ក្រុមសកម្មជនចលនាមាតាធម្មជាតិ ឱ្យដឹងថា មេធាវីការពារក្តីរបស់ពួកគេ បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំពន្យាពេលក្នុងការចូលរួមសវនការ លើសំណុំរឿង ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោមហេតុផលថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដោយសារទើបតែទទួលបានលិខិតអញ្ជើញ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញលោក សំ ចំរើន មេធាវីការសិទ្ធិឱ្យសកម្មជនចលនាមាតាធម្មជាតិចំនួន ៧រូប ឱ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីការពារសិទ្ធិឱ្យកូនក្តីរបស់ខ្លួនក្នុងសវនាការ លើសំណុំរឿង ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។ ប៉ុន្តែបើតាមក្រុមសកម្មជនចលនាមាតាធម្មជាតិ មេធាវីរបស់ពួកគេទើបតែទទួលបានលិខិតអញ្ជើញនោះ នៅថ្ងៃទី២២ ខែមេសា។
សកម្មជនចលនាមាតាធម្មជាតិទាំង ៧រូបនោះ រួមមាន កញ្ញា ស៊ុន រដ្ឋា, កញ្ញា ឡុង គន្ធា, លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា, កញ្ញា ភួន កែវរស្មី, លោក លី ចាន់ដារ៉ាវុត និងលោក អេឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិសសិន ដែលជាស្ថាបនិកអង្គការចលនាមាតាធម្មជាតិ។
លោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសានេះថា មេធាវីការពារក្តីឱ្យសកម្មជនទាំង៧រូប បានដាក់ពាក្យស្នើសុំទៅចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី២២ ខែមេសា ដើម្បីសុំពន្យាពេលសវនាការ ដោយសារតែពួកគេទើបតែឃើញលិខិតអញ្ជើញនោះនៅថ្ងៃម្សិលមិញ ហើយមកដល់ពេលនេះពួកគេនៅមិនទាន់ទទួលបានលិខិតនោះផ្ទាល់នៅឡើយ។
លោកមានប្រសាសន៍ថា៖ «ស្អែកនេះ[ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤]ពួកខ្ញុំទាំង ៦នាក់ ដែលមាន[ឈ្មោះ]នៅក្នុងដីកានេះ ទាំងមេធាវីរបស់ពួកយើង គឹពួកយើងមិនទៅសវនាការជំនុំជម្រះនោះទេ ដោយសារតែយើងមិនទាន់បានរៀបចំខ្លួនរួចរាល់នៅក្នុងការចូលរួម។ មួយវិញទៀត ក្នុងនាមជាជនត្រូវចោទ ក៏មិនទាន់ទទួលបានដីកាផ្ទាល់ដៃដែរ អីចឹងយើងអត់ទៅចូលរួមសវនាការនោះទេ»។
ករណីនេះ លោកស្នើឱ្យតុលាការផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់ ក្នុងការចូលរួមសវនាការ ជាជាងចេញលិខិតអញ្ជើញមក ប៉ុន្តែមិនបានបញ្ជូនមកកាន់ពួកគេ ដែលធ្វើឱ្យពួកគេមិនអាចជជែកជាមួយមេធាវី និងត្រៀមខ្លួនជាមុនបាន។
ជាមួយគ្នានេះដែរ លោក ថុន រដ្ឋា យល់ថា ការដែលតុលាការនៅបន្តចោទប្រកាន់ពួកគេបែបនេះ ជាការរំលោភសិទ្ធិសេរីភាពរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ និងមិនមានអ្វីចំណេញអ្វីមកកាន់ជាតិ និងរដ្ឋាភិបាលនោះទេ។
ចំណែក លោក យឹម លាងហ៊ី ជាសកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀត បានលើកឡើងថា ដំណើការនីតិវិធីនៅតុលាការ ដែលនៅបន្តចោទប្រកាន់ពួកគេនេះ ជារូបភាពមួយគំរាមគំហែង និងជាការបន្លាចដល់មនសិកា និងស្មារតីរបស់សកម្មជន និងយុវជនផ្សេងៗទៀតដែលធ្វើសកម្មភាពការពារបរិស្ថាន។
លោកថ្លែងថា៖ «តិចឬច្រើនចំពោះដំណើរការនៃនីតិវិធីតុលាការនេះ វានៅតែជាការបង្ហាញពីការបិទសេរីភាពលំហការងារសង្គមស៊ីវិល ការងារសកម្មជនសិទ្ធិមនុស្ស បរិស្ថាន។ រដ្ឋាភិបាលកម្ពុជា មានការរិតត្បិត»។
លោកបន្ថែមថា៖ «មែនទែនទៅពិភពលោកហាក់ទទួលស្គាល់ទៅអំពីភាពសកម្ម នៃការងារដើម្បីបរិស្ថានរបស់សកម្មជនយុវជនមាតាធម្មជាតិ ដូច្នេះទេអាជ្ញាធរ ឬតុលាការគួរតែទម្លាក់បទចោទទាំងអស់ ដែលមានលើសកម្មជនមាតាធម្មជាតិ[…] ដើម្បីបង្ហាញថា រដ្ឋាភិបាលកម្ពុជាក៏មានការលើកទឹកចិត្ត ចំពោះយុវជនដែលចូលរួមការងារសង្គមជាតិ ការងារបរិស្ថានដែរ»។
លោកមេធាវី សំ ចំរើន និងលោក សាម សុគន្ធា ដែលជាមេធាវីការពារក្តីឱ្យសកម្មជនមាតាធម្មជាតិ បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ។
Newsroom Cambodia ក៏មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃអង្គារនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឱ្យដឹងថា មេធាវីដែលការពារក្តីឱ្យសកម្មជនទាំងនោះ បានដាក់ពាក្យសុំពន្យាពេល ដោយសារពួកគាត់ជាប់ភារកិច្ចផ្សេងនៅថ្ងៃសវនាការនោះ។ ជាមួយគ្នានេះដែរ លោកបានស្នើឱ្យតុលាការពិនិត្យឡើងវិញ ដើម្បីធានាថាដីកាកោះរបស់តុលាការ គឺប្រើនីតិវិធីក្នុងការបញ្ជូនទៅអ្នកពាក់ព័ន្ធក្នុងសំណុំរឿងបានលឿន និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ជនជាប់ចោទ និងមេធាវីការពារក្តីរបស់ពួកគេ អាចត្រៀមខ្លួនចូលរួមទៅតាមនីតិវិធីរបស់តុលាការ ។
លោកថ្លែងថា៖ «សវនាការនេះជិតដល់ថ្ងៃហើយ យុវជនទាំង៦នាក់ មិនទាន់បានទទួលដីកាកោះ ចំណែកមេធាវីទើបទទួលលិខិតអញ្ជើញ ដូច្នេះពេលវេលានេះមិនគ្រប់គ្រាន់សម្រាប់យុវជនទាំង ៦នាក់ និងមេធាវី ដើម្បីត្រៀមខ្លួនចូលរួមសវនាការទេ ដូច្នេះតុលាការគួរពិនិត្យឡើងវិញលើនីតិវិធី និងមធ្យោបាយក្នុងការបញ្ជូនដីកា ដើម្បីឱ្យយុវជនទាំង ៦នាក់ និងមេធាវីទទួលដីកាបាននូវពេលវេលាសមស្របមួយ ក៏ដូចជាសំណុំរឿងផ្សេងៗទៀតផងដែរ»។
កាលពីខែមិថុនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់សកម្មជនបរិស្ថាន កញ្ញា ស៊ុន រដ្ឋា និងលោក យីម លាងហ៊ី ពីបទរួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ខណៈលោក លី ចាន់ដារ៉ាវុត ត្រូវបានតុលាការចោទពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ដែរ ក្រោយធ្វើវីដេអូទាមទារឱ្យទម្លាក់ការចោទប្រកាន់ទៅលើសកម្មជនបរិស្ថាន។ ក្នុងសំណុំរឿងក្ដីនេះដែរ កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ក្នុងពេលឃុំខ្លួននៅពន្ធនាគារ តុលាការក៏បានចោទប្រកាន់ពួកគាត់មួយបទល្មើសទៀត គឺបទរួមគំនិតក្បត់ បន្ថែមលើបទចោទញុះញង់ ដែលពួកគាត់ត្រូវបានឃាត់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០២០។
អង្គការចលនាមាតាធម្មជាតិ ដែលមានទីតាំងនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសសម្រេចលុបចោល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពមួយចំនួនប្រឆាំងទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង និងប្រឆាំងការបូមខ្សាច់នៅក្នុងខេត្តកោះកុង ដែលអាជ្ញាធរអះអាងថាល្មើសច្បាប់នៅកម្ពុជា៕