ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(UN) ដែលចោទប្រកាន់កម្ពុជាថា ធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្ស។
ការឆ្លើយតបបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់កម្ពុជាថា «មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស» ក្រោយមានការចាប់ខ្លួនលោក កើត សារ៉ាយ។
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវ ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ការចោទប្រកាន់ថា កម្ពុជាបំពានសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវីធី ដូចដែលត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)» គឺជាការភន្តច្រឡំដែលនាំឱ្យមានការយល់ខុសទាំងស្រុង ព្រមទាំងមិនបានឆ្លុះបញ្ចាំងពីតថភាពលម្ហពលរដ្ឋ និងនយោបាយនៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែល បន្តថា៖ «សិទ្ធិមនុស្ស រួមទាំងសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធី មិនមែនជាសិទ្ធិដាច់ខាតនោះទេ។ សិទ្ធិសេរីភាពទាំងអស់នេះ ត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវ និងដែនកំណត់ចែងដោយច្បាប់ ដូចមានកំណត់នៅក្នុងបញ្ញត្តិមាត្រា១៩(៣) មាត្រា ២១ និងមាត្រា២២(២) នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តសិទ្ធិ និងសេរីភាពតាមបែបប្រជាធិបតេយ្យ មិនអាចផ្តាច់ចេញពីនីតិរដ្ឋ ហើយគោលការណ៍នេះ ត្រូវអនុវត្តដោយស្មើភាពចំពោះប្រជាពលរដ្ឋទាំងអស់។ ប្រភពដដែល បន្តទៀតថា សិទ្ធិមនុស្សនៅកម្ពុជា កំពុងមានការវិវត្ត ហើយរាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សបន្ថែមទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយ ដោយអំពាវនាវឱ្យកម្ពុជាបញ្ចប់រាល់ទង្វើនៃការយាយី និងការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជន សង្គមស៊ីវិល ដោយអនុញ្ញាតឱ្យពួកគេអនុវត្តសិទ្ធិស៊ីវិល និងនយោបាយរបស់ពួកគេដោយសេរី។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីពួកគេសង្កេតឃើញថា ក្នុងមួយរយៈពេលចុងក្រោយនេះ សកម្មជននយោបាយ សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សមួយចំនួន ត្រូវបានអាជ្ញាធរកោះហៅ ឬចាប់ខ្លួនពីបទចោទនានា ពាក់ព័ន្ធនឹងកិច្ចការងារដែលពួកគេធ្វើ។
ជាក់ស្តែងដូចជាការចាប់ខ្លួនប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ពីបទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទមជ្ឈឹម ដែលត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនក្រោយលោកបញ្ចេញមតិការពារពលរដ្ឋរឿងវិវាទដីធ្លីនៅខេត្តព្រះវិហារ។
ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ លើកឡើងទៀតថា៖ «យើងឃើញមានការអនុវត្តដែលបំពានយ៉ាងច្បាស់លើសិទ្ធិសេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំដោយសន្តិវិធីដូចដែលបានធានានៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)»។
ពួកគេបន្តថា៖ «ការដែលអនុវត្តបែបនេះ នឹងបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចការងារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយអាចរារាំងមនុស្សជាច្រើនពីការចូលរួមក្នុងបញ្ហាសិទ្ធិមនុស្ស»។
ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ក៏បានទទូចឱ្យអាជ្ញាធរកម្ពុជា «លុបចោលនូវច្បាប់ជាតិ ជាពិសេសក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនស្របតាមស្តង់ដារអន្តរជាតិ» និងចូលរួមសន្ទនាជាមួយគណបក្សប្រឆាំង សង្គមស៊ីវិល គោរពតាមភាពចម្រុះនៃមតិ និងធានាថាច្បាប់របស់ប្រទេសស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
ទាក់ទងនឹងករណីនេះដែរ តាមរយៈសំណេរមួយរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា នៅកម្ពុជា អ្នកតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សមួយចំនួន មិនដែលលើកយកដែនកំណត់ និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មកនិយាយម្តងណាឡើយ ពោលគឺពួកគេនិយាយតែពីសិទ្ធិសេរីភាពគ្មានព្រំដែន។
លោកបានសរសេរបន្ថែមទៀតថា៖ «ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែលកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយ ដែលលាក់នៅពីក្រោយខ្នង ដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់»។
លោកក៏បានអំពាវនាវឱ្យអ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយ មានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ។
លោកបានបញ្ជាក់ថា៖ «ការលាក់បាំងការពិត និងព្យាយាមការពារអ្នកប្រព្រឹត្តខុសច្បាប់ មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការលើកទឹកចិត្តឱ្យមានការបំពានច្បាប់ និងបំពានសិទ្ធិអ្នកដទៃដែលជាប្រភពនៃភាពអនាធិបតេយ្យក្នុងសង្គមទៅវិញទេ»។
ជុំវិញករណីនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថា ស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា នៅតែមិនទាន់មានភាពប្រសើរឡើង ខណៈកម្ពុជាតែងតែច្រានចោលនូវការរិះគន់ទាំងឡាយពីសំណាក់អ្នកជំនាញនានា។
លោកមានប្រសាសន៍ថា៖ «ជាធម្មតា ខ្ញុំតែងតែសង្កេតឃើញថាជាទម្លាប់ទៅហើយ នៅពេលដែលមានការរិះគន់ និងការលើកឡើងអំពីការរឹតត្បឹតសិទ្ធិសេរីភាពជាមូលដ្ឋានក្តី ការធ្លាក់ចុះនៃសេរីភាព និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្តី ភាគីកម្ពុជាតែងតែធ្វើការច្រានចោល និងបដិសេធ។ […] ខ្ញុំនៅតែមើលឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែមានចន្លោះប្រហោង និងមានបញ្ហាច្រើន ហើយក្នុងភាពមួយដែលថា សេរីភាពជាមូលដ្ឋាននៅតែមានការរឹតត្បិត ការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពសារព័ត៌មានជាដើម»។
លោកបានបន្តថា ការចោទប្រកាន់ និងការច្រានចោលទាំងឡាយ មិនមែនជាដំណោះស្រាយដែលល្អនោះទេ ហើយលោកទទូចឱ្យភាគីកម្ពុជាគួរតែមើលនូវអ្វីដែលជាចំណុចខ្វះខាត និងធ្វើការកែលម្អដើម្បីទទួលបានផលប្រយោជន៍ច្រើន៕