហើយ​រកលុយ​បាន​ច្រើន។​ ប៉ុន្តែនៅ​ពេល​ដែល​មាន​ការបោះ​បង់​ការ​សិក្សា​គ្រប់​កម្រិត ​នោះ​មាន​បច្ច័យអាក្រក់​ គឺក្មេង​លែង​មាន​នៅ​ក្នុង​ប្រព័ន្ធ​អប់រំហើយ នោះនឹង​ចូល​ទៅ​ប្រព័ន្ធ​សង្គមវិញ​ម្ដង។​ បើ​សង្គម​ទាញ​ទៅ​ឆ្វេង​ ត្រូវទៅឆ្វេង បើសង្គម​ទាញ​ទៅស្ដាំ ត្រូវ​ទៅ​ស្ដាំ​។​ មាន​ន័យ​ថា​ ពួកគាត់​មាន​ពេលដើរ​លេង​ច្រើន​ជាមួយ​មិត្តភក្ដិ​ក្នុង​សង្គម​ និង​បើមិត្ត​ល្អ គឺ​សកម្មភាព​​​ល្អ តែបើមិត្តភក្ដិ​ប្រើប្រាស់​គ្រឿង​ញៀន គឺគាត់ត្រូវ​ប្រើប្រាស់​គ្រឿងញៀន​តាមដែរ។

Q៖ សម្រាប់លោកបណ្ឌិត ​តើស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលគួរធ្វើបែបណាដើម្បីដោះស្រាយបញ្ហានេះ?

Aដើម្បីដោះស្រាយអត្រាបោះបង់ការសិក្សាក្នុងចំណោមសិស្សបឋមសិក្សានៅកម្ពុជា វាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋាភិបាល និងអង្គការនានាក្នុងការសហការគ្នា​ក្នុង​ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារ​ដែល​ខ្វះខាត លើកកំពស់គុណភាពនៃការអប់រំ និងលើកកម្ពស់ការយល់ដឹងអំពី សារៈសំខាន់នៃ​ការអប់រំ​សម្រាប់អាណាព្យាបាល​ និង​កុមារទាំងអស់។ តាមរយៈការដោះស្រាយ​បញ្ហា​ទាំងនេះ និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព យើងអាចជួយធានា​ថាកុមារ​គ្រប់រូបនៅក្នុង​ប្រទេសកម្ពុជាមានឱកាសបញ្ចប់ការសិក្សាបឋមរបស់ពួកគេ និងកសាង​អនាគត​ដ៏ល្អប្រសើរសម្រាប់ខ្លួនពួកគេ និងសហគមន៍របស់ពួកគេ។

Q៖ ជាចុងក្រោយ​តើ​លោក​បណ្ឌិត​មាន​ជាសារអ្វី​ពាក់ព័ន្ធនឹង​ការ​បោះបង់ការសិក្សានេះ?

A៖ ចំពោះសារសំរាប់​បង្កើនការសិក្សារបស់កុមារ ដែលអាច​ងាយ​ទទួលបាន​លទ្ធផល​ល្អ​នោះ​៖

  • ​ត្រូវមានការបង្កើតសាលាមតេយ្យ​ច្រើន​សម្រាប់អូស​ទាញ ​និង​ការ​ហ្វឹក​ហាត់​សម្រាប់​​ក្មេង​ៗ​ចូល​រៀន​បង្កើត​បទពិសោធន៍ល្អ​ៗ​​ត្រៀម​ចូល​រៀន​ថ្នាក់​​បឋមសិក្សា​។
  • តម្រូវ​ឱ្យ​​ពេល​វេលា​សិក្សា​របស់​ក្មេង​ត្រូវ​មាន​រយៈពេល​ច្រើន​​​ត្រូវ​ប្រើរយៈពេល​៨ម៉ោង​​ក្នុង​មួយ​ថ្ងៃពេញ​ច្បាស់លាស់​​សំរាប់​​ឱ្យ​ក្មេង​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​សិក្សា​ ​​ងាយ​ធ្វើ​សកម្មភាព​សហការ​ជា​ក្រុម​ជាមួយ​មិត្ត​ភក្ដិ​​។​
  • ឪពុកម្ដាយ និងអាណាព្យាបាល ត្រូវ​​យក​ចិត្ត​ទុក​​បង្កើន​ការភាពស្នឹតស្នាល អប់រំ​បន្ថែម​​ជា​មួយ​កូន​ ព្រោះក្មេង​ជាវ័យ​កំពុង​ត្រូវ​ការផ្ដល់​ទំនុក​ចិត្ត​ និងការលើក​ទឹក​ចិត្ត​ និង​មាន​បើក​ចិត្ត​ទូលាយទទួល​​មិត្តភក្ដិ​កូន​ដែល​បាន​បបួល​មក​ស្វៃ​សិក្សា​នៅផ្ទះ​របស់​​ខ្លួន​ ដើម្បី​បង្ហាញ​សកម្មភាព​ល្អ និងសំរាប់​កូន​របស់​ខ្លួន​ទៅស្វ័យសិក្សា​នៅ​ផ្ទះ​គេ​វិញ​នៅ​ថ្ងៃ​ខាង​មុខ​។
  • សូមសំណូមពរដល់ឪពុកម្ដាយ និងអាណាព្យាបាល​របស់សិស្ស​ទាំងអស់គ្នា​មេត្តា​សិក្សា​ និងយល់​ដឹង​​បន្ថែម​ដែល​ទាក់ទង​នឹងវ័យ​​ក្មេង​​អាយុ​តិត​តែង​តែ​ចង់មាន​ភាព​​សប្បាយ លេង​​ច្រើន​​ ដូច្នេះ​​កុំងាយ​ប្រើ​ពាក្យអសីលធម៌ និង​បន្ទោស​តែ​​ខាង​សាលា​។
  • ការដាក់ពិន្ទុ​នៃ​ការ​សិក្សា​របស់​សិស្ស​ សូមបញ្ឈប់​ការ​ដាក់​ចំណាត់​ថ្នាក់​លេខរៀង​ទៀត​ ព្រោះ​បាន​ធ្វើ​ឱ្យ​សិស្ស​មាន​ភាព​អំនួត​តែង​តែ​គិត​ថា​ខ្លួនឯងចេះតាំង​ពី​ក្មេង​ និង​ពូកែហើយ​ ដោយ​មើល​មិនឃើញ​ពី​ចំណុច​អ្វីខ្សោ​យ​ (ដូចជានៅកម្រិត​​ថ្នាក់​បឋម​សិក្សា​​មាន​៥មុខវិជ្ជា​ និងកូនសិស្ស​ម្នាក់មិន​ពូកែ​ទាំង៥​មុខ​វិជ្ជា​ទេ​)៕

    [កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]