មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែលមានចក្ខុវិស័យលើកកម្ពស់សមភាពយេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបានទូលំទូលាយ និងមានប្រសិទ្ធិភាព។ ការលើកឡើងនេះ កើតមានក្រោយក្រសួងកិច្ចការនារី បានដាក់សម្ពោធ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦» កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។
ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨នេះ គឺជាផែនការមេដើម្បីបង្កើនការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរួមមានសង្គមស៊ីវិលផងដែរ ដើម្បីលើកកម្ពស់ ចក្ខុវិស័យសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅកម្ពុជា។
នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី២ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ទី៣ លើកកម្ពស់សុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី ទី៤ កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី ទី៥ ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច និងទី៦ ស្ត្រីនិងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី១០ ខែមេសា។
ញូស៍រូមខេមបូឌា (Newsroom Cambodia) បានសម្ភាសស្ថាប័នសង្គមស៊ីវិលដែលមានចក្ខុវិស័យក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសមភាពយេនឌ័រ ជាពិសេសលើកកម្ពស់សិទ្ធិស្ត្រីនិងក្មេងស្រីអំពីទស្សនៈរបស់ពួកគាត់ជុំវិញគោលនយោបាយថ្មីនេះ។
កញ្ញាឈុន ចរិយា នៃអង្គការនារីដើម្បីសន្តិភាព(WPM) បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន ដែលក្រសួងកិច្ចការនារីប្រមូលសម្លេងពីគ្រប់តំណាងពាក់ព័ន្ធ ជាអាទ៍នគរបាល មេធាវី អង្គការសង្គមស៊ីវិល។ កញ្ញាថា ការណ៍នេះបង្ហាញពីការវិនិយោគជាប្រព័ន្ធចំពោះធនធានស្ត្រីនៅកម្ពុជា ក៏ប៉ុន្តែនៅខ្វះការរំលេចការដាក់បញ្ចូលក្រុមភាគតិច ឬជនជាតិដើមភាគតិច។
កញ្ញាថា៖ «ទោះបីជាមានការប្រមូលធាតុចូលយ៉ាងណាក៏ដោយ ក៏យើងហាក់មិនឃើញពីការមិនទាន់បញ្ជាក់និងបង្ហាញ ក្រុមភាគតិច ឬជនជាតិដើមភាគតិចទៅក្នុងសកម្មភាពគន្លឹះនៅឡើយទេ ដោយសារតែនៅក្នុងសៀវភៅប្រើពាក្យបរិយាបន្នតែម្តង មិនបានរំលេចក្រុមភាគតិច ឬក្រុមងាយរងគ្រោះបន្ថែមទេ»។
កញ្ញាកត់សម្គាល់ឃើញថា ផែនការថ្មីបានដាក់បញ្ចូលយុទ្ធសាស្រ្តទាក់ទងនឹងសីលធម៌សង្គម និងតម្លៃស្រ្តី ក៏ប៉ុន្តែមិនបានកំណត់ជាក់លាក់ពីនិយមន័យនៃពាក្យតម្លៃស្រ្តី។
កញ្ញាថា៖ «អ្វីដែលគួរអោយកត់សម្គាល់បន្ថែមទៀត គឺនៅក្នុងផែនការថ្មីបានដាក់បញ្ចូលយុទ្ធសាស្រ្តទាក់ទងនឹងសីលធម៌សង្គម និងតម្លៃស្រ្តី ដែលជាកង្វល់របស់ខ្ញុំផងដែរ។ ដោយសារតែមិនទាន់ដឹងជាក់លាក់ពីការកំណត់និយមន័យនៃពាក្យតម្លៃស្រ្តីនៅក្នុងនេះ ហើយអ្វីដែលជាក្តីកង្វល់ គឺការដាក់គំនៀបដល់ស្រ្តីបន្ថែមទៀត»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(TI) បានអបអរសាទរដល់ក្រសួងកិច្ចការនារីដែលមានការជជែកពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ជុំវិញគោលនយោបាយនារីរតនៈទី៦នេះ។ ប៉ុន្តែលោក ចង់ឱ្យមានការពង្រឹងសិទ្ធិអំណាច និងប្រើប្រាស់អំណាចនៃកម្លាំងចលករស្ត្រីឲ្យសាកសមជាអ្នកទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសតួនាទីនិងតំណែងក្នុងការសម្រេចចិត្ត។
លោក ប៉ិច ពិសី បន្ថែមថាការរៀបចំកូតា និងការរៀបចំការគាំទ្រដោយចំពោះដល់ស្ត្រី គឺ ជាការចាំបាច់ដែលជំរុញឲ្យស្ត្រីចូលរួមសម្រេចគោលនយោបាយសំខាន់របស់ជាតិ។
លោកមានយោបល់ថា៖ « យើងដឹងហើយ មានស្ត្រីច្រើនធ្វើការក្នុងស្ថាប័នសាធារណៈ ភាគច្រើនគាត់គ្រាន់តែជាអ្នកបច្ចេកទេស Support (គាំទ្រ) អ្នកគាំពារគេទេ។ បើសិនជាក្រសួងកិច្ចការនារី ឬរដ្ឋាភិបាលអាចរៀបចំកូតា(កំណត់ចំនួន ឬបរិមាណ) សម្រាប់ផ្ដល់សិទ្ធិឱ្យក្មេងស្រីនិងស្ត្រីនៅគ្រប់ស្ថាប័នសាធារណៈ ខ្ញុំគិតថាជារឿងមួយល្អណាស់។ ព្រោះបើយើងអត់កំណត់កូតាទេ តាមធម្មតាការប្រកួតប្រជែកផ្អែកលើចំណេះដឹង ភាគច្រើនដោយសារស្ត្រីខ្វះបណ្ដាញ ខ្វះជំនាញផ្សេងផង ហើយលក្ខខណ្ឌសមស្របរបស់គាត់មិនសូវដូចបុរសដែរ លក្ខខណ្ឌគ្រួសារ លក្ខខណ្ឌសង្គមហ្នឹង»។
អ្នកស្រី ស៊ុន ម៉ាលី ប្រធានផ្នែកស្ត្រីនៃសមាគមអាដហុក(ADHOC-Cambodia)ថា ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦នេះ បានគ្របដណ្ដប់ទៅលើយេនឌ័រ និងភាពអង់អាចក្លាហានរបស់ស្រ្តី ។ កន្លងមកសមាគមអាដហុកក៏ធ្លាប់ចូលរួមជាសម្លេងក្នុងការប្រមូលធាតុចូល ទាំងសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនេះ និងការរៀបចំក្រុមការងាររៀបចំប្រយុទ្ធប្រឆាំងអំពើហិង្សាលើយេនឌ័រ ។
អ្នកស្រីថ្លែងបន្តថា៖ « ប្រសិនជាការអនុវត្តទៅតាមផែនការដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តនេះ បានអនុវត្តទាំងអស់គ្នាដោយមានការចូលរួមពីអង្គការសង្គមស៊ីវិលក៏ដូចជាខាងក្រសួងពាក់ព័ន្ធដែលមានអន្តរក្រសួងដែលជាសមាជិកក្រុមការងារ យើងនឹងមានការឆ្លើយតបនឹងអ្វីដែលយើងបានរកឃើញ អ្វីដែលយើងខ្វះខាតដើម្បីឆ្លើយតប ហើយក៏ជាតម្រូវការជាក់ស្ដែងរបស់ស្រ្តី និងកុមារ»។
អ្នកស្រី អេង ចាន់ឌី នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) ថា ដើម្បីឆ្លើយតបទៅតម្រូវការនិងស្ថាភាពជាក់ស្ដែង ពិសេសលុបបំបាត់គម្លាតយេនឌ័រ គ្រប់ស្ថាប័នត្រូវអនុវត្តតាមយុទ្ធសាស្រ្តនេះ មិនមែនគ្រាន់តែក្រសួងកិច្ចការនារីនោះទេ។
អ្នកស្រីថ្លែងថា៖ «ផែនការយុទ្ធសាស្រ្តនឹងអាចកាន់តែមានប្រសិទ្ធិភាពទៅមុខទៀតលុះត្រាតែក្រសួងនីមួយៗ គាត់ដឹងថាគាត់មានតួនាទីអីគេខ្លះនៅក្នុងហ្នឹង។ ហើយខ្ញុំឃើញថា ផែនការនារីរតនៈទី៦នេះ គឺមានរំលេចច្រើនណាស់ទាក់ទងជាមួយនឹងការតាមដានត្រួតពិនិត្យនិងវាយតម្លៃ បានឆ្លុះបញ្ចាំងឲ្យឃើញថា តើយើងពេលធ្វើសកម្មភាពទៅអាចដើរតាមផ្លូវណា នៅក្នុងការធ្វើវាឲ្យបានជោគជ័យ បូករួមទាំងបញ្ចូលថវិការនៅតាមក្រសួងនីមួយៗផងដែរ»។
គួរបញ្ជាក់ផងដែរថា ការពង្រឹងវិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ ការពង្រីកកម្មវិធីផ្លាស់ប្ដូរឥរិយាបថនិងផ្នត់គំនិតសង្គម ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅគ្រប់កម្រិត ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ទី៥ លើកកម្ពស់ការការពារសិទ្ធិមនុស្សនិងកាត់បន្ថយហិង្សាយេនឌ័រ ព្រមទាំងការពង្រឹងការធ្វើអភិបាលកិច្ចនិងធ្វើទំនើបកម្មក្រសួងកិច្ចការនារី និងអង្គភាពចម្រុះ ឱ្យក្លាយជារដ្ឋបាលសាធារណៈនិងឌីជីថលទំនើប គឺជាគោលបំណងចម្បងៗនៃ«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»នេះ៕