ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ ទារក ស្រ្តីមានផ្ទៃពោះ អ្នកធ្វើការនៅលម្ហខាងក្រៅ និងអ្នកមានប្រព័ន្ធរាងកាយខ្សោយ មានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព អំឡុងពេលអាកាសធាតុក្តៅខ្លាំង។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនទៀត ដែលអាចបណ្តាលឱ្យបុគ្គលគ្រប់រូប ធ្លាក់ខ្លួនឈឺដោយសារកម្តៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់ គឺមនុស្សចាស់ កុមារ ទារក ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។
ករណីនេះ ក្រសួងបានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយពិសារទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ ប៉ុន្តែពលរដ្ឋគួរចៀសវាងការពិសារជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។
សេចក្តីជូនព័ត៌មានដដែល ក៏បានរំលឹកឱ្យពលរដ្ឋបង្ការជំងឺរាគរូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិន ឬទឹកចម្រោះ ព្រមទាំងត្រូវផ្លាស់ទីទៅកន្លែងត្រជាក់ សម្រាក និងពិសារភេសជ្ជៈយឺតៗ ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល រមួលក្រពើ ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ហើយត្រូវចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាពជាដើម។
ក្រសួងក៏បានណែនាំឱ្យស្វែងរកការព្យាបាលភ្លាមៗ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ប្រសិនបើមិនធូរស្រាល។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះថា ការប្រែប្រួលអាកាសធាតុនេះ កើតមានជាយូរមកហើយទៅលើប្រទេសផ្សេងៗលើពិភពលោក ដោយឡែកប្រទេសកម្ពុជាទើបតែជួបប្រទះបញ្ហាអាកាសធាតុក្តៅខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែយ៉ាងណា លោកថា រដ្ឋាភិបាល បានធ្វើការផ្សព្វផ្សាយ និងក្រើនរំលឹកទៅប្រជាពលរដ្ឋជាបន្តបន្ទាប់ ដើម្បីបានយល់ដឹងពីបញ្ហាអាកាសធាតុ និងការការពារទុកជាមុន។
លោកថា៖ «ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក គេប្រកាសយូរហើយតើ គ្រាន់ថាស្រុកយើងជាសំណាង អត់សូវដែរប៉ះរឿងហ្នឹងទេ […] ក្តៅប៉ុន្មានថ្ងៃនេះ ដោយសារយើងបង្ការមុនតើ បើសិនកុំនិយាយ បងប្អូនខ្លះ គាត់ អត់ចាប់អារម្មណ៍ផងហ្នឹង ប៉ុន្តែយើងត្រូវនាំគ្នាបង្ការក្នុងនាមសុខាភិបាល»។
ជាមួយគ្នានេះ លោកថា ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងគ្រូពេទ្យធ្វើការតាមសហគមន៍នានា បានដាក់វេនគ្នាប្រចាំការ និងត្រៀមទុកជាមុននូវថ្នាំសង្កូវ និងឧបករណ៍ផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។
លោក វ៉ាន់នី បានថ្លែងថា៖ «ពួកគាត់មានគ្រប់មធ្យោបាយ ឧទាហរណ៍ថ្នាំរាគ សេរ៉ូម ការដាក់សេរ៉ូមក្រែងលោបាត់ជាតិទឹក ជំងឺឆ្លង […] ចឹងហើយបានឥឡូយើងអត់សូវឃើញទម្រង់ដែលឈឺធ្ងន់អីបញ្ជូនមកភ្នំពេញទេ ដោយសារពួកគាត់ធ្វើនៅកម្រិតសហគមន៍ហ្នឹង គឺគាត់ធ្វើបានល្អ»។
ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឱ្យដឹងថា មូលហេតុដែលកម្ពុជាមានសីតុណ្ហភាពក្ដៅខ្លាំង ដោយសាររងនូវឥទ្ធិពលពីបាតុភូតិ អែលនីណូ (El Nino) ហើយនៅបណ្តាប្រទេសមួយចំនួនទៀត ក៏មានសីតុណ្ហភាពក្ដៅបែបនេះដែរ។
លោកថា៖ «ក្ដៅជាងគេហ្នឹង គឺតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ផ្នែកខ្លះនៃពោធិ៍សាត់ ហើយនិងតំបន់ខ្ពង់រាបភាគខាងជើង ដូចជា នៅឧត្តរមានជ័យ ព្រះវិហារអីហ្នឹងក៏រាងក្ដៅជាងគេ[…]ទាំងនេះ ដោយសារតែយើងនៅតែបន្តទទួលរងឥទ្ធិពលពីបាតុភូតិ អែលនីណូ (El Nino) នៅឡើយ ហើយរហូតដល់ចូលខែ៥ ពាក់កណ្ដាលខែ៥ ទើបមាននិន្នាការថយចុះ ចាប់ផ្ដើមថយចុះហើយរហូតទៅដល់សប្ដាហ៍ទី៣នៃខែ៧ ទើបយើងទទួលរងនូវឥទ្ធិពលឡានីណា (La Nina)វិញ[…] ពេលហ្នឹងគឺភ្លៀងក៏ច្រើន ហើយសីតុណ្ហភាពក៏ចុះទាបដែរ»។
លោក ចាន់ យុត្ថា បន្តថា សីតុណ្ហភាពក្តៅខ្លាំងនៅតំបន់មួយចំនួន នឹងនៅចន្លោះពី ៣៨អង្សាសេ ដល់ ៤១អង្សារសេ នាពេលថ្ងៃត្រង់។
លោកថា៖ «ជាទូទៅ សីតុណ្ហភាពអតិបរមា យើងគិតថាមធ្យមក្នុងរង្វង់ ៣៨អង្សាសេ ក្ដៅណាស់។ ក្នុងរង្វង់ ៣៨ នេះ គឺសីតុណ្ហភាពអតិបរមាមធ្យម[…] ប៉ុន្តែនៅក្នុងចន្លោះពេលមួយ ជាពិសេសចាប់ពីម៉ោង១១កន្លះព្រឹករហូតទៅដល់ម៉ោង២កន្លះរសៀល គឺសីតុណ្ហភាពខ្ពស់ណាស់ក្នុងចន្លោះម៉ោងនេះអាចឡើងដល់ ៤១ ឬ ៤១កន្លះ គ្រាន់តែវាមិនឡើងយូរ ក្នុងមួយរយៈខ្លីហ្នឹង វាអាចឈានទៅដល់ហ្នឹង[…] ហើយរហូតថ្ងៃបាក់រសៀលបន្ដិច ចាប់ពីម៉ោង៣ បានសីតុណ្ហភាពចាប់ផ្ដើមថយចុះវិញ»។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងទទួលរងការប្រែប្រួលអាកាសធាតុខ្លាំងក្នុងរដូវប្រាំងឆ្នាំ២០២៤ នេះ ដែលសីតុណ្ហភាពកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំកន្លងមក និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាមានសីតុណ្ហភាពក្ដៅដូច្នេះ។ តែយ៉ាងណា បញ្ហានេះ មិនទាន់បណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាសុខភាព ឬស្លាប់ដោយសារការឡើងកម្ដៅនេះឡើយ៕