ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានយល់ព្រមទទួលយកការសុំអភ័យទោសពី លោក ជា ប៉ូច អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ហើយលោកនឹងឱ្យមេធាវីរបស់លោក ដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីឱ្យបានឆាប់។
យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានលើកឡើងថា ក្រោយទទួលបានលិខិតរួច លោកយល់ព្រមទទួលយកការសុំអភ័យទោស ពីលោក ជា ប៉ូច ហើយលោកនឹងឱ្យមេធាវីដកពាក្យបណ្តឹងចេញពីតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះឱ្យបានឆាប់។
លោកបន្តថា រូបលោកនឹងទទួលយកការសុំទោស និងលើកលែងទោសចំពោះមនុស្សផ្សេងទៀត ដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនជនក្បត់បីជំនាន់ (ទំនងជាសំដៅទៅមេដឹកនាំនយោបាយប្រឆាំង លោកសម រង្ស៊ី) ប៉ុន្តែលោកនឹងអត់ឱនឱ្យជនណា ឬក្រុមណាដែលបន្តដើរតាមជនក្បត់បីជំនាន់នោះឡើយ។
ក្នុងសំណេរដដែលនោះ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងនឹងបន្តប្រើផ្លូវច្បាប់ ដើម្បីចាត់ការលើក្រុមណា ឬបុគ្គលណា ដែលជេរប្រមាថមួលបង្កាច់មកលើគណបក្ស ឬមកលើខ្ញុំតទៅទៀត ដោយគ្មានការលើកលែង។ យើងមិនអាចអត់ឱនឱ្យបានទេ ចំពោះជនណាឬក្រុមណាក៏ដោយ មិនថាខ្មែរ ឬបរទេស ដែលចង់ដុតផ្ទះយើង ដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។
ប្រធានក្រុមមេធាវីរដ្ឋាភិបាល និងជាមេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា លោក គី តិច មានប្រសាសន៍នៅថ្ងៃទី២៤ ខែមេសានេះថា រូបលោកបានទទួលការណែនាំពីប្រធានគណបក្សរួចហើយ ហើយបាននិងកំពុងរៀបចំនីតិវិធីក្នុងការដកពាក្យបណ្តឹងពីតុលាការ។
លោកបានថ្លែងថា៖ «ខ្ញុំបានទទួលការណែនាំ ចំណាត់ការតាមផ្លូវច្បាប់ បាននិងកំពុងអនុវត្ត»។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ លោក ជា ប៉ូច អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង និងកំពតនៃអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបង្ហាញពីការសោកស្តាយចំពោះសកម្មភាព និងការប្រើប្រាស់ពាក្យពេចន៍មួយចំនួនរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រដ្ឋាភិបាល ជាពិសេសធ្វើឱ្យប៉ះពាល់ដល់លោក ហ៊ុន សែន។
លិខិតដដែលរបស់លោក ជា ប៉ូច បានលើកឡើងបន្តថា រូបលោក បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំងផងដែរ។
លោក ជា ប៉ូច បានបញ្ជាក់ក្នុងលិខិតថា៖ «ខ្ញុំបាទសូមគោរពស្នើសុំសម្តេចតេជោ មេត្តាអធ្យាស្រ័យ និងសុំឱ្យតុលាការលើកលែងការចោទប្រកាន់ដល់រូបខ្ញុំបាទ ចំពោះទង្វើដែលខ្ញុំបាទបានប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីលោក ជា ប៉ូច បាននោះទេ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា របថនយោបាយនៅកម្ពុជា ដែលឈានដល់ដំណាក់កាលនេះ អាចបណ្តាលមកពីអ្នកនយោបាយទាំង២ប៉ូល រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី មិនអាចរកចំណុចរួមគ្នាបាន ទើបឈានដល់ការអនុវត្តយន្តការធ្វើឱ្យភាគីម្ខាងទាល់ច្រក និងរកមធ្យោបាយចុះចូល។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការយល់ព្រមរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងអតីតគណបក្សប្រឆាំងហ្នឹង គឺជាយន្តការនៃការអនុវត្តនយោបាយ IF (Isolate and Finish) មានន័យថា ធើ្វឯកោហើយបញ្ចប់ លោក សម រង្សី យន្តការហ្នឹងមានប៉ុន្នឹង ធ្វើឱ្យក្រុមនយោបាយគណបក្សប្រឆាំង គាត់ទល់ដៃទល់ជើង ដើម្បីរកមធ្យោបាយចុះចូល នេះជាយន្តការដែលយើងមើលឃើញនៅក្រៅឆាក ប៉ុន្តែនៅពីក្រោយឆាកប្រហែលជាមានរឿងរ៉ាវពិបាកជាងហ្នឹង បានជាអ្នកនយោបាយទំាងអស់នេះ ដែលកន្លងមកសុទ្ធតែជាអ្នកស្រួចស្រាវខាងជាមួយ លោក សម រង្សី សុំចុះចូលនេះ»។
តែយ៉ាងណា លោកថា ការអនុវត្តនយោបាយបែបនេះ មិនមែនជាគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយនោះទេ។
លោកថា៖ «ខ្ញុំគិតថា នយោបាយនេះ គឺដោយសារតែអ្នកនយោបាយពីប៉ូល គឺលោក សម រង្ស៊ី និងលោក ហ៊ុន សែន មកដល់របថនេះ ប្រហែលរកចំណុចមួយមិនអាចរកចំណុចរួមគ្នាបានហើយ ចឹងការធើ្វនយោបាយផ្តាច់ផ្តិលនេះ គឺជានយោបាយទឹកឡើងត្រីស៊ីស្រមោច វាមិនជាទម្លាប់ ឬក៏គំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហានយោបាយនៅកម្ពុជា ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញ និងពិបាកទស្សន៍ទាយជាមុនបាន។ តែយ៉ាងណា លោកយល់ថា ជារឿងល្អមួយដែលអ្នកនយោបាយមានការយោគយល់គ្នា និងសម្របសម្រួលគ្នា ដើម្បីឱ្យមានភាពចម្រុះខាងនយោបាយនៅក្នុងសង្គមកម្ពុជា។
លោកបន្តថា៖ «យើងដឹងហើយថា ទោះបីជាអ្នកដែលមានគំនិតខុសគ្នាក៏ដោយ ក៏មានគោលដៅតែមួយគត់ គឺដើម្បីគិតអំពីផលប្រយោជន៍ស្រុកទេស បានន័យថា អ្នកដែលមានគំនិតខុសគ្នា គឺជាទូទៅនៅក្នុងនយោបាយប្រជាធិបតេយ្យ គេមិនចាត់ទុកគ្នាជាសត្រូវទេ គេចាត់ទុកជាមិត្ត ប៉ុន្តែគ្រាន់តែទាស់គ្នាលើសំដី លើទស្សន: ប៉ុន្តែមិនមែនទាស់គ្នា ចាត់ទុកគ្នាជាសត្រូវដែលមិនអាចជួបមុខគ្នា ធើ្វការជាមួយគ្នាបាននោះទេ។ ចឹងការឆ្លើយឆ្លងតាមលិខិត ការមានការយោគយល់ស្រុះស្រួលនេះ ខ្ញុំថាជារឿងមានសំខាន់ សង្ឃឹមថា អាចនឹងមានការផ្តល់នូវការអធ្យាស្រ័យសំរាប់សកម្មជន និងអ្នកនយោបាយផ្សេងៗទៀត ដើម្បីធើ្វឱ្យមានភាពចម្រុះកាន់តែរស់រវើកនៃនយោបាយកម្ពុជា នាថ្ងៃអនាគត»។
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ជា ប៉ូច ធ្លាប់បានចេញលិខិតសុំទោសទៅលោក ហ៊ុន សែន ជាសាធារណៈម្តងរួចហើយ ដោយលោកទទួលស្គាល់កំហុសនូវអ្វីដែលលោកបាននិយាយថា «គោលដៅខ្ញុំគឺទម្លាក់លោក ហ៊ុន សែន ឱ្យបាន»។ ក្នុងលិខិតនោះ លោក ជា ប៉ូច បានពន្យល់លោក ហ៊ុន សែន ថា ការថ្លែងរបស់លោកកាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំពង្រឹងសកម្មជននៅទីស្នាក់ការគណបក្សភ្លើងទៀន រាជធានីភ្នំពេញនោះ គឺខ្វះការពិចារណា និងនិយាយដោយមិនបានគិតវែងឆ្ងាយ។ តែយ៉ាងណា ភ្លាមៗក្រោយពីទទួលបានលិខិតរបស់លោក ជា ប៉ូច នាអំឡុងពេលនោះ លោក ហ៊ុន សែន បានច្រានចោលមិនទទួលការសុំទោសពីអ្នកនយោបាយជំទាស់រូបនោះឡើយ ដោយផ្តល់ហេតុផលថា លោក ជា ប៉ូច ជាមនុស្សមិនសូវមានភាពស្មោះត្រង់ ហើយនៅតែមានទំនាក់ទំនងជាមួយជនក្បត់ជាតិបីជំនាន់៕