រដ្ឋាភិបាលមានជំនឿថាក្នុងរយៈពេលប្រមាណ៥ឆ្នាំខាងមុខនេះទៀតសេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញ និងឈានទៅរកភាប្រសើរឡើងជាពិសេសអាចរក្សាបានអត្រាប៉ូលសេដ្ឋកិច្ចក្នុងកម្រិតរង្វង់ប្រមាណ៧ភាគរយដូចមុនការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩យ៉ាងដូច្នោះដែរ។
ថ្លែងក្នុងវេទិកានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងវិលទៅរកភាពប្រក្រតីភាពឡើងវិញក្នុងរយៈពេល៥ឆ្នាំខាងមុខទៀតនេះ។លោកនាយរដ្ឋមន្រ្តីបន្តថាដោយមើលឃើញចំពោះការងើបឡើងវិញ នៃសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៣ ដែលស្ថិតក្នុងរង្វង់ប្រមាណ៥,៦ភាគរយ និងការព្យាករណ៍ថានឹងមានកំណើននៃការការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងរង្វង់៦,៦ភាគរយ នៅឆ្នាំ២០៤នេះ។ហេតុដូច្នេះតាមរយៈនិន្នាការដ៏ល្អនេះ នៅឆ្នាំ២០២៨ខាងមុខ សេដ្ឋកិច្ចកម្ពុជាអាចនឹងរក្សាបាននូវអត្រាខ្ពស់របស់ខ្លួនដូចមុនផ្ទុះជំងឺកូវីដប្រមាណ ៧ភាគរយ។
លោកបន្តថា៖«អាស៊ានបានក្លាយជាសេដ្ឋកិច្ចធំជាងគេទីប្រាំនៅលើសាកលលោក។កម្ពុជាអាចរក្សាកំណើនអត្រាសេដ្ឋកិច្ចខ្ពស់៧ភាគរយក្នុងរយៈពេល២ទស្សវត្ស៍កន្លងទៅ។នៅក្នុងឆ្នាំ២០២៨ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់៧ភាគរយ ដូចមុនការផ្ទុះជំងឺកូវីដ១៩ »។
ទាក់ទងបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នីយល់ឃើញថាការកៀករអ្នកវិនិយោគិនដូចអ្វីដែលរដ្ឋាភិបាលកំពុងតែអនុវត្តនេះ វាពិតជាមធ្យោបាយល្អ សម្រាប់ជួយស្តារសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញ។ប៉ុន្តែលោកមើលឃើញថា បញ្ហាសេដ្ឋកិច្ចគាប់គាំងនេះភាពជាក់ស្តែងនៅតាមមូលដ្ឋាន និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម នៅតែជួបបញ្ហាដោះមិនចេញចំពោះសេដ្ឋកិច្ចប្រចាំថ្ងៃនេះ។
លោកបន្តថា៖«ការចលករនៅធុរ:កិច្ចអោយមកកាន់ប្រទេសកម្ពុជាដើម្បីមកវិនិយោគនេះវាមានសារ:សំខាន់ណាស់សំរាប់សេដ្ឋកិច្ចកម្ពុជាហើយយើងដឹងហើយថាបច្នុប្បន្នទោះបីកម្ពុជាបានអះអាងថាសេដ្ឋកិច្ចរបស់ខ្លួនកំពុងតែមានកំណើន ឡើងវិញហើយក៏ប៉ុន្តែតាមមូលដ្ឋានជាក់ស្តែងគឺយើង ដឹងថាគឹមានភាពលំបាកនៅឡើង ហើយឃើញថាសម្បីតែផ្នែកខាងវិស័យអចលនទ្រព្យហ្នឹងនៅច្រើនរយកន្លែងគឺនៅតែមិនទាន់មានការឡើងវិញនៅឡើយ »។
បើទោះជាបែបណា សម្រាប់លោកបណ្ឌិត មាស នី នៅតែមើលឃើញថាអំពើពុករលួយបន្តចាក់ស្រេះ និងអំពើឧក្រិដ្ឋកម្មផ្សេងៗ ដែលកើតឡើងក្នុងពេលកន្លងទៅនេះ តាមរយៈលំហូរជនជាតិចិន បានបង្កើតជាការភ័យខ្លាចនិងជារនាំងចំពោះអ្នកវិនិយោគិនដែលរកស៊ីស្មោះត្រង់ និងប្រកាន់គោលការណ៍សុចរិតភាព។
បើតាមលោកបណ្ឌិត មាស នី នៅចំពោះមុខនេះដើម្បីធានាថាកម្ពុជាមានស្ថិរភាពទាំងផ្នែកសេដ្ឋកិច្ច និងបរិយាកាសទូទៅ ជាពិសេសការកសាងជំនឿចិត្តពីអ្នកវិនិយោគ គឺមានតែពង្រឹងបង្កើនធនធានមនុស្សប្រកបដោយគុណភាពទេ ទើបអាចទាកទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាបាន។
លោកបន្តថា៖« រឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឹយើងឃើញថាប៉ុន្មានថ្ងៃនេះ មានរបាយការណ៍ឃើញការចេញពីឥណ្ឌាមកទៀត ពួកឧក្រិដ្ឋជនឥណ្ឌាបាននាំយកទីតាំងកម្ពុជា ដួចជាកន្លែងសំរាប់ប្រព្រឹត្តឧក្រិដ្ឋកម្មជនដូរមនុស្ស មានជនជាតិឥណ្ឌាច្រើនពាន់នាក់ កំពុងទទួលតាមមធ្យោយនៅក្នុងប្រទេសកម្ពុជាឬតាមរយះការប្រើជំរកកម្ពុជាសំរាប់អំពើប្រព្រឹត្តឧក្រិដ្ឋកម្ម ទាំងអស់បាទនេះជាកត្តាសំខាន់មួយដែល អាចនឹងការពារក្រុមអ្នកវីនិយោគទុនពីខាងក្រៅអោយចូលមកក្នុងប្រទេស » ។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ លើកឡើងថាដើម្បីអាចធានាដល់និរន្តភាពនៃលំហូរសេដ្ឋកិច្ច គឺកម្ពុជាមានតែបង្កើនកិច្ចសហការបន្ថែមទៀត ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានធ្វើយ៉ាងណាជំរុញឱ្យការនាំចេញផលិតផលសម្រេចរបស់កម្ពុជាកើនឡើងទាំងពហុភាគី និងទ្វេភាគី។
លោកបន្តថា៖«ចំពោះការកិច្ចបជ្រុំអាស៊ាន–កម្ពុជា ឆ្នាំ២០២៤នេះយើងឃើញថាអ្វីដែលប្រទេសកម្ពុជាត្រូវការគឺការជំរុញប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា–អាស៊ាន។យើងដឹងថាពាណិជ្ជកម្មកម្ពុជានៅលើបណ្តាលសកលលោកគឺអាស៊ានជាប្រទេសទីពីធំបំផុតនៅទីផ្សារកម្ពុជា ដូច្នេះការបើកកិច្ចប្រជុំគឺរួមចំណែកជួយសំរួលពាណិជ្ជកម្មរវាងប្រទេសកម្ពុជានឹងបណ្តាលប្រទេសអាស៊ានជាពិសេសគឺប្រទេសជិតខាងដែលមានប្រទេសថៃ និងវៀតណាមផងដែរ ដែលជាទីផ្សារដ៍ធំរបស់ប្រទេសកម្ពុជា »។
ជាមួយគ្នានេះ ប្រភពដដែលបន្តថា ជាការសង្កេតគឺប្រភេទទំនិញ ឬមុខរបរខ្លះធ្លាក់ចុះ តែក៏មានមុខរបរខ្លះបន្តងើបឡើងវិញបណ្តើរៗដែរ។លើសពីនេះទៅទៀត ការនាំចេញមុខទំនិញ ឬផលិតផលដែលកម្ពុជាកំពុងតែមានដូចសព្វថ្ងៃនេះ សម្រាប់ឆ្នាំ២០២៤នេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់ថាមានដូចជាប្រភេទកង់មានកំណើននៃការនាំចេញបាន ១៥ភាគរយ សំបករថយន្ត៣០ភាគរយ គ្រឿងបង្គុំអគ្គិសនី និងគ្រឿងបង្គុំរថយន្តមានកំណើន១០ភាគរយ។
ក្រៅពីនេះ ទំនិញដែលដឹកឆ្លងកាត់តាមរយៈកុងទឺន័រទាំងកំពង់ផែភ្នំពេញនិងក្រុងព្រះសីហនុ នៅតែអាចរក្សាកំណើនរបស់ខ្លួនចន្លោះពី ២០ ទៅ២១ភាគរយ។
យ៉ាងនេះក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សង្ឃឹមថាតាមរយៈច្បាប់ស្តីពីការវិនិយោគដែលមានស្រាប់នេះ កម្ពុជានឹងអាចស្តារមុខមាត់សេដ្ឋកិច្ចរបស់ខ្លួនបានប្រសើរឡើងវិញ ដូចមុនឆ្នាំ២០១៩។
ធានាពិភពលោក (World Bank) ធ្លាប់បានព្យាករអំពីសេដ្ឋកិច្ចកម្ពុជាកាលពីចុងឆ្នាំ២០២២ថា បើទោះជាសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ហាក់ងើបឡើងវិញប្រមាណ៤,៨ភាគរយ បើធៀបនឹងការព្យាករកាលពីឆ្នាំមុនប្រមាណ ៤,៥ភាគរយក្តី ក៏កម្ពុជានៅបន្តជួបការលំបាក និងជំនៈនឹងវិបត្តិសេដ្ឋកិច្ចសាកលបន្តទៀត ទើបអាចស្តារឱនភាពសេដ្ឋកិច្ចនេះបាន។
នៅមុនការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះ អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) និងអង្គការសមធម៌កម្ពុជា បានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយបង្ហាញពីការសិក្សាស្រាវជ្រាវរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ រកឃើញពលរដ្ឋជិត៣ម៉ឺនគ្រួសារ ត្រូវបង្ខំចិត្តបន្ថយរបបអាហារ។ដោយឡែកកុមារជិត១ម៉ឺននាក់ ត្រូវបង្ខំចិត្តបោះបង់ការសិក្សា ដោយសារគ្រួសារមានវិបត្តិជាប់បំណុលធានាគារ
របាយការណ៍ដដែលបន្តថាពលរដ្ឋនៅក្នុងខេត្តនេះលើសពី៨០ភាគរយ ត្រូវជាប់បំណុលធនាគារយ៉ាងតិច ១ស្ថាប័ន ក្នុងនោះពលរដ្ឋ២ ភាគ៣ នៃអ្នកជំពាក់បំណុលអះអាងថា ពួកគេជាប់បំណុលលើសពីលទ្ធភាពនៃការសងត្រឡប់វិញ៕