ក្រុមយុវជន និងព្រះសង្ឃ បានលើកឡើងថា អាជ្ញាធរខេត្តរតនគិរី បានតាមឃ្លាំមើល សាកសួរ និងសុំអត្តសញ្ញាណរបស់ពួកគេ នៅពេលដែលចុះទៅសហគមន៍ និងទស្សនកិច្ចមើលព្រំដែន កម្ពុជា-វៀតណាម ដោយពួកគេចាត់ទុកករណីនេះថាជាការរិតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានទៅទស្សនកិច្ចពនៅខេត្តរតនៈគិរី មានសង្ឃដីកានៅថ្ងៃទី០២ ខែឧសភានេះថា ក្រុមយុវជន និងព្រះសង្ឃ ប្រមាណ ៣០អង្គ/នាក់ បានចុះទៅសហគមន៍ និងធ្វើទស្សនកិច្ចនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ហើយនៅពេលដែលព្រះអង្គ និងយុវជនផ្សេងទៀត បាននិមន្តទៅដល់នៅថ្ងៃទី៣០ ខែមេសានោះ គឺមានអាជ្ញាធរមកសួរនាំ និងសាកសួរអំពីព័ត៌មានផ្ទាល់ខ្លួនជាដើម។
ព្រះតេជគុណមានសង្ឃដីកាថា៖ «ក្រុមអាជ្ញាធរបានមកសួរនាំ ចង់ឱ្យយើងទៅវិញទៀតផង។ គាត់មិនចង់ឱ្យចូល[ទៅសហគមន៍ដែលនៅកៀកខ្សែបន្ទាត់ព្រំដែន]។ […] ការឃាត់នេះ គឺជាការរឹតត្បិតមួយ សេរីភាពរបស់ពួកយើងមានការដើរហើរ ដូចជាក្នុងច្បាប់បានចែងថាប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិដើរហើរនៅប្រទេសកម្ពុជា មានសិទ្ធិជួបជុំផ្សេងៗ បែរជាមិនដល់ ៣០នាក់ផង ត្រឹមតែ២៧នាក់ បែរជារឹតត្បិត ត្រូវសុំការអនុញ្ញាត ជូនដំណឹងមុន។ ខាងសហគមន៍យើងជូនដំណឹងមុនហើយ ប៉ុន្តែគាត់មិនឯកភាព រកពាក្យដោះសារចង់ឱ្យយើងចេញពីកន្លែងហ្នឹង ប៉ុន្តែយើងនៅតែជំនះទៅទាល់តែបាន»។
លោក លឹម ស៊ីវម៉េង ជានិសិ្សតឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលបានចុះទៅទស្សនកិច្ចសិក្សានៅខេត្តរតនៈគិរីផងដែរនោះ បានឱ្យដឹងថា កាលដែលពួកគេទៅនេះ ព្រោះចង់ស្វែងយល់អំពីទំនៀមទម្លាប់ជនជាតិដើមភាគតិចចារ៉ាយ នៅខេត្តរតនៈគិរី និងចង់សិក្សាអំពីតំបន់ត្រីកោណ រវាងកម្ពុជា ឡាវ និងវៀតណាម។ លោកថា ពេលដែលលោកទៅទស្សនៈកិច្ច បែរជាមានការគំរាមគំហែងពីសំណាក់អាជ្ញាធរទៅវិញ។
លោកនិយាយថា៖ «អាជ្ញាធរមិនបានឃាត់ខ្លួនទេ តែទាក់ទងនឹងការគំរាមកំហែងដោយសួរម្តងហើយម្តងទៀត គាត់បានដាក់សំណួរមកកាន់ក្រុមយុវជនថា មិនបានផ្តល់ព័ត៌មានឱ្យខាងគាត់[អាជ្ញាធរ]ជាក់លាក់ និងអត់បានសុំការអនុញាត ថាយើងមក អត់មានលិខិតស្នាម»។
តាមរយៈការចុះទស្សនកិច្ចនេះដែរ លោកសំណូមពរឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយផ្សព្វផ្សាយព័ត៌មានបន្ថែមដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនឱ្យពលរដ្ឋគ្រប់រូបបានដឹង និងចាប់អារម្មណ៍ ព្រោះប្រជាពលរដ្ឋដែលរស់នៅតំបន់ជាប់ព្រំដែនភាគច្រើន មិនបានដឹងថាបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនៅចំណុចណា។
ស្រដៀងគ្នានេះដែរ លោក អាន ផង់ ជានិស្សិតរៀនជំនាញសង្គមវិទ្យា នៅរាជធានីភ្នំពេញ សង្កេតឃើញថា តាមរយៈការសួរនាំប្រជាពលរដ្ឋនៅក្នុងតំបន់ គឺពួកគាត់មិនបានដឹងទេថា ពួកគាត់រស់នៅជិតបង្គោលព្រំដែនលេខ២៧ ព្រោះនៅចំណុចបង្គោលព្រំនោះហ៊ុំព័ទ្ធដោយព្រៃ និងពុំទាន់រៀបចំបានរៀបរាយនៅឡើយ ខណៈបង្គោលព្រំដែនខាងប្រទេសវៀតណាម មានរៀបចំជាសួនច្បារ មានធុងសំរាម ប៉ុស្តិ៍យាម និងមានរនាំងសម្រាប់ផ្លូវចេញចូល។
លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំបានសង្កេតឃើញមានការកាប់ឆ្ការតែបន្តិចទេ ហើយខាងច្រករតនៈគីរីជាមួយវៀតណាហ្នឹង ខ្ញុំមើលឃើញថា ខុសប្លែកគ្នា គឺបង្គោលខាងគេដែលមានដូចជាប៉ោមធំមួយសម្រាប់មើល មានសួនច្បារ មានធុងសម្រាម មានប៉ុស្តិ៍ហើយមាន រនាំងជិតផ្លូវសម្រាប់មើលទំនិញ និងពលរដ្ឋចេញចូល តែមកមើលខាងព្រំដែនកម្ពុជាយើងវិញ ហាក់បីដូចជាអត់សូវរៀបចំបានរៀបរយ»។
ទាក់ទិននឹងករណីនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរី បានបដិសេធចំពោះការលើកឡើងរបស់ក្រុមយុវជន ដែលថាអាជ្ញាធរបានឃ្លាំមើល និងហាមឃាត់ពួកគេចុះពិនិត្យនៅតំបន់ព្រំដែន។ តែយ៉ាងណា លោកនៅតែបង្ហាញពីការស្វាគមន៍ចំពោះក្រុមយុវជន និងពលរដ្ឋដែលមានចិត្តចង់ចេះចង់ដឹង និងចង់ស្គាល់ពីតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម ខណៈកម្ពុជា និងវៀតណាម បានកំណត់និងរៀបចំព្រំដែនច្បាស់លាស់។
លោកថ្លែងថា៖ «មិនត្រឹមត្រូវទេ! ហេតុអី ព្រោះអាជ្ញាធរបានជម្រាបមកខ្ញុំថា មានពលរដ្ឋជិត៣០នាក់ រួមទាំងព្រះសង្ឃដែរ ខ្ញុំក៏ថាអញ្ចឹងជួយមើលការខុសត្រូវ កុំឱ្យលោកមានបញ្ហាអ្វីកើតឡើង ការពារពួកគាត់។ គាំទ្រ បើគាត់ចង់ទៅណាជូនគាត់ទៅមើលទៅ អត់មានហាមឃាត់ទេ»។
លោកបន្តថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែនមិនមែនគាត់មិនស្គាល់ទេ ប៉ុន្តែក៏អាចមានចន្លោះប្រហោងដែរ អ្នកខ្លះនៅឆ្ងាយបួនដប់គីឡូ គាត់មិនដែលទៅក៏ថាបានដែរ តែជាទូទៅប្រជាពលរដ្ឋយើងស្គាល់» ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា បើតាមរដ្ឋធម្មនុញ្ញ សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គឺប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដើរហើរដោយសេរី ដោយមិនមានការហាមឃាត់ ឬរំខានពីអាជ្ញាធរឡើយ បើពួកគេមិនបានប្រព្រឹត្តបទល្មើសណាមួយដែលច្បាប់ហាមឃាត់។
លោកយល់ថា ការសួរនាំព័ត៌មានផ្ទាល់ខ្លួន ការតាមឃ្លាំមើលសកម្មភាពយុវជនទាំងនោះ ជាការរឹតត្បិតសេរីភាព ការបំភិតបំភ័យ ការគំរាមកំហែង និងការរំខានដល់ការដើរហើររបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមពលរដ្ឋមានសិទ្ធិចង់ស្គាល់ និងមើលព្រំដែន មិនមានច្បាប់ហាមឃាត់ទេ កុំឱ្យតែពួកគាត់ប្រព្រឹត្តអ្វីខុសពីច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដែលកម្ពុជាទទួលស្គាល់ បានធានានូវសិទ្ធិទាំងអស់នេះរបស់ពលរដ្ឋ។ ការហាមឃាត់ ការសួរនាំព័ត៌មានផ្ទាល់ខ្លួនលើយុវជន គឺមកពីអាជ្ញាធរទាំងនោះ ព្រួយបារម្ភហួសហេតុ និងមិនយល់ពីសិទ្ធិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលនាំឱ្យទង្វើរបស់អាជ្ញាធរមួយចំនួនក្លាយជាការរឹតត្បិត និងរំលោភសិទ្ធិលើពលរដ្ឋទៅវិញ»។
ករណីនេះ លោក អំ សំអាត យល់ថា អាជ្ញាធរគួរតែបើកលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ក្រុមយុវជន ជាពិសេសគោរពសិទ្ធិដើរហើររបស់ពួកគេ បើពួកគាត់មិនបានប្រព្រឹត្តអ្វីដែលច្បាប់ហាមឃាត់ ជាពិសេសរបស់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្គាល់នូវព្រំដែននៃប្រទេសរបស់ខ្លួន៕