ការនាំចូលប្លាស្ទិកមកកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួនជាង ២១ ៤៩0 គីឡូក្រាម ថយចុះ៧៥% បើធៀបនឹងពេលដដែលកាលពីឆ្នាំ២០២៣។ នេះបើតាមសារបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិសា្ថន។
ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤បញ្ជាក់ថា មានក្រុមហ៊ុនតែមួយប៉ុណ្ណោះដែលបាននាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុបចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម។ ហើយការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម មានក្រុមហ៊ុនចំនួន២ ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ក្នុងបរិមាណចំនួន ៩ ១៥២,៤៤ គីឡូក្រាម។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលប្លាស្ទិកសរុបទាំងពីរប្រភេទមានចំនួន ៨៤ ៨៧៧,៣៨គីឡូក្រាម។
យោងតាមការរាយការណ៍របស់ UNDP ក្នុងរាជធានីភ្នំពេញតែមួយ ថង់ប្លាសិ្ទកចំនួន១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ការប្រើប្រាស់ថង់ប្លាសិ្ទកនេះ ស្ថិតក្នុងរូបភាពជាអាជីវកម្មលក់ដូរតូចធំ ដូចជាហាងលក់សម្លៀកបំពាក់ តូបអាហារជាដើម។ អាជីវកម្មទាំងនោះ ជំរុញឱ្យមានការប្រើថង់ប្លាស្ទិកតម្លៃថោក ដើម្បីខ្ចប់ទំនិញ ឬបម្រើសេវាកម្មរបស់ខ្លួន។
ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងបរិស្ថានដដែល បានស្រង់សម្តីរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា ការថយចុះនេះជាសញ្ញាវិជ្ជមានបង្ហាញថា ការអប់រំផ្សព្វផ្សាយពីការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្លាស្ទិក កន្លងមកទទួលបានជោគជ័យ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ Newsroom Cambodia បន្ថែមថា ការថយចុះការនាំប្លាស្ទិកនេះកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ក្រសួង ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងការផ្លាស់ប្តូរផ្នត់គំនិតលើការប្រើប្រាស់បា្លស្ទិករបស់ប្រជាពលរដ្ឋ។
លោក ខ្វៃ អាទិត្យា បន្ថែមថា៖ «យើងឃើញថាជោគជ័យដោយសារតែមានការកែប្រែ ផ្នត់គំនិត ការឈប់ប្រើប្រាស់ថង់ប្លាស្ទិកនេះ បានន័យថា ប្រជាពលរដ្ឋបានជ្រួតជ្រាប។ តាមរយៈនេះ គាត់មានការគិតគូរចំពោះសុខភាព គិតគូរចំពោះបរិស្ថាន អ៊ីចឹងហើយការបញ្ជាទិញ ឬការប្រើប្រាស់អីហ្នឹង មានការថយចុះ»។
ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នេះ ត្រូវបានក្រសួងបរិស្ថានប្រកាសចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមគេហទំព័ររបស់ UNDP ប្លាស្ទិកចំនួន ៤៣០ លានតោនត្រូវបានផលិតជាប្រចាំឆ្នាំជុំវិញពិភពលោក។ ប្លាសិ្ទក មានផ្ទុកសារធាតុគីមីច្រើនជាង១៣,០០០ ប្រភេទដែលមានផលប៉ះពាល់ដល់សុខភាពមនុស្ស និងធម្មជាតិ។ សារធាតុគីមីនេះ អាចលេចចេញពីប្លាស្ទិកទៅកាន់ដី ខ្យល់ និងទឹក ទៅតាមដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់បា្លស្ទិក៕