អ្នកតាមដានសង្គម ចង់ឃើញប្រសិទ្ធភាពនៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ចកម្ម គ្រឿងស្រវឹង និងទទូចឲ្យមានការបញ្ឈប់ការផ្សាយពាណិជ្ជកម្ម ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារអ្នកបើកបរស្រវឹង។
ការលើកឡើងនេះ កើតមានឡើងក្រោយរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹងដែលហៅកាត់ថាក.គ.ផ.ស.ដែលមានរដ្ឋមន្រ្តីក្រសួងព័ត៌មានជាប្រធាន។ យោងតាមសេចក្តីសម្រចដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤ ក្រុមការងារនេះ ទទួលបន្ទុកកំណត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់នៃការគ្រប់គ្រងការផ្សាយពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងជាសាធារណៈគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសង្គម។
សេចក្តីសម្រេចបង្កើតក្រុមការងារដដែល ដែល Newsroom Cambodia បានទទួលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឲ្យដឹងទៀតថា ក្រុមការងានេះមានតួនាទីដឹកនាំយុទ្ធសាស្រ្តគ្រប់គ្រងការផ្សាយពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹង និងធ្វើរបាយការណ៍លទ្ធផលជូនប្រមុខរដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី។ ហើយក្រុមការងារនេះ ក៏មានសិទ្ធិអញ្ចើញតំណាងក្រសួង ស្ថាប័នដៃគូពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូរទស្សន៍ វិទ្យុនិងសារព័ត៌មាន ចូលរួមពិគ្រោះយោបល់ផងដែរ។
លោក យង់ គីមអេង នាយកប្រតិបត្ថិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី៣០ ខែមេសានេះ ឲ្យដឹងថាការបង្កើតក្រុមការងារនេះជាជំហានដ៏ល្អ ប៉ុន្តែលោកថានៅត្រូវចាំមើលប្រសិទ្ធភាពក្រុមការងារនេះសិន។
លោកលើកឡើងថា៖ «ការបង្កើតក្រុមការងារនេះជាជំហានរីកចម្រើនមួយនៃការគិតគូរអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងនៅកម្ពុជា។ ប៉ុន្តែត្រង់ថាតើវានឹងអាចមានប្រសិទ្ធភាពទេ ឥឡូវយើងមិនអាចទាន់និយាយបានទេព្រោះដោយសារក្រុមការងារនេះទើបបង្កើត ហើយក៏មិនទាន់ឃើញសកម្មភាពអីដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ចកម្មនឹងដែរអញ្ចឹងយើងត្រូវរង់ចាំមើល»។
លោកបន្ថែមថា លោកចង់ឃើញសាធារណជនចូលរួមតាមដានដំណើរមួយនេះ ហើយអាជ្ញាធរ និងអ្នកធ្វើគោលនយោបាយ គប្បីមានឯករាជ្យភាព និងមិនរងឥទ្ធិពលពីឧស្សាហកម្មគ្រឿងស្រវឹង។
លោកនិយាយថា៖ «បើសិនមានឧស្សាហកម្មគ្រឿងស្រវឹងចូលរួមដំណើរការហ្នឹង គឺមិនធ្វើអោយគោលនិយោបាយ ឬក៏វិធានការ ឬផែនការទាំងឡាយដែលដាក់ចេញ មិនមានប្រសិទ្ធភាពបានទេ។ ហើយម្យ៉ាងវិញទៀតគេនៅតែរីសរកគ្រប់មធ្យោបាយយកលេសក្នុងការយកនីតិជនទៅផ្សាយពាណិជ្ចកម្ម យកស្ត្រីទៅផ្សាយពាណិជ្ចកម្ម ហើយក៏ការផ្សាយពាណិជ្ចកម្មមានលក្ខណៈទាក់ទាញដែលខុសពីការពិតដែលធ្វើអោយប្រជាពលរដ្ឋមានការយល់ច្រលំ។
លោក យង់ គីមអេង បន្តថាការប្រើប្រាស់គ្រឿងស្រវឹងហួសប្រមាណ ធ្វើអោយគ្រោះថ្នាក់ដល់សុខភាព ក៏ដូចជាអសន្តិសុខសង្គម រួមទាំងការខាតបង់ថវិកាគ្រួសារ និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព បានប្រាប់ Newsroom Cambodia នៅថ្ងៃទី០១ ខែឧសភានេះថា ការបង្កើតក្រុមការងារនេះគ្រាន់តែជាការចាប់ផ្តើមទេចំណែកឯប្រសិទ្ធភាពអាស្រ័យទៅលទ្ធផលរបស់ក្រុមការងារ។ លោកនិយាយថាដើម្បីបង្ការគ្រោះថ្នាក់នានា កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មបើអាច ឬកម្រិតការផ្សាយ។
លោកនិយាយថា៖ «តាមពិតទៅដើម្បីបង្ការយុវជន ក៏ដូចជាកុមារកុំអោយធ្លាក់ខ្លួនសេពគ្រឿងស្រវឹងដែលធ្វើអោយមានបញ្ហាដល់ធនធានមនុស្សជំនាន់ក្រោយ ជាពិសេសដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារអ្នកបើកបរស្រវឹងហ្នឹងគឺការផ្សាយពាណិជ្ជកម្មនឹងគួរតែហាមទាំងស្រុងតែម្ដងគ្រប់មធ្យោបាយទាំងអស់»។
លោកបន្តថា៖ «ក្នុងករណីដែលមិនអាចហាមឃាត់ការផ្សាយទាំងស្រុងទេ យើងគួរហៅថាកម្រិតការផ្សាយពាណិជ្ជកម្ម។ មានន័យថាយើងអនុញ្ញាតតែការផ្សាយម៉ាកនិងឡួហ្គូ(logo)របស់ក្រុមហ៊ុនបានហើយ មិនអនុញ្ញាតការផ្សាយពាក់ព័ន្ធនឹងការត្រូវរង្វាន់ ឬយកយុវជន យុវនារី តារា មកធ្វើការទាក់ទាញកុមារនោះទេ»។
យោងតាមរបាយការណ៍របស់ Wisevoter នៅក្នុងឆ្នាំ២០២៣ កម្ពុជាជាប្រទេសឈរលេខរៀងទី៣ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ានបន្ទាប់ពីប្រទេសឡាវ និងវៀតណាម និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក ដែលប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន ២១.៧លីត្រ។ ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុនឈ្មោះ Kirin ចេញផ្សាយកាលពីដើមឆ្នាំ២០២៤ ឱ្យដឹងថាកម្ពុជាបានចំណាយប្រាក់ប្រមាណ២,៣ពាន់លានដុល្លារទៅលើការពិសាស្រាបៀរ៕