ល្បែង​​ប្រជាប្រិយ​ខ្មែរ​​មានតួនាទី​យ៉ាង​សំខាន់​ក្នុងការបង្ហាញ​ពីវប្បធម៌ បេតិកភណ្ឌ​ និង​ប្រវត្តិ​សាស្ត្រ​​​​សម្បូរបែបរបស់​​កម្ពុជា និង​ត្រូវបាន​​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ​ល្បែង​ប្រជាប្រិយ​ខ្មែរ ​ មិនត្រឹម​តែ​​ផ្តល់​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​ចំណែកផ្សា​​ភ្ជាប់ពលរដ្ឋកម្ពុជាឲ្យ​ត្រលប់​ទៅ​កាន់ប្រវត្តិសាស្ត្រ​ខ្លួនផងដែរ ។ ​យ៉ាងណា​មិញ ពេលវេលា​បាន​ផ្លាស់ប្តូរ​​ទំនៀម​ទម្លាប់​មួយចំនួន ហើយមាន​​ឥទ្ធិពល​ទំនើបៗ​កាន់តែ​ច្រើន ដែល​ជា​ហេតុ​នាំឱ្យ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​នឹង​ការបាត់បង់។ តាម​រយៈ​ការ​ស្វែង​យល់​ និង​ស្រាវ​ជ្រាវចងក្រងល្បែង​ប្រជាប្រិយ​​ឱ្យ​បានច្បាស់លាស់ កម្ពុជា​​អាច​រក្សា និងលើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជា​បេតិកភណ្ឌ​ពិភពលោក​ផងដែរ។

ខាង​ក្រោម​នេះ​ជា​កិច្ចសម្ភាស​រវាង​លោក​បណ្ឌិត ឈត ប៊ុន​ថង  អនុប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃកម្ពុជា​ជាមួយ​នឹង​កញ្ញា​ ប៉ោក លក្ខិណា​ ​ជា​សិក្ខាកាម​របស់​ Newsroom Cambodia។

Qជម្រាប​សួរ​លោក​បណ្ឌិត​!

A៖ បាទ ជម្រាបសួរ​!

Q៖ តើ​លោក​អាច​រៀប​រាប់​បន្តិច​បាន​ទេអំ​ពី​ប្រវត្តិ​នៃល្បែង​ប្រជា​ប្រិយខ្មែរ​? តើ​ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​អ្វី​ខ្លះ​? តើ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ណា​ខ្លះ​ ដែល​លោក​គិត​ថា​ ពេញនិយម​ជាងគេ?ហេតុអ្វី?

A៖ ឯកសារ​ជា​ច្រើន​មិន​បាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​ជាក់​លាក់​ពេក​ទេ​ទៅ​លើ​កំណើត​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ​។ ប៉ុន្តែ​យើង​មាន​ភ័ស្តុតាង​ខ្លះ​ៗ​នៅ​លើចម្លាក់ ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​ និងគំនូរ​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​។ ឧទាហរណ៍​មាន​ដូចជា​ ល្បែង​ចត្រង្គ​ ឬអុក​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​នៅ​សតវត្ស​ទី​១២​។ ល្បែង​វាយ​កូន​គោល​នៅ​ខឿន​លាន​ជល់​ដំរី នៅ​អង្គរ​ធំ​នៅ​សតវត្ស​ទី​១២​ដែរ។ ក្រៅ​ពី​នេះ​គេ​ឃើញ​មាន​ ល្បែង​ប្រជាប្រិយ​ច្រើន​ដែល​ឆ្លាក់​លើ​ផ្ទាំង​គំនូរ​ព្រះ​វិហារ​វត្ត​កំពង់​ត្រលាច​ជា​ដើម​។ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ​ភ័ស្តុតាង​ខ្លះ​ៗទាំង​នេះ​គឺ​ជា​អ្វី​ដែល​នៅ​សេស​សល់​នៅ​លើជញ្ជាំងប្រាសាទ ឬ​លើ​ផ្ទាំង​គំនូរ​ទេ​។ តាម​ពិត​ដូនតា​យើង​បាន​បង្កើត​ល្បែង​ប្រជាប្រិយ​ច្រើន​ ប៉ុន្តែ​ដោយសារ​តែ​មិន​បាន​កត់​ត្រា​ ដូច្នេះ​យើង​មើល​ឃើញ​តែ​អ្វីដែល​មាន​នៅ​ទី​នោះ​។

ល្បែង​ដែល​នៅ​សេស​សល់​ដល់​សពថ្ងៃ​នេះ មាន​ល្បែង​ខ្លះ​គេ​និយម​លេង និង​ល្បែង​ខ្លះ​គេមិនសូវ​លេង  មានដូចជា ស្តេចចង់​ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល ដណ្ដើមស្លឹកឈើ លោតបាវ វាយក្អម រុញអង្រែ បូមទឹកដាក់ដប ខាំប៉ិគក់។ល។

យើង​ពិបាក​ថា ល្បែង​ប្រជាប្រិយណា​ដែល​មាន​ប្រជាប្រិយ​បំផុត ឬពេញ​និយម​បំផុត​។ វា​អាច​ប្រែ​ប្រួល​តាម​សម័យ​កាល​មួយ​ទៅ​តាម​សម័យ​កាល​មួយ ប្រែប្រួល​ពី​ទីកន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ និង​ពីក្រុមមួយ​ទៅក្រុម​មួយ​ទៀត​។ ល្បែង​មាន​ច្រើន ប៉ុន្តែ​ពេល​វេលា​ ទីកន្លែង​ សម្ភារៈ​មានកំណត់​ ដូច្នេះ​ហើយ​គេ​រៀប​បាន​ប៉ុណ្ណា​ គេ​លេង​ប៉ុណ្ណឹង​។ តែយ៉ាង​ណា​ក៏ដោយ​តាម​ការ​សង្កេត​របស់​ខ្ញុំ​នៅក្នុង​សម័យ​កាល​ថ្មីៗ​នេះ​ យើង​ហាក់​បីដូចជា​ឃើញ​ ល្បែង​ចោល​ឈូង​ បោះ​អង្គុញ​ លាក់​កន្សែង​ ទាញ​ព្រ័ត្រ​មានភាពលេច​ធ្លោជាង​គេ​។ វា​ងាយ​លេង ហើយ​សម្ភារៈ​ដែល​យក​មកលេង​ក៏ងាយ​រក​ដែរ​។

Q៖ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​?​

A៖ បាទ ទាក់ទង​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ពាក់​ព័ន្ធ​នឹង​ការលេង​នេះ​មិន​សូវ​មាន​ភាព​ផុស​ផុល​ទេ​ ហើយ​ក៏​មិន​សូវ​មាន​ច្រើន​ដែរ​ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហាក់​ដូចជា​សង្គម​ខ្មែរ​ទាំង​អ្នក​ជំនាញ​ និង​ក្រសួង​ ឬស្ថាប័ន​ពាក់​ព័ន្ធ​ចាប់​ផ្តើម​សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រោះ​តែ​ប្រជាពល​រដ្ឋរបស់​ខ្លួន​មិន​សូវ​ចូល​ចិត្ត​លេង​។ ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​ទាំង​មនុស្ស​ពេញ​វ័យ និង​យុវជន​ ដែល​មិន​សូវ​លេង​ល្បែង​ប្រជាប្រិយ​នេះ​អាច​មាន​មូលហេតុ​មួយចំនួន។​ទី១​ មនុស្ស​បច្ចុប្បន្ន​គាត់​ប្តូរ​រស​និយម​ ប្តូរ​ចំណាប់​អារម្មណ៍​ ប្តូរ​ចំណង់​ចំណូល​ចិត្ត​។ ទាល់​តែ​ប្តូរ​​ទៅ គាត់​អត់​សូវ​ចូល​ចិត្ត​លេង​។ ទី២​ នៅ​ពេល​ដែល​យុវជន​ ឬ​មនុស្ស​ពេញ​វ័យ​មិន​សូវ​លេង​ហើយ​ ការ​រៀប​ចំ​ ការ​បង្ក​លក្ខណ្ឌ​ដើម្បីឱ្យ​មាន​ល្បែង​ប្រជា​ប្រិយ​នៅ​មាន​នៅ​តាម​វត្ត​អារាម​ ឬ​ទីកន្លែង​ប្រមូល​ផ្តុំ​គា្ន​ផ្សេង​ៗក៏​ហាក់ដូចជា​មិន​បាន​ខ្លាំង​ក្លា​ដែរ​។ នេះ​មានន័យ​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​មិនបាន​សម្រួល​សម្ភារៈ​ បង្កើតគណៈកម្មការ​​ផ្សព្វ​ផ្សាយ​ដើម្បីឱ្យ​មាន​ការ​លេង​។ ចំណុច​ទី​៣ មនុស្ស​បច្ចុប្បន្ន​មាន​ជម្រើស​ផ្សេង​ច្រើន​ មានន័យ​ថា គាត់មិន​ផ្តោត​តែ​លេង​ល្បែង​ប្រជាប្រិយ​​ទេ​ ដោយសារតែគាត់​មាន​ឡាន​ ឬមធ្យោបាយ​ផ្សេងៗ​ គាត់​ទៅ​លេង​នៅ​រមណីយដ្ឋាន​ ឬកន្លែង​កម្សាន្ត​ផ្សេងៗ​ អញ្ចឹង​ក៏​ខក​​ខាន​លេង​ល្បែង​ប្រជាប្រិយហ្នឹងដែរ​។ ទី​៤ ទន្ទឹម​នឹង​មិ​ន​សូវ​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្លួនឯង​ ប្រជាជន​របស់​យើង​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​​បរទេស​​ ជាពិសេស​គឺ​ប្រទេសជិត​ខាង​ដែល​មាន​ដូច​ជា​ការ​​បាញ់​ទឹក​ ការគប់​ទឹក​ ការរាំ​ញាក់​​ជាដើម​។  ចំណុច​ចុងក្រោយ​ ដែលខ្ញុំ​មើល​ឃើញ​គឺ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ជាប្រព័ន្ធ​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​។ នេះ​មាន​ន័យ​ថា វត្ត​អារាម​ ក្រសួង​ធម្មការ​ ក្រសួង​វប្បធម៌​ ក្រសួង​ទេសចរណ៍ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ហាក់ដូច​ខ្វះ​ការ​សហការ​គ្នា​ ដើម្បីធ្វើ​ឱ្យ​ការ​លេង​ល្បែង​ប្រជា​ប្រិយនឹង​មាន​ការ​រស់​រវើក​។  

Q៖ តើ​នៅ​ពេល​ដែល​ល្បែង​ប្រជាប្រិយ​ខ្មែរ​មិន​សូវ​មាន​ការ​និយម​លេង​ តើ​អាច​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នាពេល​អនាគត​?​

A៖ ខ្ញុំ​គិត​ថា​ នៅ​ពេល​ដែល​យើង​អត់​សូវ​និយម​លេង​គឺ​មនុស្ស​ជំនាន់​ក្រោយ​អាច​នឹង​​ស្គាល់តិច​តួច ឬមិន​ស្គាល់ ហើយ​បន្តិចម្តងៗ​អាចឈាន​ដល់​ការ​បាត់​បង់​។ បន្ទាប់​មក​ទៀត​ បើកាល​ណា​វា​បាត់​បង់​ វាបាត់​ចំណែក​ធាតុ​សំខាន់​របស់​វប្បធម៌​។ ទាក់​ទង​នឹងចូល​ឆ្នាំ​ខ្មែរ​មានន័យ​ថា បាត់​នូវ​អត្តសញ្ញាណ​នៃ​សង្ក្រាន្ត​ខ្មែរ​។ បើ​បាត់​អត្ត​សញ្ញាណ​បុរាណ​ វា​នឹង​ជំនួស​នូវ​អ្វី​ដែល​ជា​ការ​និយម​ថ្មី​​។​ ការ​និយម​ថ្មី​មាន​២ប្រភេទ​ ទី១ អ្វី​ដែល​មនុស្ស​បច្ចុប្បន្ន​នឹង​គាត់​បង្កើត​ថ្មី​ និង​ទី២​ ជា​ឥទ្ធិពល​វប្បធម៌​បរទេស​មក​ជំនួស​នូវ​អ្វី​ដែល​យើង​បាត់​បង់​។ នៅ​​បុន្មាន​ឆ្នាំ​ចុងក្រោយ​ នៅ​ពេល​​​ថៃ​​គេដាក់​សង្ក្រាន្តចូលទៅ​ ឃើញ​ថាប្រជាពលរដ្ឋ​ អ្នក​ជំនាញ​ ប្រមុខរដ្ឋាភិបាល​ សម្តែង​ការ​ចាប់​​អារម្មណ៍​។ លោក​បាន​ឱ្យ​កសាង​ឯកសារ​ដើម្បីបញ្ជូល​សង្ក្រាន្ត​ខ្មែរ​ឱ្យបាន​នៅ​ឆ្នាំ​២០២៥​។​ នៅពេល​មាន​ចលនា​បែបហ្នឹង​ យើង​ឃើញ​ថា នៅ​តាមស្ថាប័ន​រដ្ឋ​ នៅ​តាម​​សាលារដ្ឋ​ សាលា​ឯកជន​ បាន​ចាប់​ផ្តើម​រៀប​ចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​រៀងៗ​ខ្លួន ហើយ​ក៏​នាំ​គ្នា​បង្ក​លក្ខណ្ឌ​​ឱ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​។ នេះ​ជា​ពន្លក​នៃ​ក្តី​សង្ឃឹម​។​ គួរ​កត់​សម្គាល់​ថា គេ​ចាប់​ផ្តើម​លេង​បណ្តើរៗ​ ហើយ​នៅ​ថ្ងៃ​អនាគត វានឹង​រស់​ឡើង​វិញ​។

Q៖ តើ​លោក​គិត​ថា​ ភាគី​ពាក់​ព័ន្ធ​គួរ​ធ្វើ​បែបណា​ខ្លះ​ដើម្បីចូល​រួម​លើក​កម្ពស់​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​?​

A៖ តាម​ទស្សនៈ​របស់​ខ្ញុំ​ ទី១​ ផ្តើម​ចេញ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គឺ​ត្រូវ​តែ​គិត​ថា​ ស្ថាន​ភាព​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នាពេល​បច្ចុប្បន្នគឺ​ជា​រឿង​មួយ​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ និង​គួរ​ឱ្យ​ព្រួយបារម្ភ​។ វា​គួរ​ឱ្យ​ព្រួយបារម្ភ​ដោយ​សារ​តែ​​​ការ​លេង​មិន​សូវ​មាន​ភាព​អធិក​អធម​ច្រើន​។ អញ្ចឹង​ទៅ​យើង​បារម្ភ​ថា​ មាន​ការ​ថយ​បន្តិចម្តងៗ​ និង​អាច​ឈាន​ដល់​ការ​បាត់​បង់​។ ភាគី​ពាក់​ព័ន្ធ ខ្ញុំ​គិតថា​ តួអង្គ​សំខាន់​គឺ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្រប់​ស្រទាប់​វណ្ណៈ ជា​ពិសេស​គឺ​យុវជន​។ តួអង្គ​ទី២ គឺ​អាជ្ញាធរដែន​ដី​គ្រប់​លំដាប់​ថ្នាក់​។ ទី៣ វត្តអារាម ទី៤ ក្រសួងធម្មការ​ ទី៥ ក្រសួង​វប្បធម៌​ ទី៦ ក្រសួង​ទេសចរណ៍​ និង​ទី៧ ក្រសួង​ពាក់​ព័ន្ធ​ផ្សេងទៀត​ដូចជា​ក្រសួង​ព័ត៌មាន​ជាដើម​ ដោយសារតែ​គាត់​មានតួនាទី​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដែរ​។​ ខ្ញុំ​មាន​៦ ចំណុច​ដែល​គិតថា​ ក្រសួង​ទាំង​អស់​គួរតែ​រួម​ចំណែក​។ ​ទី១ គាត់​ត្រូវ​ចូល​រួម​លើក​កម្ពស់​និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយពី​ល្បែង​ប្រជាប្រិយ ក៏ដូចជា​អំពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬសង្ក្រាន្ត​ឆ្នាំ​ថ្មី​​។ ទី២​ ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​កំណត់​ទី​តាំង​ និង​រៀបចំ​កន្លែង​សម្រាប់​ផ្តល់​​ឱ្យ​មាន​ការ​លេង​ល្បែង​ប្រជា​ប្រិយ​​។ ពី​មុន​យើង​​លេង​នៅ​វត្ត​អារាម ហើយ​ឥលូវ​នេះ​​វត្ត​អារាម​ខ្លះ​ក៏នៅ​លេងនៅ​ឡើយ​ ហើយ​មួយ​ទៀត​​​យើង​រៀបចំ​ធ្វើ​ពិធី​សង្ក្រាន្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត​ ដើម្បី​ឱ្យ​មាន​ចំណែក​នៃ​ការ​លេង​ល្បែង​ប្រជាប្រិយ​នៅ​ទី​នោះ​។ ការ​បង្កើត​ព្រឹត្តការណ៍ សង្ក្រាន្ត​អង្គរ​ សង្ក្រាន្ត​វត្ត​ភ្នំ​ សង្ក្រាន្ត​បាត់​ដំបង​ សង្ក្រាន្ត​កំពង់​ស្ពឺ​ និង​សង្ក្រាន្ត​ខេត្ត​ផ្សេងៗ​ទៀត​។ ក្នុង​នឹង​យើង​ក៏​បង្កើត​ឱ្យ​មាន​គណៈ​កម្មការ​​​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​។ បើលេង​ត្រូវ​ការ​សម្ភារៈ​ ត្រូវការ​ចំណាយ​មួយចំនួនដែរ​ដើម្បីទិញ​សម្ភារៈ​ តែខ្ញុំ​គិតថា ចំណាយ​មិនច្រើន​ទេ​ដើម្បីទិញ​សម្ភារៈ​។ ដើម្បី​ធានា​ដល់​ការ​លេង​ប្រព្រឹត្តទៅបាន​ស្រួល ​ត្រូវគិត​ទៅ​ដល់​ការ​រៀប​ចំ ការ​សម្រួល​ ការ​ធានា​ដល់​ចរាចរណ៍​ សណ្តាប់​ធ្នាប់​ របៀប​រៀបរយ​ អនាម័យ​ និង​សន្តិសុខ​ ទៅ​ដល់​អ្នក​ចូល​រួម​ទាំង​អស់​ផងដែរ​។

ទី​៥​ ប្រជាពលរដ្ឋ​ ជាពិសេស​យុវជន​ បើ​ឃើញ​មាន​ការ​រៀប​ចំ​ហើយ​ត្រូវ​តែ​ចូល​រួម​។ ការ​ចូល​រួម​របស់​ពួកគាត់​ពិតជា​សំខាន់​សម្រាប់​ខ្លួន​គាត់​ផង​ សម្រាប់​សង្គម​ សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល​ផង ព្រោះថា​ បើកាល​ណា​យើង​ចូល​រួម​លេង​ វា​ធ្វើ​ឱ្យ​ល្បែង​ប្រជាប្រិយ​រស់រាន្តមាន​ជីវិត​ឡើង​វិញ​។ ចុងក្រោយ​ សាលា​រៀន​ ឬក៏ស្ថាប័ន​ ផ្សេងៗ​នឹង​គួរ​ចូល​រួម​ដែរ​ មុន​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។ គាត់​ចូល​រួម​​លេង បង្កលក្ខណ្ឌយ៉ាង​មេច​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ ជាការ​ជម្រុញ​ឱ្យ​ប្អូន​ៗកុមារ​ ឬ​បុគ្គលិក​​របស់​ខ្លួន​មាន​ឱកាស​ដើម្បី​រម្លឹក​ឡើង​វិញ​នូវ​អ្វីដែល​ហៅ​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី។ នៅក្នុង​សង្ក្រាន្ត​ ល្បែង​ប្រជាប្រិយ​មាន​អ្វី​ខ្លះ​ មានអត្ថន័យ​អ្វី​ខ្លះ​ យើង​ពន្យល់​ហើយ​​​យើងលេង។​ មុន​​ចូល​ឆ្នាំ​យើង​លេង​ ចូល​ឆ្នាំ​យើង​លេងទៀត​ ធ្វើ​បែប​នេះ​ជា​បន្ត​បន្ទាប់​ទៅ​សង្ក្រាន្តឆ្នាំ​ថ្មី និង​ល្បែង​​ប្រជាប្រិយ​អាចអភិវឌ្ឍ និង​រស់​រានមាន​ជីវិត​ឡើង​វិញ​។

Q៖ តើ​លោក​គិត​ថា​ ល្បែង​ប្រជាប្រិយ​ខ្មែរ​អាច​ចូល​រួម​ចំណែក​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ដែរ​ឬទេ​? ហេតុអ្វី​?

A​៖ ជាការ​ពិត​ល្បែង​ប្រជាប្រិយ​នេះជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​ក៏​សង្រ្កាន្ត​ឆ្នាំថ្មី​។ នៅ​លើ​ពិភពលោក​នេះ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឬ​សង្កា្រន្ត​ឆ្នាំ​ថ្មី​របស់​គេ​នីមួយ​ៗ គឺ​គេ​បាន​រៀប​ចំ​យ៉ាង​ល្អ​ដើម្បីទាក់ទាញ​ទេសចរណ៍​ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ខ្ញុំ​ធ្លាប់​បាន​ទៅ​ប្រទេស​ចិន ប្រទេស​ឥណ្ឌូ​នេស៊ី ប្រទេសថៃ​។​ ប្រទេសទាំងនេះ​មិនត្រឹម​តែប្រើសង្ក្រាន្ត ឬបុណ្យ​ចូល​ឆ្នាំ​ដើម្បី​ទាក់​ទាញ​ភ្ញៀវបរទេស​ទេ គឺធាតុ​វប្បធម៌ទាំង​អស់ វត្ថុសិល្បៈ​ រួម​ទាំង​ការ​សម្តែង​ជាដើម។ គេ​រៀប​ចំ​ជា​បន្ទប់​ពិព័ណ៌ មហោស្រព​ ហើយ​ការ​សម្តែង​សិល្បៈ​ និង​ការ​តាំងពិព័ណ៌​នេះ ជាការ​ទាក់​ទាញ​ទេសចរណ៍។​ បើ​កាល​​ណា​គេ​មក​ប្រទេស​យើង ​គឺ​គេ​ចង់​មើល​នូវ​អ្វី​ដល​ជា​អត្ត​សញ្ញាណ​​​របស់​យើង​។ ល្បែង​ប្រជាប្រិយ​ខ្មែរ​អាច​ចូល​រួម​ចំណែក​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍ ខ្ញុំ​គិត​ថាបាន ហើយ​​ ហើយ​បើសិន​ជា​ចង់​ប្រើ​ប្រាស់​ល្បែងប្រជាប្រិយខ្មែរដើម្បី​ស្រូបទាញ​ភ្ញៀវ​ទេសចរណ៍ គឺ​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ ឬសង្ក្រាន្ត​ឆ្នាំ​ថ្មីថា គេ​លេង​អី គេ​មានអីខ្លះ​។ ការផ្សព្វ​ផ្សាយ​មិន​គួរ​ធ្វើ​ឡើង​ដោយ​ចៃ​ដន្យ​ ការរៀបចំ​ត្រូវមាន​លក្ខណៈ​ពិសេស​។ លក្ខណៈ​ពិសេសមានន័យថា ការ​រៀប​ចំ​របស់​អាជ្ញា​ធរ​ដោយ​មាន​លក្ខណៈ​ជំនាញ​ច្បាស់​លាស​ គ្រប់​ជ្រុង​ជ្រោយ​ មិន​មែន​ជា​ការ​រៀប​ចំ​ដោយ​សហគមន៍​ទេ។​ បើ​តាម​សហគមន៍​មាន​ន័យ​ថា​ គាត់​ធ្វើ​តាម​បាន​ ធ្វើ​តាម​មាន​ អញ្ចឹង​វា​អត់​អាច​ទាក់​ទាញ​ទេ​។ ក្រសួង​ត្រូវ​តែ​ប្រមូល​ ចងក្រង​ ល្បែង​ប្រជា​ប្រិយ​ឱ្យ​អស់​ ហើយ​កំណត់​ទាំង​អត្ថន័យ​ ខ្លឹមសារ​ កំណត់​ទាំង​វិធី​សម្រាប់​លេង ហើយ​ការ​លេង​ល្បែង​ទាំង​អស់ឱ្យ​ត្រូវ​តាម​ក្បួន​ខ្នាត ចៀស​វាង​យើង​ចម្លង​យក​លក្ខណៈ​បរទេស​ដូចជា​គប់ទឹក​ បាញ់​ទឹក ​បាតម្សៅ​។ យើង​ធ្វើ​ឱ្យជា​លក្ខណៈ​របស់​ខ្មែរ​យើង​។ បើ​យើង​យក​ល្បែង​បរទេស​មក​លេង វា​ស្មើនឹង​យើង​ជួយ​ផ្សព្វ​ផ្សាយ​វប្បធម៌​បរទេស​។ ដូច្នេះ​ ការ​រៀបចំ​ត្រូវតែ​មានលក្ខណៈ​ជំនាញ ជា​លក្ខណៈ​វប្បធម៌​ពិតយប្រាកដ និង​រៀប​ចំ​ឱ្យមាន​អត្តសញ្ញាណ​ខ្មែរ​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​។ ភាគីពាក់​ព័ន្ធត្រូវចូល​រួម​ធ្វើ​ការ​ដោយ​ស៊ី​សង្វាក់ ធ្វើ​ការ​ជាមួយ​គ្នា​ជាប្រព័ន្ធ​ដើម្បីឱ្យ​ការ​រៀប​ចំ​នោះ​ពិត​ជា​ក្លាយ​ជា​កម្លាំង​ចលករ​ ឬក៏​កម្លាំង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​៕​