លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជា មានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកល។
ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាការជំរុញកែប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។
លោកបន្តថា៖ «ទៅមុខទៀតយើងអាចនាំចូលភាគតិច និងផលិតក្នុងស្រុកភាគច្រើន ហើយបើថ្ងៃក្រោយយើងមានសមត្ថភាពយើងអាចក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ផ្នែកណាមួយនៅក្នុងតំបន់ផង[…] ហើយការផលិតកន្លែងខ្លះជាធាតុបង្គំសម្រាប់រុញទៅក្រៅប្រទេសផងដែរ»។
ពាក់ព័ន្ធនឹងការផលិតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនចាំបាច់ត្រូវការផលិតយាន្តជំនិះ ដូចជា រថយន្ត ឬយន្តហោះទាំងមូលនៅកម្ពុជាទេ តែអាចចាប់ផ្តើមផលិតពីផ្នែកណាមួយនៃធាតុចូលណាមួយ រួមមាន ពូក ឫខ្សែក្រវ៉ាត់ ឬគ្រឿងបង្គុំផ្សេងៗទៀតបាន។
លោកថ្លែងបន្តថា៖ «ឥលូវកម្ពុជាមានលទ្ធភាព ត្រឹមផលិតពូក ផលិតកៅអីនាំទៅអ៊ីតាលី ដែលថាប្រទេសដែលល្អជាងគេបំផុត ផលិតបានហើយ។ ខ្ញុំទៅបាវិត ថ្ងៃមុន ខ្ញុំឃើញក្រុមហ៊ុនមួយនៅបាវិតហ្នឹង ធ្វើហើយនាំចេញទៅអ៊ីតាលី ចឹងបានន័យថាទឹកដៃកូនខ្មែរអាចធ្វើបានហើយកន្លងទៅ យើងរុញច្រើន ផលិតកង់នាំទៅអ៊ឺរ៉ុប យើងខិតខំទៅថ្ងៃក្រោយដើម្បីទាញយកផលិតផល ភាពបង្គុំ នៅក្នុងប្រទេសឱ្យបានច្រើន ពីព្រោះបន្តិចទៀតយើងរុញទៅក្រៅ» ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា ការបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា នឹងជួយឱ្យប្រជាពលរដ្ឋអាចទិញរថយន្ត ទៅប្រើប្រាស់បានក្នុងតម្លៃទាបជាងការនាំចូល ដោយសារក្រុមហ៊ុនទទួលបាននូវការអនុគ្រោះមួយចំនួន ពីរាជរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ មានប្រសាសន៍ថា ចក្ខុវិស័យដែលលោកនាយករដ្ឋមន្រ្តីលើកឡើងនេះ ជាចក្ខុវិស័យដែលអាចសម្រេចទៅបាន ព្រោះបណ្ដាក្រុមហ៊ុនកម្ពុជា នឹងអាចចាប់ដៃគូរគ្នា ជាមួយក្រុមហ៊ុននានាដែលផលិតនូវគ្រឿងបង្គំយានយន្ត មកពីជប៉ុន កូរ៉េ ថៃ និងចិនជាដើមបាន។ លោកបន្តថា ការដែលអាចសម្រេចការងារនេះបាន គឺបានចូលរួមចំណែកយ៉ាងច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «អាចសម្រេចទៅបាននេះ គឺយើងឃើញថា បច្ចុប្បន្ននេះ ក្រៅពីបណ្ដារោងចក្រផ្គុំ និងដំឡើងយានយន្តទាំង៧ ដែលកំពុងតែដំណើរការ និងកំពុងតែត្រៀមនឹងដំណើរការនេះ យើងឃើញថាមានបណ្ដារោងចក្រផ្សេងទៀត ដែលជារោងចក្របានផលិតនៅបណ្ដាគ្រឿងផ្គុំយានយន្តមានទាំងខ្សែបង្គុំអគ្គិសនី មានទាំងផលិតអាគុយ មានទាំងផលិតអំពូលភ្លើង និងបណ្ដា(គ្រឿងបង្គំមួយ)ចំនួនទៀតដែលទាំងអស់នេះគឺជាវត្ថុធាតុផ្សំដ៏សំខាន់ សម្រាប់ចូលរួមចំណែកក្នុងការផ្គុំដំឡើងរថយន្តរបស់យើង»។
លោកបន្ថែមថា៖ «នៅពេលដែលកម្ពុជាអាចមានលទ្ធភាពក្នុងការនាំចេញជាប្រភេទឧស្សាហកម្មធុនធ្ងន់ គឺគេបានចូលរួមចំណែកកាន់តែធំ និងកាន់តែល្អប្រសើរទៅក្នុងខ្សែចង្វាក់ផលិតកម្មតម្លៃ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើង ដោយឡែកបណ្ដាកម្មករកម្មការិនី ក៏ដូចជាវិស្វករដែលធ្វើការនៅតាមបណ្ដារោងចក្រឧស្សាហកម្មធុនធំនេះ នឹងទទួលបានប្រាក់រង្វាន់បានកាន់តែល្អប្រសើរ ជាងឧស្សាហកម្មធុនស្រាល នឹងបានចូលរួមចំណែកល្អប្រសើរថែមទៀតទៅក្នុងកម្លាំងសេដ្ឋកិច្ចជាតិរបស់យើងបាន»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច យល់ថា លុះត្រាតែកម្ពុជាមានធនធានមនុស្ស ទើបអាចសម្រចបាននៅចក្ខុវិស័យនេះបាន។
លោកថ្លែងថា៖ «ដើម្បីឱ្យកម្ពុជាសម្រេចឱ្យបានចក្ខុវិស័យនេះ កម្ពុជាត្រូវផ្តោតការវិនិយោគបន្ថែមទៅលើធនធានមនុស្ស ឬមូលធនមនុស្សដើម្បីឱ្យយុវជនកម្ពុជា ប្រជាជនកម្ពុជាមានចំណេះដឹង ហើយនឹងទទួលបានជំនាញច្បាស់លាស់នៅក្នុងការចូលរួមចំណែកនៅក្នុងវិស័យឧស្សាហកម្ម ជាពិសេសគ្រឿងបង្គុំនេះ»។
លោកចង់ឃើញវិស័យអប់រំនៅកម្ពុជាល្អប្រសើរជាងនេះទៀត ជាពិសេសគឺមានការដាក់បញ្ចូលនៅជំនាញ សហគ្រិនភាព ហើយផ្តោតទៅលើមនុស្សម្នាក់យ៉ាងហោចណាស់មានជំនាញមួយ ។
ទាក់ទិននឹងករណីនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព លោក យ៉ង់ គឹមអេង យល់ថា នេះជារឿងល្អដែលរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ ទៅរកការអភិវឌ្ឍ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចបែបនេះ ប៉ុន្តែពាក់ព័ន្ធនឹងការនាំចេញនេះ រដ្ឋាភិបាលគួរសម្រួលតម្លៃ និងពេលវេលា។
លោកមានប្រសាសន៍ថា៖ «ទី១ ដែលកម្ពុជាត្រូវធ្វើ គឺត្រូវតែតម្លៃផលិតនេះឱ្យថោក ដើម្បីឱ្យតម្លៃផលិតអាចថោកបាន លុះត្រាតែតម្លៃភ្លើងនៅកម្ពុជាអាចចុះថ្លៃបាន ទី២ ឱ្យដំណើរការនៃការដឹកជញ្ជូននឹងអាចថោកដែរ វាអាចជួយដែរ ទី៣ មានរថភ្លើងល្បឿនលឿនដែលអាចដឹកជញ្ជូនផលិតផលបាន និងកាត់បន្ថយភាពស្មុគស្មាញនៅក្នុងការឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ នៅក្នុងការនាំចេញកុំឱ្យខាតពេលវេលាដោយសារផលិត គួរតែមានច្រកការត្រួតពិនិត្យតែមួយ គឺមានភាពល្អប្រសើរ»៕