កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ដឹកនាំកិច្ចប្រជុំនៅខែវិច្ឆិកានេះ ត្រូវបានសម្រេចលើកពេលទៅពាក់កណ្តាលឆ្នាំ២០២១វិញ ដោយសារការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ បញ្ជាក់ថា កាលពីថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ ដោយមានលោក សុក ស៊ីផាន់ណា មន្រ្តីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងមន្រ្តីនៃបណ្តាប្រទេសជាដៃគូកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបចូលរួម។ ក្នុងកិច្ចប្រជុំនោះ ឧត្តមមន្រ្តីនៃបណ្តាប្រទេសទាំងនោះបានឯកភាពគាំទ្រចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទី១៣ ខែគ្រោងនឹងធ្វើនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកានេះ ទៅប្រជុំនៅពាក់កណ្តាលឆ្នាំ២០២១វិញ។
សេចក្តីប្រកាសព័ត៌មានដដែលនោះបញ្ជាក់ថា៖ «ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ទើបឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំកំពូលទាំងអស់ បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជាសុំលើកពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១វិញ»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបទាំងអស់ បានពិភាក្សាលើសេចក្តីព្រាង និងសេចក្តីថ្លែងការណ៍ ស្តីពីជំងឺកូវីដ១៩ ដោយរំពឹងថា នឹងអាចដាក់ចេញនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីឆ្លើយតបរួមទៅលើបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩។ ។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សុក ស៊ីផាន់ណា មន្រ្តីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅកម្ពុជាបានទេ។ ចំណែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនទទួលទូរស័ព្ទ។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ការសម្រេចលើកពេលប្រជុំនេះ ជាការសម្រេចត្រឹមត្រូវមួយ ដោយសារកិច្ចប្រជុំអាស៊ី-អឺរ៉ុប មានប្រទេសច្រើនរហូតដល់ជាង៥០ចូលរួម ស្របពេលដែលជំងឺកូវីដ១៩ មានការកើនឡើង។
លោកបញ្ជាក់ថា៖ «ការពន្យាពេលនឹងគឺជារឿងត្រឹមត្រូវ ក៏មានការគាំទ្រពីសមាជិក ASEM ផងដែរ ហើយយើងមានឱកាសក្នុងការពិភាក្សាបន្ថែម និងការប្រជុំផ្នែករដ្ឋមន្រ្តីការបរទេសផង អាចពិភាក្សានូវការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីសម័យកូវីដ១៩ ដែលជាបញ្ហាធំ នៅពាក់កណ្តាលឆ្នាំក្រោយ»។
បើតាមការគ្រោងទុក កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»៕