ធនាគារអេស៊ីលីដា នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានហៅការចុះផ្សាយរបាយការណ៍របស់អង្គការសង្គមស៊ីវិលមួយក្រុមពាក់ព័ន្ធនឹង «ការជំពាក់បំណុលវ័ណ្ឌករបស់កម្មករក្នុងវិស័យកាត់ដេរ» ថាជា «ការបំភ្លៃ និងបង្កឲ្យមានចលាចលក្នុងសង្គម»។
សេចក្តីថ្លែងការណ៍របស់ធនាគារអេស៊ីលីដា ធ្វើឡើងបន្ទាប់ពីក្រុមសង្គមស៊ីវិល និងសហជីពមួយក្រុមនៅដើមសប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍សិក្សាមួយឈ្មោះថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក៖ ភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា» ដោយបានរកឃើញថា កម្មករ-កម្មការិនីរាប់ម៉ឺននាក់កំពុងជួបការលំបាកខ្លាំងដោយសារតែបំណុល។
បើតាមសេចក្តីថ្លែងការណ៍របស់ធនាគារអេស៊ីលីដាលើកឡើងថា ស្ថាប័នសង្គមស៊ីវិល សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ថាកំពុងតែបំភ្លៃ និងបំភ័ន្តប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យមានការយល់ច្រឡំ និងបង្កឲ្យមានចលាចលក្នុងសង្គម។
សេចក្តីថ្លែងការណ៍របស់អេស៊ីលីដានោះបន្ថែមថា របាយការណ៍របស់អង្គការសង្គមស៊ីវិលទាំងនោះធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ធនាគារអេស៊ីលីដាក៏បានស្នើឲ្យអាជ្ញាធរចាត់វិធានការច្បាប់ ក្នុងករណីធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
សេចក្តីថ្លែងការណ៍របស់ធនាគារអេស៊ីលីដាបញ្ជាក់ថា៖ «សូមមេត្តាចាត់វិធានការច្បាប់ចំពោះជន ឬក្រុមទាំងឡាយណាដែលធ្វើឲ្យមានការរង្គោះរង្គើរ ជំរុញឲ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ ធ្វើឲ្យបាត់បង់នូវជំនឿទុកចិត្ត សុវត្ថិភាពដល់អ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល»។
Newsroom Cambodia បានព្យាយាមទាក់ទងទៅលោក អ៊ិន ចាន់នី នាយកប្រតិបត្ដិធនាគារ អេស៊ីលីដា ជាច្រើនដ តែលោកមិនទទួលទូរស័ព្ទ។
លោក អំ សំអាត នាយករងផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្សរបស់អង្គការលីកាដូមានប្រសាសន៍ថា របាយការណ៍ដែលចេញដោយក្រុមសង្គមស៊ីវិល និងសហជីព គឺបានសម្ភាសន៍ និងស្រាវជ្រាវលើកម្មករចំនួន១៦២នាក់ក្នុងរោងចក្រដែលត្រូវបានភ្ជួរការងារចំនួន៣ គឺនៅខេត្តកំពង់ឆ្នាំង និងនៅភ្នំពេញ ហើយការស្រាវជ្រាវនោះគឺផ្តោតលើការរស់នៅរបស់កម្មករក្រោយពីបានភ្ជួរការងារ។ លោកបន្តថា ជាលទ្ធផល មនុស្ស១៥៨នាក់បានឆ្លើយថា ពួកគេបានជំពាក់បំណុលធនាគារខាងហិរញ្ញវត្ថុ និងបំណុលផ្សេងៗ ដោយមានការបារម្ភថា ក្នុងកាលៈទេសៈត្រូវបានព្យួរការងារនេះពួកគេមិនមានលទ្ធភាពក្នុងការសងត្រលប់ទៅវិញ»។
លោកបញ្ជាក់ថា៖ «អីចឹងអ្វីដែលគាត់ (កម្មករ) គិតទៅថ្ងៃក្រោយ ពួកគាត់គិតថា ទីមួយគឺគាត់អាចប្រឈមមុខក្នុងការលក់ដីយកទៅសងគេ ទីពីរអាចកាត់បន្ថយរបបអាហារហូបចុក ហើយទីបីអាចខ្ចីពីកន្លែងផ្សេងទៅសង។ នេះជាកង្វល់របស់គាត់»។
លោក អំ សំអាត បន្ថែមថា ការស្ទង់មតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យស្ថាប័នដែលពាក់ព័ន្ធរកវិធានការ ឬការផ្សព្វផ្សាយយ៉ាងណាដើម្បីជួយសម្របសម្រួលដល់ក្រុមកម្មករទាំងនោះ។
លោកបញ្ជាក់ថា៖ «ព្រោះកន្លងមកគោលនយោបាយរបស់រដ្ឋាភិបាលបានចេញ ថាធ្វើយ៉ាងណាសុំឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុហ្នឹងជួយសម្របសម្រួល និងបន្ធូរបន្ថយទៅលើការព្យួរនៃការសង៣ខែ ត្រូវសងទាំងការ ឬដើម និងនីតិវិធីផ្សេងៗទៀត»។
ចំណែកលោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ លើកឡើងថា របាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ មិនតំណាងឲ្យតួលេខរបស់អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានប្រមាណជាជាង២លាន៦សែននាក់ និងមិនតំណាងឲ្យកម្មករនិយោជិត ដែលធ្វើការងារក្នុងវិស័យរោងចក្រកាត់ដេរជាង៨០ម៉ឺននាក់នោះទេ។ លោកបន្តថា ក្រុមសង្គមស៊ីវិល និងសហជីពបានសម្ភាសន៍កម្មករ កម្មការិនីរោងចក្រកាត់ដេរជាង១៦០នាក់ ដែលទទួលរងផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច ទាក់ទងនឹងសិទ្ធិរបស់ពួកគេ នៅពេលដែលរោងចក្រព្យួរការងារ។
លោកបញ្ជាក់ថា៖ «យើងមិនមានចេតនាណាមួយដើម្បីទៅធ្វើការញុះញង់ បង្កឲ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់អេស៊ីលីដា ឬក៏បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាដែរ។ ការសិក្សានេះបង្ហាញអំពីទិដ្ឋភាពជាក់ស្តែង បញ្ហាប្រឈមដែលកម្មករនិយោជិតគាត់បាត់បង់នូវប្រាក់ចំណូល គាត់មិនមានលទ្ធភាពក្នុងការបង់ទៅធនាគារ»។
គិតត្រឹមដំណាច់ខែឧសភានេះ រោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌចំនួន២៦៣ កំពុងបិទផ្អាកដំណើរការ និងមានកម្មករប្រមាណជា១៣៥.០០០នាក់ កំពុងរងផលប៉ះពាល់ដោយត្រូវព្យួរការងារ ដោយសារមិនមានការបញ្ជាទិញ ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩ លើពិផពលោក។ នេះបើតាមតាមតួលេខរបស់ក្រសួងការងារ៕