កម្មករកម្មការិនីប្រមាណជាង ៤០០នាក់ ធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិម អិល(ML) បានម្រមូលផ្ដុំគ្នាជាថ្មីនៅមុខរោងចក្រ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីតវ៉ាទាមទារប្រាក់ខែ ដោយសារមានការបើកប្រាក់ឈ្នួលយឺតយ៉ាវញឹកញាប់។
លោក គឹម តូនិច អះអាងជាកម្មករធ្វើការនៅរោងចក្រ ML បានឱ្យដឹងថា ពួកគាត់បានប្រមូលផ្តុំគ្នា តវ៉ានៅមុខរោងចក្រ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ដោយហេតុថា ក្រុមហ៊ុនបានលើកថ្ងៃបើកលុយឱ្យកម្មករជាងមួយខែមកហើយ គិតពីពាក់កណ្តាលខែមីនា មកដល់ពាក់កណ្តាលខែមេសានេះ។ លោកបន្តថា ក្រុមហ៊ុនបានលើកថ្ងៃបើកលុយឱ្យកម្មករជាច្រើនលើកច្រើនសារមកហើយ ដោយបានប្រើពាក្យដោះសារដដែលៗថាមកពីបញ្ហានេះ បញ្ហានោះ ដោយមិនមានការទទួលខុសត្រូវ។
លោក តូនិច និយាយថា៖ «ផលប៉ះពាល់ គឺប៉ះពាល់ដល់កម្មករគ្រប់គ្នា បញ្ហាធំគឺបង់អង្គការហ្នឹងតែម្តង បញ្ហាធំជាងគេ។ គាត់ជំពាក់អង្គការលើសថ្ងៃបើកលុយ តែលើសថ្ងៃបង់ គឺគេពិន័យចឹងហើយគាត់[កម្មករ]ត្អូញត្អែរគ្រប់គ្នាគ្រប់កម្មករទាំងអស់ មិនថាតែរូបខ្ញុំ រូបកម្មករដទៃទៀត»។
ប្រធានសហព័ន្ធសហជីពកំលាំងសាមគ្គីកម្មករកម្ពុជាប្រចាំរោងចក្រML លោក បាន វណ្ណៈ បានលើកឡើងថា មូលហេតុដែលកម្មករធ្វើកូដកម្ម ដោយសារតែខាងរោងចក្រសន្យាថា នឹងបើកប្រាក់ឈ្នួលឱ្យកម្មករនៅល្ងាចថ្ងៃទី២៤ ខែមេសា ម្សិលមិញនេះ ប៉ុន្តែបែរជាមិនគោរពសន្យា ជាហេតុធ្វើឱ្យកម្មករប្រមូលផ្តុំតវ៉ា។
លោក វណ្ណៈ បន្តថា ក្នុងអំឡុងពេលតវ៉ានោះ កម្មករបានស្នើឱ្យមានការដោះស្រាយវិវាទការងារនេះចំនួន ៣ចំណុច ក្នុងនោះមាន ទី១ ស្នើឱ្យក្រុមហ៊ុនបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗឱ្យបានទៀងទាត់ ទី២ ស្នើឱ្យក្រុមហ៊ុនកុំមានការបន្ថែមម៉ោងលើសពីម៉ោង៦ល្ងាច ដោយការបន្ថែមម៉ោងត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត និងទី៣ ស្នើឱ្យក្រុមហ៊ុនជួយណែនាំដល់ប្រធានផ្នែកដែលជេរប្រមាថកម្មករកម្មការិនី។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក នួន ស៊ីណា មានប្រសាសន៍ថា ជុំវិញវិវាទការងារនៅរោងចក្រ ML នេះ ក្រុមការងាររបស់មន្ទីរ បានទៅសម្របសម្រួលរកដំណោះស្រាយរួចហើយ ដោយខាងភាគីរោងចក្រ បានយល់ព្រមបើកប្រាក់ឈ្នួលជូនកម្មករ ហើយកម្មករក៏បានចូលធ្វើការវិញនៅព្រឹកថ្ងៃដដែលនេះ។
លោកបន្តថា៖« បើសិនជានិយោជិតគាត់មានបញ្ហាអីកើតឡើង គឺគាត់មិនបាច់ប្រជុំគ្នាទេ គាត់អាចដាក់ពាក្យមកមន្ទីរការងារ រឺក៏ផ្តល់ដំណឹងមកមន្ទីរការងារ ដើម្បីឱ្យបានដឹង គឺយើងខាងមន្ទីរការងារនឹងទៅដោះស្រាយ អាហ្នឹងដូចជាការដាក់ពាក្យបណ្តឹងចឹង ក្នុងករណីគាត់[កម្មករ]ធ្វើកូដកម្មចឹង វាធ្វើឱ្យប៉ះពាល់ទាំងសងខាង ទាំងខាងនិយោជក ក៏ដូចជាបងប្អូនកម្មករនិយោជិតដែរ ព្រោះថ្ងៃធ្វើកូដកម្ម គឺបងប្អូនកម្មករនិយោជិតគាត់មិនទទួលបាននូវប្រាក់ខែនៅថ្ងៃគាត់ធ្វើកូដកម្មនោះទេ»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា ការមិនបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានទៀងទាត់ ជាការមិនគោរពច្បាប់ការងារ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករនិយោជិត។
លោកថា៖ «បើយើងនិយាយអំពីគោលការណ៍ច្បាប់នេះ ជាការអនុវត្តមិនត្រឹមត្រូវរបស់និយោជក នេះជាកំហុសធ្ងន់ ចាត់ថ្នាក់ថាជាកំហុសធ្ងន់របស់និយោជក ខណៈពេលដែលមានការពន្យារពេលនៅក្នុងការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ហើយវាមែនជាលើកទីមួយទេ នៅក្រុមហ៊ុនMLនេះ មានករណីរំលោភបំពានសិទ្ធិការងារច្រើនណាស់ ជាពិសេសទាក់ទងទៅនឹងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ការបន្តនូវការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី ហើយនិងទម្រង់នៃការធ្វើទុក្ខបុកម្នេញទៅដល់សកម្មជន និងថ្នាក់ដឹកនាំសហជីព»។
ជាមួយគ្នានេះដែរ លោក ឃុន ថារ៉ូ ក៏បានស្នើឱ្យក្រសួងការងារ ឬស្ថាប័នពាក់ព័ន្ធ ធ្វើអធិការរកិច្ចពិសេស នៅរោងចក្រ ML នេះ ដើម្បីឱ្យក្រុមហ៊ុនមានការគោរពតាមកាតព្វកិច្ចរបស់ខ្លួន។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មករធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិម អិល(ML)នេះ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខរោងចក្រម្តងរួចមកហើយ ក្រោយពីរោងចក្របានពន្យាពេលបើកប្រាក់ឈ្នួលជូនកម្មករ។ ក្នុងការតវ៉ានៅពេលនោះ ពួកគេបានទាមទារឱ្យថៅកែបើកប្រាក់ខែឱ្យបានទៀងទាត់ ផ្ដល់ប្រាក់រង្វាន់ និងត្រូវអនុញ្ញាតឱ្យកម្មករសម្រាកថ្ងៃបុណ្យជាតិ ទៅតាមច្បាប់ស្តីពីការងារ៕