មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនអះអាងជាថ្មីថានឹងរៀបចំបច្ចេកទេសយានយន្តអគ្គិសនី ដើម្បីបម្រើឱ្យសេចក្តីត្រូវជាការជាចាំបាច់របស់សង្គម និងដើរឱ្យទាន់សភាពការណ៍សកលដែលចេះតែប្រែប្រួលជាលំដាប់ ខណៈការប្តេជ្ញាចិត្តនេះក្រោយមានបទបញ្ជាពីនាយករដ្ឋមន្រ្តីទាមទារឱ្យស្ថាប័នសាម៉ីដែលទទួលខុសត្រូវលើផ្នែកបច្ចេកទេសពន្លឿនឱ្យទាន់សភាពការណ៍នៃការវិត្តន៍របស់សង្គម។
មន្រ្តីនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះថា តាមពិតអ្វីដែលនាយករដ្ឋមន្រ្តីស្នើនេះគឺជាផែនការមេដែលក្រសួងសាធារណៈការ ធ្លាប់បានដាក់ឱ្យអនុវត្តជាយូរមកហើយ។ប៉ុន្តែបើទោះជាមានផែនការរួចហើយមែន ការស្នើជាថ្មីទៀតនេះរបស់នាយករដ្ឋមន្រ្តី ក៏ជាសារជួយជំរុញឱ្យកិច្ចការនេះ ដំណើរការទៅដោយមានការប្រុងប្រយ័ត្ន និងពន្លឿនដោយឆាប់រហ័យផ្អែកលើបច្ចេកទេសដែរ។
លោកបន្តថា៖«អាចយកតាមប្រសាសន៍នាយករដ្ឋមន្រី្តលោកទើបតែបែងចែកតួនាទីភារ:កិច្ច ហើយបន្តទៅទៀតយើងនឹងធើ្វការងារនៅក្នុងគ្របខណ្ឌមួយដាច់ដោយលែកតាមការបែងចែកតួនាទីភារ:កិច្ច របស់សម្តេចធិបតីមួយគឺក្រសួងសាធារណការនិងដឹកជញ្ចូនទទួលបន្ទុកខាង បច្ជុកទេសយានយន្តអគ្គិសនីចំពោះក្រសួងរ៉ែ និងថាមពលសម្តេចបានដាក់ហើយគឺថាពាក់ព័ន្ធនិងបណា្តញអគ្កិសនីនិងស្ថានីយផ្សេងៗ» ។
ការលើកឡើងនៅពេលនេះ របស់មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈ និងដឹកជញ្ជូន ធ្វើឡើងក្រោយមានសារនយោបាយបែកធ្លាយ ២ថ្ងៃមុន ដែលដាក់ចេញដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។តាមរយៈសារសំឡេងដែលបង្ហោះនៅក្នុងឯកសារមន្រ្តីសាធារណៈ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានរយៈពេលជិត៤នាទី គឺលោក ហ៊ុន ម៉ាណែត ដាក់ទិសដៅឱ្យក្រសួងពីរគឺក្រសួងសាធារណៈ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពលពន្លឿនការងារយាយន្តអគ្គិសនីឱ្យបានឆាប់ ដើម្បីបម្រើឱ្យសេចក្តីត្រូវការដែលប្រែប្រួលជាសាកល។
បើតាមលោកនាយករដ្ឋមន្រ្តី បញ្ហារថយន្តអគ្គិសនីនេះ ត្រូវតែចាប់ផ្តើមគិតគូរពីពេលនេះ។ដោយសារបញ្ហាការប្រែប្រួលបរិបថពិភពលោក ហេតុកម្ពុជាត្រូវតែសិក្សាពីរឿងនេះ និងពន្លឿនការងារនេះឱ្យបានឆាប់ដែរ។
លោកបន្តថា៖«ឥឡូវថ្ងៃមុនខ្ញុំទើបប្រគល់ភារកិច្ចឲ្យចែកឲ្យដាច់តែម្តងរឿងគោលនយោបាយEVថ្ងៃក្រោយរថយន្តអគ្គិសនីត្រូវតែតែធើ្វការព្រោះប្រទេសនៅលើពិភពលោកគេប្រើហើយអគ្គិសនីហ្នឹងចឹងយើងត្រូវតែរៀបចំហេដ្ឋានរចនាសម័ន្ធត្រូវការបង្កើតតិចទៀតមនុស្សចាប់ជិះម៉ូតូអគ្គិសនីហើយវាអស់ថោក ចឹងយើងត្រូវរៀបចំគោលនយោបាយមុនរួមទាំងការបែងចែកភារកិច្ចរវាងក្រសួងដែល ក្រសួងពីដែលពាក់ព័ន្ធ ក្រសួងសាធារណការ និងដឹកជញ្ចូន ហើយនិងក្រសួងថាមពលកន្លងទៅអាណ្តិតមុនក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តមសុខ ចាន់ថុន បានផ្តួចផ្តើម »។
ចំណែក អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក អ៊ឹង ឌីប៉ូឡា បានប្រាប់គេហទំព័រ Newsroom Cambodia ដោយខ្លីតាមបណ្តាញសង្គមតេឡេក្រាមថា ខ្លួនមិនអាចផ្តល់ការអត្ថាធិប្បាយដោយលម្អិតចំពោះរឿងនេះបានដែរ ដោយសារមានធុរៈការងារដែលត្រូវបំពេញ។
លោកបន្តថា៖«សូមទោសប្អូនដែលមិនបានឆ្លើយតបភ្លាមដោយជាប់បេសកកម្ម និងប្រជុំទើបតែត្រឡប់មកវិញ »។
យ៉ាងនេះក្តីលោក សេក សុជាតិ អ្នកប្រឹងប្រយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ការដាក់ចេញយន្តការដូចដែលលោកនាយករដ្ឋមន្រ្តីស្នើឡើងនេះ វាជាមធ្យោបាយល្អសម្រាប់ពលរដ្ឋកម្ពុជា ហើយវាក៏ជាជម្រើសដែលអាចទទួលយកបានដែរ។ប៉ុន្តែលោកថាការផ្គត់ផ្គង់ និងរៀបចំ រួមទាំងការផ្តល់សេវាសម្រាប់បម្រើឱ្យសេចក្តីត្រូវការជាចាំបាច់ឯណោះទៅវិញ ទើបជាអ្វីដែលអ្នកទទួលខុសត្រូវ ត្រូវបំពេញឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកទទួលសេវាពីរថយន្តអគ្គិសនីនេះ។
លោកបន្តថា៖«ដូច្នេះក្នុងករណីនេះហើយគឺជារឿងដែលខ្ញុំយល់ថារដ្ឋាភិបាលគួរតែដាក់ចេញនៅគោលនយោបាយហើយនិងមានការលើកទឹកចិត្ត ទៅដល់វិស័យឯកជនជាពិសេសវិនិយោគទុនក្នុងស្រុកដើម្បីឲ្យពួកគាត់អាចបងើ្កតស្ថានីយបញ្ចូល ថាមពលអគ្គិសនីទៅក្នុងរថយន្តអគ្គិសនីធើ្វយ៉ាងណាក៏បានទាំងប្រទេសក្នុងនិងតម្លៃសមរម្យ ថោកជាងតម្លៃប្រេងឥន្ធន:ឬក៏ហ្គាស ឬក៏ការប្រើប្រាស់លើមធ្យោបាយផ្សេងៗ» ។
បើតាមនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត ជាគោលការណ៍ក្រសួងពីរដែលត្រូវទទួលបន្ទុករឿងរថយន្តប្រភេទអគ្គិសនីនេះ គឺក្រសួងរ៉ែ និងថាមត្រូវទទួលខុសត្រូវលើផ្នែកគ្រប់គ្រងភ្លើង ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ចូនទទួលបន្ទុកក្នុងការគ្រប់គ្រងបច្ចេកទេសរបស់ EV៕