ប្រជាពលរដ្ឋប្រមាណ ៥០នាក់ ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាជាថ្មី នៅមុខសាលារាជធានីភ្នំពេញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីសុំអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញ ឱ្យផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគេ ក្រោយពីអាជ្ញាធរខណ្ឌមិនឱ្យប្លង់ពួកគាត់ ដោយសារមានក្រុមហ៊ុនឯកជនមួយបានប្ដឹងទប់ស្កាត់។
លោក សឿន សុខុន អាយុ៤២ឆ្នាំ អះអាងជាប្រជាពលរដ្ឋមកពីភូមិដំណាក់សង្កែ មានប្រសាសន៍ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌ បានចែកប្លង់រឹងជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹសនេះ លើកលែងតែរូបគាត់ និងពលរដ្ឋផ្សេងទៀតសរុប ៥៧គ្រួសារ ដែលមានទំហំដីសរុបជាង ៦ ០០០ម៉ែត្រការ៉េ នៅមិនទាន់បានប្លង់នៅឡើយ ដោយសារតែមានក្រុមហ៊ុនឯកជនមួយ ប្តឹងទប់ស្កាត់។
លោកបន្តថា ករណីនេះហើយ បានជាប្រជាពលរដ្ឋនាំគ្នាទៅប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យអភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដោយផ្ដល់ប្លង់រឹងជូនពួកគាត់ ដូចប្រជាពលរដ្ឋផ្សេងទៀត ដោយសារពលរដ្ឋត្រូវការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមកនេះ ដើម្បីមកសុំឱ្យតែអាជ្ញាធរសម្រេចឱ្យប្លង់រឹងពួកខ្ញុំវិញ ព្រោះពួកខ្ញុំមានប្លង់កម្មសិទ្ធិមានអីគ្រប់សព្វបែបយ៉ាង ហើយមានទាំងបង្កាន់ដៃ ដែលក្រុមអាជ្ញាធរចុះបញ្ជីជាប្រព័ន្ធក្បាលដីនេះ ហើយមានទាំងបង្កាន់ដៃ ទៅដកប្លង់រឹង បែរជាថ្ងៃទៅដកហ្នឹង គាត់ផ្អឹបមិនចេញប្លង់រឹងឱ្យពួកខ្ញុំ […] អត់បាច់ចាំត្រូវសិក្សាយូរផងការងារហ្នឹង ព្រោះពួកខ្ញុំមានប្លង់ហើយតើ ហើយក្រុមហ៊ុនអត់មានឯកសារគ្រប់គ្រាន់នៅក្នុងដាក់បណ្ដឹងពួកខ្ញុំផង បែរជាអាជ្ញាធរទទួលពាក្យបណ្ដឹងពួកគេ ហើយមកផ្អឹបប្លង់របស់ពួកខ្ញុំ»។
បុរសដែលមានសមាជិកគ្រួសារ៤នាក់រូបនេះបានឱ្យដឹងថា លោកបានមករស់នៅលើដីរបស់លោកនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ តាំងពីឆ្នាំ២០១៤មកម៉្លេះ ដោយកាលនោះលោកបានទិញដីដែលគេពុះឡូត៍លក់ ហើយលោកមានឯកសារស្របច្បាប់ទាំងអស់ដូចជាឯកសារបញ្ជាក់កម្មសិទ្ធិទាំងឃុំ សង្កាត់ និងខណ្ឌដែលលោកកំពុងរស់នៅ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ឌី ពៅមាលា អាយុ៤៨ឆ្នាំ បានប្រាប់ថា អ្នកស្រីមានដីចំនួន២ឡូត៍នៅភូមិដំណាក់សង្កែ ដោយគាត់បានទិញដីនោះតពីពលរដ្ឋម្នាក់ កាលពីឆ្នាំ២០១៥ ប៉ុន្តែបែរជាក្រុមហ៊ុនអេកូមេហ្គាប៉ូលីសប្តឹងជំទាស់ ដោយថាដីនោះជាដីរបស់ក្រុមហ៊ុនទៅវិញ ខណៈដែលការទិញដីនោះមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ករណីនេះ អ្នកស្រីបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ហាវិវាទដីធ្លីនេះ និងផ្តល់ប័ណ្ណកម្មសិទ្ធិប្រជាពលរដ្ឋ។
អ្នកស្រីបានបន្តថា៖ «យើងមិនត្រូវការពន្យល់អីទេ យើងអត់ត្រូវការបំភ្លឺអីទេ យើងក៏អត់ត្រូវការចង់ដឹងថាមូលហេតុអីបានជាគេមិនចេញប័ណ្ណឱ្យយើងទេ គឺយើងឡើងទៅនេះ[សាលារាជធានីភ្នំពេញ] គឺយើងចង់បានឱ្យអាជ្ញាធរចេញប័ណ្ណឱ្យយើង ពីព្រោះដីហ្នឹង គឺជាដីស្របច្បាប់ទទួលស្គាល់ដោយអាជ្ញាធរខណ្ឌមុនហ្នឹងពេលធ្វើការវាស់វែងដី»។
ជុំវិញរឿងនេះ Newsroom Cambodia មិនអាចទាក់ទងលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ប៉ុន្តែតាមរយៈពាក្យបណ្ដឹងទប់ស្កាត់ ទៅប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមវាលទី៦ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក បានបញ្ជាក់ថា ក្បាលដីចំនួន៥១ នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានចុះបញ្ជីធ្វើប្លង់ដីជាន់លើដីរបស់ក្រុមហ៊ុនអ្នកស្រី ដែលមានទំហំសរុប ២០ ៧២១ ម៉ែត្រការ៉េ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា អាជ្ញាធរគួរស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងផ្ដល់យុត្តិធម៌ដល់ភាគីដែលរងគ្រោះ និងស្នើឱ្យអាជ្ញាធរពន្លឿនការដោះស្រាយជូនពលរដ្ឋចៀសវាងការបង្កការតវ៉ាទាមទារយូរទៅមុខទៀត។
លោកថា៖ «អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង ត្រូវធ្វើការស៊ើបអង្កេតទៅលើរឿងហ្នឹង ហើយនិងផ្ដល់យុត្តិធម៌មិនមែនតែភាគីណាមួយទេ ផ្ដល់យុត្តិធម៌សម្រាប់ភាគីទាំងសង្ខាង ហើយរកឃើញថា ភាគីណាមួយរំលោភបំពាន អាហ្នឹងត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ ជាពិសេសយើងឃើញថា ពលរដ្ឋលោកអះអាងថាលោកបានកាន់កាប់តាំងពីឆ្នាំ៩០ជាងនោះ»។
បើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ នេះជាលើកទី២ហើយដែលពួកគាត់នាំគ្នាទៅប្រមូលផ្ដុំគ្នា នៅមុខសាលារាជធានីភ្នំពេញ សុំការអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញ ក្រោយពីការតវ៉ាលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដែលពេលនោះ អាជ្ញាធររាជធានីភ្នំពេញ សន្យាដោះស្រាយនៅ ២សប្ដាហ៍បន្ទាប់ តែមកដល់ពេលនេះ នៅពុំទាន់ដំណោះស្រាយនៅឡើយ ទើបពលរដ្ឋទាំងនោះទៅប្រមូលផ្តុំទាមទារជាថ្មីទៀត៕