ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ស្នើអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតឡើងវិញជុំវិញសំណុំរឿងដែលតំណាងមេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹង និងទម្លាក់ចោលបទចោទប្រកាន់ទៅលើរូបលោក ខណៈលោកថា អ្វីដែលលោកបាននិយាយជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំង RFI ជាសេរីភាពបញ្ចេញមតិ។
ការស្នើនេះ បានធ្វើឡើងខណៈដែលលោក ទាវ វណ្ណុល បានចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបណ្តឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាល។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការចូលបំភ្លឺថា អ្វីដែលលោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia កាលពីខែកុម្ភៈនោះ គឺ៨០%ជាពាក្យពិត ហើយអ្វីដែលលោកបាននិយាយគ្រាន់តែជាការបញ្ចេញមតិ តាមរយៈការប្រៀបធៀបអំពីស្ថានភាពប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែប៉ុណ្ណោះ។
លោកបន្តថា លោកមិនបាននិយាយចោទរាជរដ្ឋាភិបាល ថាបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលជីវិតផ្ទាល់ខ្លួនរបស់លោក២៤ម៉ោងនោះទេ ដោយលោកថា អាជ្ញាធរទេដែលជាអ្នកដាក់កាមេរ៉ានោះ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ខ្ញុំនិយាយការពិត ការពិតនៅក្នុងសង្គមយើង។ ខ្ញុំសង្កេតឃើញជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំ តាំងពីឯកឧត្តមធិបតី ហ៊ុន ម៉ាណែត បានឡើងមកកាន់តួនាទីហ្នឹង ការរឹតត្បិត ការចាប់សកម្មជនគណបក្សប្រឆាំង ហើយអ្នកសម្តែងមតិ ក្នុងហ្នឹង ខ្ញុំបានលើកករណីលោក នី ណាក់ អីអ៊ីចឹង […] ខ្ញុំបានស្នើសុំអយ្យការ លោកទម្លាក់ចោលការចោទ បទចោទហ្នឹង ហើយសុំឱ្យលោកអយ្យការទៅពិនិត្យដល់ទីកន្លែងផ្ទាល់ ដែលគេបានកាមេរ៉ានៅមុខផ្ទះថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន»។
ចំណែក លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យលោក ទាវ វណ្ណុល មានប្រសាសន៍ប្រាប់ Newsroom នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះថា អ្វីដែលកូនក្តីរបស់លោក បាននិយាយជាមួយសារព័ត៌មានរបស់ជប៉ុននោះ គឺជារឿងពិត និងជាសេរីភាពនៃការបញ្ចេញមតិ ដែលមិនគួរមានការចោទប្រកាន់ណាមួយនោះឡើយ។ លោកបានស្នើដល់តំណាងអយ្យការ ស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ និងចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាពដែលអាជ្ញាធរបានដាក់នៅមុខផ្ទះកូនក្តីរបស់លោក។
លោកថ្លែងថា៖ «គាត់[លោក ទាវ វណ្ណុល]ស្នើឱ្យតុលាការជួយចុះទៅអង្កេតតាមកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះរបស់ គាត់ ហើយសុំឱ្យតំណាងអយ្យការអម កុំចោទប្រកាន់គាត់ ពីព្រោះគាត់ថាអ្វីដែលគាត់លើកហ្នឹង ជាការបញ្ចេញមតិ ហើយអ្វីដែលគាត់ផ្តល់កិច្ចសម្ហាសន៍ដល់សារព័ត៌មាន គឺជារឿងពិត»។
បើតាមលោក ជូង ជូងី ក្រោយកូនក្តីរបស់លោកចូលបំភ្លឺរួច តំណាងអយ្យការនៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ ដោយថាត្រូវការពេលវេលាពិចារណាថាតើត្រូវតម្កល់រឿងមិនចាត់ការ ឬបន្តនីតិវិធីរបស់តុលាការ។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានទេ។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ គណបក្សភ្លើងទៀនបានបញ្ជាក់ថា មេធាវីតំណាងរាជរដ្ឋាភិបាលបានប្ដឹង លោក វណ្ណុល ពាក់ព័ន្ធនឹងការថ្លែងក្នុងបទសម្ភាសន៍របស់លោកជាមួយនឹងកាសែត Nikkei Asia និងត្រូវបានយកមកផ្សព្វផ្សាយបន្តដោយវិទ្យុបារាំង (RFI) អំឡុងពេលលោកទៅបំពេញទស្សនៈកិច្ចនៅប្រទេសជប៉ុន។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ លោក ទាវ វណ្ណុល ថ្លែងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត បានរឹតត្បិត គ្រប់គ្រងលើគូប្រជែង និងចាប់ខ្លួនអ្នកប្រឆាំងនយោបាយ ហើយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននិងកំពុងដើរថយក្រោយចាប់តាំងពី លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក ដោយនិយាយថា លោកត្រូវបាន«ឃ្លាំមើលដោយកាមេរ៉ា ២៤ម៉ោង»។
ឆ្លើយតបចំពោះការលើកឡើងនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយច្រានចោលការអះអាងរបស់លោក វណ្ណុល ហើយចាត់ទុកការលើកឡើងរបស់លោក ថាមានចេតនាអាក្រក់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល។អង្គភាពនេះ បានបន្តចាត់ទុកថា ការថ្លែងរបស់លោក វណ្ណុល ជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិ ដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។
សាស្រា្តចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា អ្វីដែលមេដឹកនាំគណបក្សជំទាស់រូបនេះ បានច្រាលចោលនូវការចោទប្រកាន់ពីសំណាក់មេធាវីតំណាងរដ្ឋាភិបាលនោះ ដោយសារគាត់ចង់បាននូវលំហរសេរីភាពសម្តែងមតិ និងសិទ្ធិនយោបាយ ប៉ុន្តែលោកគិតថា ប្រហែលជាមិនអាចទៅរួចនោះទេ។
លោកថា៖ «បើយើងនិយាយទៅ អ្នកនយោបាយចង់បាននូវលំហសេរីភាពសិទ្ធិនយោបាយក្នុងការសម្តែងដែរ ប៉ុន្តែខ្ញុំគិតថា គណបក្សកាន់អំណាច ឬក៏រដ្ឋាភិបាលមិនទម្លាក់ចោលទេ គឺអនុវត្តទៅតាមយន្តការ ឬក៏គេហៅថាយុទ្ធសាស្រ្តIF [Isolate and Finish]របស់អតីតនាយករដ្ឋមន្រ្តី បានន័យថាធើ្វឱ្យឯកោនិងបញ្ចប់នោះ គឺប្រហែលជានឹងធើ្វយន្តការហ្នឹងបន្តទៀត ដើម្បីធើ្វឱ្យគណបក្សប្រឆាំងកាន់តែខ្សោយមែនទែន ហើយខ្ញុំគិតថា អ្វីដែលជាការលើកឡើងដែលទាមទាររបស់លោក ទាវ វណ្ណុល ក៏មិនមានការឆ្លើយតបជាវិជ្ជមាន ឬក៏មានការជួយជ្រុំជ្រែងពីសហគមន៍អន្តរជាតិដែរ ព្រោះសហគមន៍អន្តរជាតិក៏ហាក់ដូចជាមិនសូវយកចិត្តទុកដាក់លើកម្ពុជាទេនាពេលបច្ចុប្បន្ន»៕