អាជ្ញាធរខេត្តព្រះវិហារ បានឱ្យដឹងថា គិតមកដល់ដើមខែមេសានេះ តុលាការខេត្ត បានសម្រេចឃុំខ្លួនពលរដ្ឋជាង ៣០នាក់ហើយ ពាក់ព័ន្ធនឹងករណីទន្ទ្រានដីរដ្ឋ នៅឃុំត្រយង់ ស្រុកគូលែន ខណៈក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់ជាច្រើននាក់ កំពុងបន្តរត់គេចពីការតាមចាប់ខ្លួន ពីសំណាក់អាជ្ញាធរ។
អភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី បានប្រាប់ Newsroom Cambodia នៅរសៀលថ្ងៃទី២ ខែមេសានេះថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននូវពលរដ្ឋសរុបចំនួន ៣៣នាក់ ដែលជាមុខសញ្ញាប្រឆាំងវិធានការអនុវត្តច្បាប់ និងទន្ទ្រានដីរដ្ឋ។ លោកបន្តថា ការឃាត់ខ្លួនពលរដ្ឋចុងក្រោយចំនួន ២នាក់ ក្នុងចំណោម ៣៣នាក់ កាលពីថ្ងៃទី៣១ ខែមីនានោះ គឺដោយសារពួកគេបានចូលធ្វើសកម្មភាពក្នុងដីដែលពួកគេធ្លាប់រស់នៅ និងមានគ្រឿងញៀននៅជាប់ខ្លួន។
លោកថា៖ «ដោយសារមួយរយៈចុងក្រោយហ្នឹងគាត់មានការពាក់ព័ន្ធ គាត់មានការពាក់ព័ន្ធជាមួយមេខ្យល់មេអីហ្នឹង ហើយគាត់មក គាត់ចូលក្នុងហ្នឹង គាត់ធ្វើសកម្មភាពផ្សេងៗទៀត គាត់មិនមែនមកក្នុងនាមប្រជាពលរដ្ឋធម្មតា គាត់ចូលទៅធ្វើសកម្មភាពផ្សេងៗ គាត់ទៅថតគាត់ទៅអី[…] យើងមិនមែនទៅចាប់គាត់ទេ យើងសាកសួរព័ត៌មាន តើមាននរណានៅពីក្រោយអីអត់អ៊ីចឹង ហើយហេតុអីបានគាត់នាំគ្នាធ្វើអ៊ីចឹង ហើយបើគាត់ចាញ់បោកគេទេ មានន័យថា យើងមិនយកទោសពៃគាត់ទេ បើករណីគាត់ចាញ់បោកគេពិតប្រាកដ[…] តែកូនគាត់មានស្បោងគ្រឿងញៀន គេឃាត់ខ្លួនរឿងបញ្ហាគ្រឿងញៀនជាសំខាន់»។
ជាមួយគ្នានេះ លោក ណុប វុទ្ធី បានគូសបញ្ជាក់ថា មិនមានករណីដេញចាប់ពលរដ្ឋរហូតដល់ពួកគេរត់គេចទៅសំងំនៅព្រៃ ដូចការផ្សព្វផ្សាយនោះទេ។
លោកបន្ថែមថា៖ «បងប្អូនប្រជាពលរដ្ឋទាំងនោះមិនមានទោសពៃចឺងគាត់ម៉េចត្រូវទោស? គាត់ធ្វើម៉េចជាសិទ្ធិសេរីភាពរបស់គាត់ គាត់ចូលម៉ោងប៉ុន្មានក៏បានដែរ អត់មានរណាថាអីគាត់ទេ មានតែខ្លួនគាត់ គាត់ចូលចិត្តធ្វើអ៊ីចឹងដោយសារគាត់មាននៅពីក្រោយបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ហើយគាត់ចាញ់បោកការឃោសនារបស់គេ អ៊ីចឹងគាត់ចេះតែដើរគេចខ្លួន គាត់អីខ្លួនគាត់ ដើម្បីគាត់ចង់ទៅនៅប្រទេសនេះប្រទេសនោះអាហ្នឹង ជាសិទ្ធិសេរីភាពរបស់គាត់ គាត់ធ្វើម៉េចធ្វើទៅ ព្រោះគាត់អត់មានទោស [បើគាត់ប្រព្រឹត្តខុស]យើងអត់ឱ្យគាត់រួចខ្លួនទេ ព្រោះប្រទេសយើងមានច្បាប់»។
បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរបានរុះរើខ្ទម នងិសំណង់មិនរៀបរយចំនួន ១៦៥កន្លែង នៅក្នុងតំបន់មួយចំនួន នៃក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន លីលាដាម៉ិច ខូអិលធីឌី និងបានឃាត់ខ្លួនបណ្តោះអាសន្នមុខសញ្ញាប្រឆាំងវិធានការអនុវត្តច្បាប់ចំនួន ៣៣នាក់។ របាយការណ៍ដដែលបន្តថា ក្នុងការចុះទៅអនុវត្តវិធានការច្បាប់នោះ សមត្ថកិច្ចក៏បានចាប់ឃាត់ទុកម៉ូតូចំនួន ៣២គ្រឿង គោយន្តកន្ត្រៃយ៍ចំនួន ៦គ្រឿង រណារយន្តចំនួន ២គ្រឿង ម៉ាស៊ីនកាត់ស្មៅចំនួន ២គ្រឿង កន្ទុយរ៉ឺម៉កធ្វើពីដែកចំនួន ១គ្រឿង និងឧបករណ៍សម្ភារៈបន្ទាប់បន្សំមួយចំនួនទៀត។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវីញករណីនេះពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានទេនៅថ្ងៃអង្គារនេះ។
ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានអះអាងថា រូបគាត់ រួមជាមួយនឹងពលរដ្ឋមួយចំនួនទៀត កំពុងរត់គេចទៅសំងំលាក់ខ្លួននៅក្នុងព្រៃ ដោយមិនហ៊ានត្រឡប់ទៅភូមិវិញទេ ព្រោះគ្មានការប្រកាសជាផ្លូវការពីអាជ្ញាធរថាឈប់ចាប់ពួកគាត់។
អ្នកស្រីនិយាយថា៖ «ចូលភូមិឯណាបាន ចូលមិនបានទេ បើវានៅតែតាមចាប់រាល់ថ្ងៃ ម្សិលម្ងៃចាប់បាន ២នាក់ទៀតហើយ ខ្ញុំហ៊ានចូលភូមិទេ បើគ្មានអីប្រកាសជាផ្លូវការ ពួកខ្ញុំមិនហ៊ានចូលទេ[…] មិនទាន់មានដំណោះស្រាយអីផង ចូលទៅនាំតែពិបាក»។
ពលរដ្ឋម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដែរនោះ បានលើកឡើងដែរថា គាត់បានលឺព័ត៌មានថាអាជ្ញាធរឈប់ចាប់ពលរដ្ឋហើយ តែជាក់ស្ដែងអាជ្ញាធរនៅតែបន្តចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់។
អ្នកស្រីនិយាយថា៖ «គាត់និយាយតាមកាសែតសម្ភាសន៍ថាឈប់ចាប់ហើយ ប៉ុន្តែជាក់ស្ដែងគាត់នៅចាប់ នៅតែរក ហើយគ្មានការដោះស្រាយ ហើយពួកខ្ញុំត្រូវរស់របៀបម៉េច ត្រូវតស៊ូរបៀបម៉េច បើពួកគាត់នៅតែធ្វើបន្ត ហើយឱ្យឈប់ចាប់ ហើយមានការដោះស្រាយអត់ បើពួកខ្ញុំផ្ទះក៏ដុតឆេះអស់ហើយ ហើយគ្មានកន្លែងដែលត្រូវទៅ គ្មានការដោះស្រាយហើយកន្លែងដីដែលខ្ញុំរស់នៅពេញព្រៃ ឱ្យខ្ញុំគិតធ្វើយ៉ាងម៉េច?»។
អ្នកស្រីបានអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការតាមចាប់ខ្លួនប្រជាពលរដ្ឋបន្តទៀត និងដោះស្រាយបញ្ហាដីធ្លីឱ្យពួកគាត់មានកន្លែងរស់នៅសមរម្យ។
អ្នកស្រីនិយាយថា៖ «ខ្ញុំឥឡូវនេះ គឺពិបាកគ្មានកន្លែងជ្រកកោនរស់នៅឱ្យបានសមរម្យ ហើយនិងគ្មានអីហូបចុកឱ្យបានគ្រប់គ្រាន់ ហើយកន្លែងដេកក៏គ្មានពេលមេឃភ្លៀង គឺវាពិបាកខ្លាំង ហើយខ្ញុំអំពាវនាវសុំថាឱ្យមានការដោះលែងបងប្អូនខ្ញុំហើយឈប់ដើរតាមចាប់ ហើយនឹងដោះស្រាយឱ្យពួកខ្ញុំ បញ្ចប់រឿងទៅ ខ្ញុំសុំតែប៉ុណ្ណេះឯង ហើយដោះស្រាយឱ្យពួកខ្ញុំ មានកន្លែងរស់នៅដូចគេដូចឯងផង ព្រោះពួកខ្ញុំមិនអាចរស់នៅបន្តក្នុងព្រៃបានរហូតទេព្រោះស្រណោះក្មេងៗ គាត់ត្រូវការរៀបសូត្រ គាត់ត្រូវការជួបឪពុកម្ដាយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ និងឃុំខ្លួនពលរដ្ឋទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេ ជាពិសេសប៉ះពាល់ដល់ការសិក្សារបស់កុមារ។ លោកបានស្នើឱ្យអាជ្ញាធរផ្ដល់ដំណោះស្រាយសមរម្យដល់ពលរដ្ឋទាំងនោះ។
លោកមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងបញ្ហាដីរបស់ក្រុមហ៊ុននៅស្រុកគូលែន ដែលមានការចាប់ខ្លួនជាច្រើនរហូតដល់ជាង៣០នាក់ ហើយធ្វើការឃុំខ្លួនបណ្ដោះអាសន្ននោះ ខ្ញុំយល់ថា អាហ្នឹងគឺជារឿងមួយដែលប៉ះពាល់ធ្ងន់ធ្ងរដែរ សម្រាប់សិទ្ធិរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធរគួរតែធ្វើការសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ព្រោះប្រជាពលរដ្ឋមិនមានដីធ្លីក្នុងការបង្កបង្កើនផលទេ សុំឱ្យមានការដោះស្រាយជាដីសម្បទានដីសង្គមកិច្ចសម្រាប់គាត់ បើសិនជាគាត់ជាជនក្រីក្រ ហើយមិនមានដីមិនមានធ្លីរស់នៅពិតប្រាកដ»។
គួរជម្រាបជូនថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការបាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយអាវុធ និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិសាស្ត្រឃុំត្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះ សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនពលរដ្ឋប្រមាណ ៣០នាក់ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ហើយពួកគេបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានចាប់ខ្លួននោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត និងត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ខណៈពលរដ្ឋមួយចំនួនតូចត្រូវបានដោះលែងវិញ៕