អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស។
បទបញ្ជាស្តីពីការចាត់តាំងកម្លាំងចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ចេញដោយអគ្គមេបញ្ជាការ លោក វង្ស ពិសេស នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានចំនួន៥ចំណុច។
អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកក៏បានបញ្ជាឱ្យកងទ័ពជើងគោក ជើងទឹក កងរាជអាវុធហត្ថ សហការជាមួយក្រសួងកសិកម្ម ក្រសួងដែនដី អាជ្ញាធរ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រៀមជួយអន្តរាគមន៍ឱ្យមានវិធានការបង្ក្រាបបទល្មើសដែលបានកាប់ទន្រ្ទានតំបន់អភិរក្សព្រៃឈើ។ ចាត់កម្លាំងស្រាវជ្រាវរុករកជនទុច្ចរិតដែលសម្ងំលាក់ខ្លួនក្នុងព្រៃ ហើយកងកម្លាំងទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ដោយមិនត្រូវចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់ ។
នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា ជារឿងដ៏ត្រឹមត្រូវដែលអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ដើម្បីកុំឱ្យមានបទល្មើសកើតឡើង ជាពិសេសនគរបាលយុត្តិធម៌។
លោកថ្លែងថា៖ «ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បញ្ហារ៉ាំរ៉ៃនេះ ពីព្រោះអីបញ្ហានេះវាមិន មែនទើបតែកើតឡើងវាជាបញ្ហារ៉ាំរ៉ៃយូរហើយ ដូច្នោះទាល់តែមានវិធានការតឹងរ៉ឹងទប់ស្កាត់ទើបអាចឱ្យមានប្រសិទ្ធភាពទៅបាន ហើយត្រូវមានការរួមចំណែកពីភាគីពាក់ព័ន្ធនានាទើបអាចជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាឱ្យបាននូវការអភិរក្ស»។
លោក អូត ឡាទីន មន្រ្តីសម្របសម្រួលលើគម្រោងយុត្តិធម៌បរិស្ថាន (CEEJA) និយាយថា លោកសាទរនូវបទបញ្ជាទាំង៥ចំណុចដែលទើបដាក់ចេញថ្មីៗនេះ ទន្ទឹមនឹងនេះលោកក៏មានការ ព្រួយបារម្ភដោយសារកម្ពុជាយើងគឺមានច្បាប់ស្ដីពីព្រៃឈើ ការពារតំបន់ធម្មជាតិ ច្បាប់ចាត់ចែងទ្រព្យសម្បត្តិ រដ្ឋជាដើម ទោះបីជាមានច្បាប់នេះហើយក៏ដោយ ក៏នៅតែបញ្ហាព្រៃឈើមិនត្រូវបានដោះស្រាយល្អប្រសើរទេ ។
លោកបន្តថា៖ « បទបញ្ជាទាំង៥ចំណុចនេះដែលដាក់ចេញមកគឺភាគច្រើនផ្ដោតតែលើកិច្ចសហប្រតិបត្តិការក្នុងរង្វង់មន្ត្រីរាជការក្នុងរង្វង់មន្រ្តីរដ្ឋ។ ប៉ុន្តែអ្វីដែលមានការសោកស្ដាយនឹងគឺអត់មានឃើញរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយ និងដៃគូរអភិវឌ្ឍប្រតិបត្តិការពាក់ព័ន្ធ សមាគម អង្គការមិនមែនរដ្ឋាភិបាល សកម្មជន ហើយនិងមិនបានរំលេចអំពីកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច ដែលពួកគាត់គឺជាអ្នកអាស្រ័យផលដែលអ្នកនៅកៀកព្រៃផ្ទាល់»។
យោងតាមសេចក្ដីថ្លែងការណ៍រួមទិវាព្រៃឈើអន្តរជាតិ គម្របព្រៃឈើរបស់ប្រទេសកម្ពុជាបានបន្តធ្លាក់ចុះរហូតដល់១៤.២៩% ត្រឹមឆ្នាំ២០១៧ ទន្ទឹមនឹងនេះ ការទន្រ្ទានដីមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានបន្តគំរាមគំហែងដល់តំបន់ព្រៃឈើ តំបន់ការពារ តំបន់ព្រៃលិចទឹក និងព្រៃសហគមន៍៕