ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ដូចនេះប្រជាជនមានសិទ្ធិស្របច្បាប់នៅក្នុងការបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះរឿងរ៉ាវអ្វីមួយ។ មតិរបស់ប្រជាជនគឺ សំខាន់ណាស់នៅក្នុងការកែតម្រូវការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាកែប្រែចំណុចខ្វះខាតរបស់សង្គមឱ្យកាន់តែប្រសើរឡើង។ កញ្ញា ភឹង សោភា កំពុងបំពេញការងារខាងផ្នែកសិទ្ធិមនុស្ស និងជាអតីតនិសិត្សបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ចេញមតិទាក់ទងនឹងបញ្ហាផ្សេងៗដែលកើតឡើងក្នុងសង្គម។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កញ្ញា ឃីម សុគន្ធី បានសម្ភាសជាមួយកញ្ញា ភឹង សោភា ពីប្រធានបទសេរីភាពក្នុងការបញ្ចេញមតិ។
Q៖ ជម្រាបសួរ កញ្ញា!
A៖ ជម្រាបសួរ!
Q៖ តើសេរីភាពក្នុងការបញ្ចេញមតិជាអ្វី?
A៖ បើយើងនិយាយអំពីសេរីភាពក្នុងការបញ្ចេញមតិ គឺយើងត្រូវមើលអាស្រ័យទៅតាមប្រទេស។ ប្រទេសកុម្មុយនីស្តគឺគេមានរបៀបរបបនៃការបញ្ចេញមតិរបស់គេ វាហាក់ដូចជាតូចចង្អៀតជាងសិទ្ធិសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសប្រជាធិបតេយ្យ។ ឧទាហរណ៍ប្រទេសប្រជាធិបតេយ្យអីចឹង យើងមើលឃើញការដឹកនាំរបស់មន្ត្រី របស់មេដឹកនាំបែបណាគឺយើងមានសិទ្ធិក្នុងការបញ្ចេញរិះគន់ ឬក៏ផ្ដល់មតិទៅដល់ការដឹកនាំរបស់មេដឹកនាំនយោបាយ ឬក៏មន្ត្រី។ អីចឹងសិទ្ធិបញ្ចេញមតិហ្នឹងគឺវានៅក្នុងប្រទេសប្រជាធិបតេយ្យ ជាពិសេសនៅកម្ពុជាគឺមានកំណត់នៅក្នុងច្បាប់ថាស្របច្បាប់ ថាយើងជាពលរដ្ឋអាចបញ្ចេញមតិបាន។
Q៖ តើសេរីភាពក្នុងការបញ្ចេញមតិមានសារៈសំខាន់ដូចម្ដេចខ្លះដល់សង្គម?
A៖ សេរីភាពនៃការបញ្ចេញមតិគឺសំខាន់ ដោយសារតែនៅក្នុងសង្គមខ្មែរយើងគឺជាសង្គមដែលដឹកនាំតាមបែបប្រជាធិបតេយ្យ ហើយជាពិសេសគឺការដឹកនាំរបស់ខ្មែរគឺជាការដឹកនាំដែលប្ដូររបត់ពីការដឹកនាំតាមបែបកុម្មុយនីស្តផ្ដាច់ការសក្ដិភូមិដែលធ្លាប់មានការរំលោភសិទ្ធិមនុស្ស មកជាការដឹកនាំតាមបែបប្រជាធិបតេយ្យ។ អីចឹងសិទ្ធិសេរីភាពគឺត្រូវការណាស់នៅក្នុងប្រទេសនេះ គឺសិទ្ធិពលរដ្ឋដែលត្រូវចូលរួមធ្វើនយោបាយដើម្បីធានាថាការដឹកនាំនយោបាយរបស់មេដឹកនាំនឹងគឺគាត់ដឹកនាំស្របតាមច្បាប់ ដឹកនាំដោយមិនលួចជាតិ ឬក៏មិនដឹកនាំវិលត្រឡប់ទៅរកកុម្មុយនីស្តផ្ដាច់ការសក្ដិភូមិវិញ។ មួយទៀត គឺយើងមើលអំពីសេរីភាពក្នុងកម្រិតប្រទេស បានន័យថាមេដឹកនាំនិងមេដឹកនាំ សិទ្ធិសេរីភាពហ្នឹងសំខាន់ណាស់ បើមិនអីចឹងទេគឺមិនអាចឱ្យមានការប្រកួតប្រជែងថាខ្មែរជាប្រទេសដឹកនាំតាមបែបប្រជាធិបតេយ្យសេរីពហុបក្សទេ។ បើអត់មានសិទ្ធិមនុស្ស ឥឡូវមានគណបក្សនយោបាយណាដែលអាចមានការប្រកួតប្រជែង អាចមានសេរីពហុបក្ស។ បើអត់មានសិទ្ធិមនុស្សអាចមានគណបក្សនយោបាយណាដែលអាចហ៊ានរិះគន់ ឬក៏ប្រកួតប្រជែងនូវគោលនយោបាយនៃការដឹកនាំបក្ស វាប្រាកដជាមានការគាបសង្កត់ វាប្រាកដជាមានការសម្លាប់ ឬក៏ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ហើយមួយទៀតយើងមើលទៅលើកម្រិតក្រៅប្រទេស ឬកម្រិតអន្តរជាតិ ដែលខ្មែរគឺត្រូវការឱ្យមានការគោរពសិទ្ធិមនុស្សព្រោះខ្មែរត្រូវការធ្វើនយោបាយក្រៅប្រទេស។ បើយើងអត់មានសិទ្ធិសេរីភាពទេ នយោបាយរបស់ខ្មែរក្រៅប្រទេសវាអាចបាត់បង់អព្យាក្រឹត វាអាចបាត់បង់ឯករាជ្យ ឬក៏វាអាចស្ថិតនៅក្នុងសម្ពាធរបស់បរទេសណាមួយ ជាពិសេសខ្មែរគឺធ្លាប់ទទួលរងសម្ពាធរបស់បរទេសដែលនៅជុំវិញខ្មែរ ព្រោះខ្មែរស្ថិតនៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ។
Q៖ តើការបញ្ចេញមតិអាចធ្វើឡើងតាមរយៈវិធីណាខ្លះ?
A៖ សេរីភាពនៃការបញ្ចេញមតិយើងអាចធ្វើឡើងតាមរូបភាពទីមួយគឺ យើងជាពលរដ្ឋអាចធ្វើនយោបាយ ព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ[…] គឺបានចែងអំពីសិទ្ធិឱ្យពលរដ្ឋធ្វើការបញ្ចេញមតិ។ យើងជាពលរដ្ឋអាចធ្វើនយោបាយ គឺយើងមានសិទ្ធិក្នុងការបោះឆ្នោត យើងមានសិទ្ធិនៅក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបញ្ចេញមតិទៅលើការដឹកនាំរដ្ឋ ទាំងនយោបាយក្នុងប្រទេស នយោបាយក្រៅប្រទេស។ ទីពីរ គឺយើងជាពលរដ្ឋអាចបញ្ចេញមតិតាមរយៈសិទ្ធិឈរឈ្មោះធ្វើជាមេដឹកនាំនយោបាយ គឺធ្វើជាតំណាងរាស្រ្តនៅក្នុងមាត្រាទី៣៥នៃរដ្ឋធម្មនុញ្ញក៏បានកំណត់ដែរថា ពលរដ្ឋគឺមានសិទ្ធិនៅក្នុងការឈរធ្វើជាតំណាងរាស្រ្តគឺដឹកនាំនយោបាយ។ មួយទៀតគឺ នៅខ្មែរមានលក្ខណៈពិសេសត្រង់ថា យើងមានសិទ្ធិសារព័ត៌មាន អីចឹងការបញ្ចេញមតិអាចមានរូបភាពតាមរយៈសារព័ត៌មាន ជាពិសេសបច្ចុប្បន្ននេះយើងមាន Facebook យើងមាន YouTube Twitters Telegram ទូរទស្សន៍ វិទ្យុអី ដឹងតែមានហើយ គ្រាន់តែថាបច្ចេកវិទ្យា Facebook Telegram YouTube ធ្វើឱ្យពួកយើងជាពិសេស យុវជនអាចរកគ្នាឃើញលឿន ហើយចង់បញ្ចេញមតិលើរឿងអីមួយក៏មានភាពឆាប់រហ័ស។ ដូចករណីភ្នំតាម៉ៅនៅតាកែវនេះអីចឹង បើថាមានការដាក់តំបន់ហ្នឹងមួយឱ្យនរណាគ្រប់គ្រងហើយពលរដ្ឋអត់ពេញចិត្ត ពលរដ្ឋអាចប្រើប្រាស់តែទូរស័ព្ទ បច្ចេកវិទ្យាចាប់ផ្ដើមចេញមតិភ្លាមៗ ចឹងអាចមានការអន្តរាគមន៍បានលឿនដែរ។
Q៖ តើសេរីភាពបញ្ចេញមតិនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានស្ថានភាពបែបណ?
A៖ ខ្ញុំគិតថាស្ថានភាពនៃការបញ្ចេញមតិនៅខ្មែរ យើងអាចបែងចែកជាបីកម្រិត ហើយស្ថានភាពហ្នឹងសុទ្ធតែស្ថិតនៅក្រោមការរឹតត្បិតនៅឡើយទេ។ កម្រិតទីមួយ គឺកម្រិតបុគ្គល។ ខ្ញុំសង្កេតឃើញ គឺការដែលយើងម្នាក់ៗបញ្ចេញមតិយោបល់យើងអត់បានរៀនតាមច្បាប់។ យើងអត់បានរៀនច្បាប់ទេ អីចឹងការបញ្ចេញមតិខ្លះវាទៅជាបរិហារកេរ្តិ៍ ការបញ្ចេញមតិខ្លះវាទៅជារូបភាពជេរប្រមាថដែលវាធ្វើឱ្យខូចដល់បរិយាកាសនៃការធ្វើនយោបាយ ព្រោះតែយើងជេរប្រមាថ គេថាយើងបរិហារកេរ្តិ៍គេ អាចចាប់ដាក់គុកដាក់ច្រវ៉ាក់។ អីចឹងខ្ញុំមើលឃើញថាកម្រិតបុគ្គលគឺយើងអត់បានយល់អំពីកតិកាសញ្ញា អនុសញ្ញាដែលបានចែងអំពីសេរីភាពនៃការបញ្ចេញមតិយោបល់សិទ្ធិធ្វើនយោបាយទេ អត់បានរៀនអំពីរដ្ឋធម្មនុញ្ញ អត់បានរៀនអំពីច្បាប់អន្តរជាតិ និងអត់បានរៀនអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ […] ខ្ញុំឧទាហរណ៍ថា ឥឡូវរឿងថាហាមមិនឱ្យរដ្ឋាភិបាលធ្វើ សម្បទានតំបន់ណាមួយ អីចឹងតាមច្បាប់យើងពលរដ្ឋមានសិទ្ធិនៅក្នុងការការពារភោគទ្រព្យធម្មជាតិរបស់យើង ឱ្យតែតំបន់ហ្នឹងជាតំបន់ដែលពលរដ្ឋទទួលផល ពលរដ្ឋអត់ពេញចិត្តនឹងការឱ្យទៅជាការអភិវឌ្ឍទេ យើងអាចបញ្ចេញមតិបាន យើងអាចប្ដឹងក្រៅប្រព័ន្ធតុលាការ យើងអាចប្ដឹងទៅប្រព័ន្ធតុលាការ។ ទីពីរយើងអាចមើលអំពីរការបញ្ចាញមតិកម្រិតនយោបាយក្នុងប្រទេស បានន័យថារវាងគណបក្សនិងគណបក្ស គាត់បញ្ចេញមតិ។ នៅពេលដែលខ្មែរជាប្រទេសដែលមាននីតិរដ្ឋខ្សោយ គណបក្សនិងគណបក្ស គាត់អត់និយាយរឿងជាតិទេ ទៅជានិយាយរឿងយកឈ្នះយកចាញ់ ទៅជានិយាយរឿងជេរប្រមាថ អីចឹងវាធ្វើឱ្យបាត់បង់ប្រយោជន៍នៃការបង្កើតគណបក្សស្នេហាជាតិផ្សេងៗ ប្រកួតប្រជែងដឹកនាំប្រទេស។ បើមេដឹកនាំឈ្លោះគ្នាអសីលធម៌ នាំឲ្យខ្សោយដល់ការដឹកនាំឲ្យការដឹកនាំសេដ្ឋកិច្ចក៏ត្រូវខ្សោយ វប្បធម៌ក៏ត្រូវខ្សោយ ការអភិវឌ្ឍធនធានមនុស្សអីក៏ត្រូវតែខ្សោយ។ ទីបី យើងអាចមើលទៅលើនយោបាយក្រៅប្រទេស ដែលពលរដ្ឋក៏មានសិទ្ធិបញ្ចេញមតិស្របតាមច្បាប់អន្តរជាតិដែរ។ ឧទាហរណ៍ យើងនៅក្រៅប្រទេស ពលរដ្ឋជនភាសខ្លួន អតីតជនភាសខ្លួនក្ដី គាត់នៅក្រៅប្រទេសគាត់មានសិទ្ធិតវ៉ាទាមទាររឿងទឹកដីព្រោះគាត់នៅតែជាខ្មែរ។ ឥឡូវដូចខ្មែរក្រោមអីចឹងខ្មែរក្រោមជាខ្មែរអីចឹងយើងជាពលរដ្ឋ នៅតែអាចមានសិទ្ធិបញ្ចេញមតិរឿងខ្មែរក្រោមយើងឃើញគេវាយ ចាប់សឹកព្រះសង្ឃនានា យើងមានការឈឺចាប់ ហើយយើងត្រូវជួយ យើងចង់ធ្វើយ៉ាងម៉េចឱ្យមានសន្តិវិធី នីតិវិធី។ អីចឹងខ្ញុំគិតថានៅពេលដែលនយោបាយក្រៅប្រទេសគឺច្បាប់អន្តរជាតិបានអនុវត្តត្រឹមត្រូវ ពលរដ្ឋអត់បានរៀនពីច្បាប់អន្តរជាតិ រៀនអំពីក្រមសីលធម៌ វាធ្វើឱ្យការបញ្ចេញមតិនៅក្រៅប្រទេសបាត់បង់ប្រសិទ្ធិភាពដែរ។ ផ្ទុយទៅវិញសម្លេងនយោបាយនៅក្រៅប្រទេសមានឥទ្ធិពលណាស់។ ហើយនៅកម្ពុជាព្រោះជនភាសខ្លួន អតីតជនភាសខ្លួនគាត់មានឥទ្ធិពលមកលើក្រុមគ្រួសាររបស់គាត់ គាត់មានឥទ្ធិពលនៅតាមប្រទេសទីបីដែលគាត់រស់នៅ។
Q៖ នៅពេលដែលការបញ្ចេញមតិមានការរិតត្បិត តើនឹងធ្វើឱ្យប៉ះពាល់បែបណាខ្លះដល់សង្គម?
A៖ ខ្ញុំគិតថាបើការបញ្ចេញមតិមានរឹតត្បិត ការប៉ះពាល់ទីមួយគឺការប៉ះពាល់សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ ព្រោះប្រទេសប្រជាធិបតេយ្យតម្រូវឱ្យពលរដ្ឋធ្វើនយោបាយ។ អីចឹងបើយើងបាត់បង់ ឬមានការគាបសង្កត់លើសិទ្ធិបញ្ចេញមតិ យើងអត់អាចនិយាយការពិតបាន។ យើងឃើញការដឹកនាំបែបណា យើងឃើញប្រទេសលិចលង់ យើងអត់អាចនិយាយបាន អីចឹងវានឹងបាត់បង់ប្រយោជន៍ជាតិមួយដ៏ធំធេង ហើយបាត់បង់ទាំងសិទ្ធិយើងធ្វើនយោបាយ និងសិទ្ធិនៅក្នុងការដឹកនាំនយោបាយ ព្រោះនិយាយរឿងជាតិនិយាយរឿងការពិតវាទៅជាជាប់គុកជាប់ច្រវ៉ាក់ ឬក៏គ្រោះថ្នាក់ នៅពេលដែលមានការរឹកត្បិតសិទ្ធិសេរីភាពហ្នឹង។ ទីពីរ ខ្ញុំគិតថាវាប៉ះពាល់ធ្ងន់ធ្ងរនឹងគឺវាអាចនាំឱ្យខ្មែរដឹកនាំតាមបែបកុម្មុយនីស្តផ្ដាច់ការ ព្រោះយើងដឹងហើយថាការដឹកនាំតាមបែបប្រជាធិបតេយ្យត្រូវមានសសរស្ដម្ភសិទ្ធិមនុស្សដែលសំខាន់ណាស់។ អីចឹងហើយបានរដ្ឋាភិបាលខ្មែរបានចុះសច្ចាប័នទៅលើកតិកាសញ្ញា អនុសញ្ញា ពិធីសារទាក់ទងនឹងសិទ្ធិមនុស្សគឺដើម្បីឱ្យពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិយោបល់។ អីចឹងបើបាត់បង់សិទ្ធិសេរីភាពបញ្ចេញមតិ ការដឹកនាំខ្មែរនឹងអាចវិលត្រឡប់ទៅរកកុម្មុយនីស្តផ្ដាច់ការសក្ដិភូមិអានឹងគឺរឿងគ្រោះថា្នក់ទីពីរ។ ហើយរឿងគ្រោះទីបីខ្ញុំគិតថាខ្មែរនឹងអាចក្លាយជាប្រទេសដែលងាយបាត់បង់អព្យាក្រឹត ព្រោះដឹងហើយថាសិទ្ធិបញ្ចេញមតិទាំងពលរដ្ឋ ទាំងមន្ត្រី ទាំងមេដឹកនាំនយោបាយវាសំខាន់ដល់ការធ្វើនយោបាយការដឹកនាំនយោបាយ។ អីចឹងបើមានការរឹតត្បិត ឬក៏សិទ្ធិបញ្ចេញមតិនឹងកាន់តែតូចខ្មែរនឹងអាចក្លាយទៅជាប្រទេសបាត់បង់នីតិរដ្ឋ ជាប្រទេសដែលបាត់បង់អព្យាក្រឹត ជាប្រទេសដែលអត់មានឯករាជ្យភាពនៃការដឹកនាំនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេសដោយខ្លួនឯងទេ គឺត្រូវតែស្ដាប់បញ្ជាបរទេស ឬក៏យើងហៅថានឹងក្លាយទៅជាប្រទេសអាយ៉ង ឬក៏ប្រទេសដែលបរទេសនឹងមកឈ្លានពានរហូត។
Q៖ តើត្រូវធ្វើដូចម្ដេចដើម្បីជំរុញ និងលើកតម្កើងសេរីភាពក្នុងករបញ្ចេញមតិនៅកម្ពុជា?
A៖ ខ្ញុំគិតថាមធ្យោបាយទីមួយគឺទាំងកម្រិតយើងជាពលរដ្ឋនិងកម្រិតមន្ត្រីគឺត្រូវតែរៀនច្បាប់ ព្រោះនៅពេលដែលយើងចង់បញ្ចេញមតិដោយសុវត្ថិភាពហើយវាបានប្រយោជន៍ដល់ជាតិ គឺអាស្រ័យលើយើងបញ្ចេញមតិកម្រិតណា។ យើងត្រូវរៀនច្បាប់ ព្រោះទាំងច្បាប់រដ្ឋធម្មនុញ្ញ ទាំងកតិការសញ្ញាអនុសញ្ញាដែលរដ្ឋាភិបាលបានចុះសច្ចាប័នទាំងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណីគឺគេមានចែងតែម្ដង។ យើងអាចនិយាយអីបាន យើងអាចធ្វើសកម្មភាពណាមិនរំលោភដល់អ្នកដទៃ យើងអាចមានគំនិត ដែលមិនប៉ះពាល់ដល់អ្នកដទៃ។ ហើយដូចក្រមព្រហ្មទណ្ឌក៏គេបានចែងដែរ ធ្វើសកម្មភាពណាដែលវាមិនធ្លាក់ចូលទៅក្នុងបទឧក្រិដ្ឋ បទមជ្ឍិម ការរំលោភនានា។ អីចឹងខ្ញុំគិតថាមធ្យោបាយបញ្ចេញមតិដ៏ល្អគឺត្រូវតែរៀនច្បាប់ឱ្យចេះសិន ពេលដែលយើងខំរៀនច្បាប់ យើងបញ្ចេញមតិយោបល់ទៅគឺវានឹងមិនត្រូវធ្វើឱ្យគេចាប់ទុក្ខទោស ឬក៏ចាប់កំហុសយើងបាន ជាពិសេសគឺអ្នកនយោបាយប្រជាភិថុតិ។ អ្នកនយោបាយប្រជាភិថុតិនឹងគឺ អ្នកដែលពាក់ស្លាកថាជាមេដឹកនាំនយោបាយល្អ តែពួកគេគឺចាំតែសម្លុតគំរាមកំហែងពលរដ្ឋ ចាំតែចាប់កំហុសថា នេះការបញ្ចេញមតិអ្នកឯងគឺបរិហារកេរ្តិ៍ ហើយទៅជាយកមកលាបពណ៌ថាអ្នកធ្វើនយោបាយជាតិឬក៏អ្នកស្នេហាជាតិបញ្ចេញមតិជាប់គុកជាប់ច្រវ៉ាក់ តែបើយើងមើលរូបភាពឱ្យមែនទែនទៅគឺដោយសារតែការបញ្ចេញមតិនឹងគឺអត់បាននិយាយតាមច្បាប់ទេ និយាយតាមអារម្មណ៍ និយាយតាមកំហឹង។ ទីពីរខ្ញុំគិតថា ការបញ្ចេញមតិដ៏ល្អគឺយើងត្រូវរៀនពីក្រមសីលធម៌វិជ្ជាជីវៈ។ ឧទាហរណ៍ថា បើប្រើប្រាស់សារព័ត៌មាននៅក្នុងការបញ្ចេញមតិយោបល់យើងត្រូវរៀនពីក្រមសីលធម៌វិជ្ជាជីវៈរបស់សារព័ត៌មាន អ្វីដែលយើងគួរសរសេរ អ្វីដែលយើងនិយាយអ្វីដែលយើងមិនគួរ អីចឹងយើងនឹងសុវត្ថិភាព យើងនឹងប្រើប្រាស់មធ្យោបាយនឹងគឺមានប្រសិទ្ធិភាពខ្ពស់។ ទីបី ខ្ញុំគិតថារាល់ការបញ្ចេញមតិយោបល់នឹងគឺត្រូវប្រកាន់យកសីលសមាធិ។ ត្រង់នេះមានន័យថាគឺត្រូវប្រកាន់យកនូវការមិនជេរប្រមាថ ការមិនលាបពណ៌ តែបើយើងចង់និយាយអ្វីដែលជាការពិតត្រូវតែបញ្ចេញមតិដោយមានភស្ដុតាង ដោយមានអំណះអំណាង ហើយយោងតាមច្បាប់ឱ្យបានជាក់លាក់ទៅ អីចឹងការបញ្ចេញមតិនោះ សារធារណជននឹងមើលឃើញថាមានភាពគ្រប់ជ្រុងជ្រោយ ហើយសាធារណជន អាចចូលរួមបានទៀតកាលណាតែយើងមានភស្ដុតាងសាក្សីអំណះអំណាងជាក់លាក់[…]។
Q៖ តើកញ្ញាមានជាសារអ្វីបន្ថែមពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិនៅកម្ពុជា?
A៖ បើចង់ប្រើប្រាស់សិទ្ធិបញ្ចេញមតិឲ្យបានប្រយោជន៍ដល់ជាតិ គឺយើងត្រូវបញ្ចេញមតិដោយយើងអានច្បាប់មុនសិនមុននឹងបញ្ចេញមតិដើម្បីឱ្យការបញ្ចេញមតិរបស់យើង។ ការយល់ដឹងពីច្បាប់អាចបង្កើនចំណេះដឹងខ្លួនឯង និងធ្វើឲ្យពលរដ្ឋខ្លាំង។ ថ្ងៃក្រោយ បើយើងធ្វើជាមេដឹងនាំ ក៏យើងចេះដឹកនាំនយោបាយដែរ ព្រោះយើងចេះដឹកនាំច្បាប់។ ពេលយើងមើលឃើញការងារក្នុងសង្គមយើងច្រើន បើយើងចង់បញ្ចេញមតិ យើងស្រាវជ្រាវលើរឿងនឹងឱ្យច្បាស់សិន។ ទីពីរគឺ ការបញ្ចេញមតិយើងត្រូវមានភស្ដុតាងសាក្សីអំណះអំណាងកុំគ្រាន់តែបញ្ចេញមតិថាឃើញគេនិយាយអីចឹង អត់ទេ។ ឧទាហរណ៍ថារឿងខ្មែរក្រោមអីចឹង បើយើងចង់បញ្ចេញមតិចង់ជួយខ្មែរក្រោមយើងត្រូវឱ្យខ្មែរក្រោមគាត់មានភស្ដុតាងមក ថាគេផ្សឹកព្រះសង្ឃផ្សឹកនៅពេលណា ផ្សឹកដោយរបៀបណា។ យើងត្រូវមានភស្ដុតាងទើបការបញ្ចេញមតិរបស់យើង មិនរងគ្រោះខ្លួនឯង។ ឧទាហរណ៍ថា យើងមានភស្ដុតាងហើយយើងផ្ញើទៅអង្គការសហប្រជាជាតិ យើងផ្ញើទៅក្រសួងការបរទេស យើងផ្ញើទៅមន្ត្រីពាក់ព័ន្ធ អីចឹងគេមិនអាចប្រកែកបានទេគេមានតែខំស្រាវជ្រាវបន្ថែមលើករណីហ្នឹងព្រោះអ្វីដែលយើងផ្ញើទៅមានគ្រប់ជ្រុងជ្រោយ។ ទីបី ការបញ្ចេញមតិកុំជេរប្រមាថ កុំបរិហារកេរ្តិ៍ ព្រោះវានឹងនាំឱ្យខូចបរិយាកាសនៃការបញ្ចេញមតិរបស់ខ្មែរ។ ឧទាហរណ៍ថាបើយើងជេរប្រមាថ វាអត់បានអីដល់ជាតិមកវិញ ហើយវានាំឱ្យយើងយកភាសាខ្មែរទៅជេរប្រមាថ[…]។ ចំពោះការសរសេរបញ្ចេញមតិ ខ្ញុំយល់ឃើញថាជាគំនិតរបស់ខ្ញុំ អីចឹងពេលអ្នកផ្សេងគេបញ្ចេញមតិគេដែរ យើងចាប់ផ្ដើមទទួលបានគំនិតកាន់តែល្អ យើងនឹងកាន់តែមានចំណេះដឹងច្រើន។ យើងអាចជួយគ្នាផ្សេងទៀតព្រោះ បើខ្ញុំមានឯកទេសខាងបរិស្ថានអីចឹងខ្ញុំអានច្បាប់បរិស្ថានច្រើន អានអំពីបរិស្ថានច្រើនខ្ញុំបញ្ចេញមតិទៅក៏ល្អក៏ផ្ដល់ចំណេះដឹងដល់អ្នកដទៃដែរ ចុះបើយើងនៅក្នុងវិស័យផ្សេងៗគ្នាខំបញ្ចេញមតិមកយើងនឹងមានការអប់រំកាន់តែច្រើន។ […]
Q៖ អរគុណកញ្ញា! ជំរាបលា!
A៖ ចា៎! ជំរាបលា៕
[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]