ភ្នំពេញ៖ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន អ្នកការពារព្រៃឈើ និងអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានបើកលំហសិទ្ធិសេរីភាព និងគាំទ្រសកម្មភាពការពារបរិស្ថានរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្នុងរាជធានីភ្នំពេញ ពួកគេលើកឡើងថា អាជ្ញាធរមូលដ្ឋានតែងតែហាមឃាត់ និងសួរនាំច្រើន ថែមទាំងគំរាមគំហែង[ពាក្យសម្ដី ហិង្សា អាវុធ] រាល់ពេលដែលក្រុមសកម្មជនបរិស្ថាន និងសង្គមស៊ីវិលមានសកម្មភាពចុះទៅព្រៃឬល្បាតព្រៃម្ដងៗ។ កិច្ចពិភាក្សានេះ ក៏បានផ្តោតសំខាន់លើសារៈសំខាន់ និងតួនាទីរបស់អ្នកសារត៌មានក្នុងការរាយការណ៍ពីបញ្ហាបរិស្ថានផងដែរ។
លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ថ្លែងថា សារព័ត៌មានបានចួលរួមចំណែកផ្សព្វផ្សាយពីបញ្ហាបរិស្ថានដូចជាការកាប់បំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ជាដើម។ លោក ស្នើសុំឱ្យក្រសួងជំរុញឱ្យមន្ត្រីចុះអធិការកិច្ច ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងមានយន្តការចំពោះការធ្វេសប្រហែសរបស់មន្ត្រីចំពោះមុខងារខ្លួន។
លោកបន្តថា៖«យើងធ្វើការទៅលើបរិស្ថានគ្រាន់យើងចង់ឱ្យមានបរិស្ថានស្អាតរួមគ្នាហើយមានព្រៃឈើមួយប្រកបដោយនិរន្តរភាពយ៉ាងពិតប្រាកដ»។
លោក ហេង គីមហុង បន្តថាអ្នកសារព័ត៌មានឯករាជ្យមានសារៈសំខាន់ក្នុងការជួយអង្គការសង្គមស៊ីវិលដើម្បីរាយការណ៍ព័ត៌មានពីបញ្ហាដែលត្រូវបានលាក់កំបាំងពីភ្នែកសាធារណជន។
អ្នកស្រី ទិព្វ ភារុណ ពលរដ្ឋជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរី បានថ្លែងពីបញ្ហាដែលកើតឡើងក្នុងសហគមន៍អ្នកស្រីយ៉ាងដូច្នេះ៖ «ចំពោះជនជាតិដើមភាគតិចដែលកំពុងមានបញ្ហានៅពេលដែលក្រសួងបរិស្ថានចាប់ផ្ដើមដកហូតដីដោយមិនបានសិក្សាច្បាស់លាស់។ កន្លងទៅយើងឃើញថាអ្នកដែលកាប់បំផ្លាញព្រៃឈើធំៗ យើងអត់ទាន់បានឃើញថាក្រសួងដកហូតទេ តែក្រសួង ឬមន្ទីរដែលកំពុងអនុម័តនោះ បានចាប់ជនជាតិដើមភាគតិចដែលក្រីក្រ ដែលគ្នាធ្វើចម្ការតិចតួច»។
លោកស្រីបញ្ជាក់ថាជនជាតិដើមភាគតិច ស្រឡាញ់និងអាចការពារព្រៃឈើបានល្អដោយសារ ជនជាតិដើមភាគតិច បានស្គាល់ភូមិសាស្ត្រច្បាស់លាស់៖ «កន្លែងណាដែលមានជនជាតិដើមភាគតិចយើងឃើញថាកន្លែងនឹងធ្វើស្រែចម្ការមែនប៉ុន្តែនៅតែទុកព្រៃឈើជាបន្តបន្ទាប់ ប៉ុន្តែកន្លែងណាដែលមានក្រុមហ៊ុនឬមានអ្នកជំនាន់ស្រុកមកថ្មីៗគឺកាប់បំផ្លាញព្រៃឈើជាហូរហែរ»។
យ៉ាងណាក៏ដោយ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបដិសេធចំពោះការលើកឡើងថារដ្ឋាភិបាលមានភាពអសកម្មក្នុងការការពារព្រៃឈើនៅកម្ពុជា។
លោកថ្លែងថា៖ «គ្រប់ខេត្តដែលជាតំបន់ការពារព្រៃឈើរបស់យើង២១កន្លែង ២១ខេត្តនេះយើងបាននិងកំពុងអនុវត្តក្ដៅកគុក»។
បើតាមលោក ខ្វៃ អាទិត្យា អាជ្ញាធរបានបង្រាបបទល្មើសយ៉ាងសកម្ម ក្នុងនោះនៅខេត្តពោធិ៍សាត់អាជ្ញាធរបានបញ្ជូនជនល្មើសទៅតុលាការចំនួន១៨ករណី ចំណែកឯខេត្តស្ទឹងត្រែងក៏បានបញ្ជូនមនុស្ស១០នាក់ទៅតុលាការផងដែរ៕