ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់ពន្ធនាគារបន្ត​ទៀត។  កញ្ញា ឈឹម ស៊ីថរ ​ជាប្រធានសហជីព ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែលត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ក្រោម​ហេតុផល​ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៅ​ក្រៅ​ឃុំ។

យោងតាមអង្គការលីកាដូបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះដែលមានសមាសភាព​ចៅក្រមចំនួន០៤រូប​បាន​​ប្រកាស​​សាលដីការបស់ខ្លួនដោយ​​តម្កល់សេចក្ដីសម្រេចផ្តន្ទាទោសពន្ធនាគារលើ កញ្ញា ឈឹម ស៊ីថរ និង ជនជាប់ចោទ​ជាច្រើននាក់​ផ្សេងទៀត​។ ទោស​​​ពន្ធនាគារ ​របស់​អ្នកទាំងនោះចន្លោះពី១ឆ្នាំទៅ២ឆ្នាំ។

កញ្ញា ឈឹម សុខន ជាអនុប្រធានសហជីពបានប្រាប់ញូវស៍រូមខេមបូឌាថាការប្រកាសសាលដីការបស់ តុលាការ​​​កំពូលនេះ​ មានភាពអយុត្តិធម៌ជាខ្លាំង តាំងពីសាលាដំបូង សាលា​ឧទ្ធរណ៍ រហូតដល់តុលាការ​កំពូល​នេះ។

កញ្ញាបានថ្លែងថា៖ «ស្រុកខ្មែរយើងវាគ្មានយុត្តិធម៌ ទេកាត់ទោសតាមគ្នាទេ មិនមែនកាត់ទោស យកច្បាប់​មក​ធ្វើ​ជាគោលអីទេកាត់ទោសយកច្បាប់ជាគោលពួកខ្ញុំមិនត្រូវជាប់គុគទេ។ ជាក់ស្ដែងពួកខ្ញុំធ្វើកូតកម្មដើម្បី​ទាម​ទារ​​​​​សិទ្ធិការងាររួមហើយធ្វើទៅតាមនីតិវិធីរបស់ច្បាប់ទៀត»។

កញ្ញាថ្លែងបន្តថា៖ «រូបភាពដែលគាត់កាត់ហ្នឹង ជារូបភាពបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្ស បំបាក់ស្មារតី ​សហជីព​ផ្សេងៗថាកុំឲ្យហ៊ានចូលរួមជាមួយការងារសហជីពអី» ។

លោកស្រី ឃ្លាំង សុបិន្ត អគ្គលេខាសហជីពបានប្រាប់ញូវស៍រូមខេមបូឌាថា ពួកគាត់ក៏បានទាយដឹងមុនដែល ប៉ុន្តែនៅមានកូនចិត្តមួយទៀតបន្តរង់ចាំសេចក្តីសម្រេចរបស់តុលាការកំពូលសិន។

លោកស្រីថ្លែងថា៖ «ធាតុពិតពួកខ្ញុំបានដឹងមុនហើយថានឹងមិនមានការទម្លាក់បទចោទនោះទេ ពីព្រោះបើ សិន​​ទម្លាក់បទចោទ​វាដូចជាបង្ហាញ​ថា​ប្រព័ន្ធតុលាការជាន់ទាប និងតុលាការកណ្ដាលហ្នឹងកាត់ក្ដីចេះតែកាត់  ចេះតែចោទគេ ទាំងដែលអត់មានភស្តុតាង ប៉ុន្តែចុងបញ្ចប់យើងមើលឃើញដូចគ្នា។ តុលាការជាន់ទាប តុលាការ​​កណ្ដាល តុលាការកំពូល គឺជាប្រព័ន្ធតែមួយទេ»។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូមានការ​សោកស្តា​យ​ចំពោះ​សាលដីការបស់តុលាការ​កំពូល ដែលបានតម្កល់សេចក្តីសម្រេចរបស់​សាលាឧទ្ធរណ៍ភ្នំពេញ និង ​សាលា​ដំបូង​រាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលើថ្នាក់ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារចំនួន២ឆ្នាំ ពីបទញុះញង់ឱ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម​។

លោក អំ សំអាត លើកឡើងថា៖ «ការផ្តន្ទាទោសកញ្ញាឱ្យជាប់ពន្ធនាគារបន្ត ក៏ដូចជាការផ្ត្ទន្ទាទោសអតីត និង​បច្ចុប្បន្នសមាជិក​សហជីព ដូចជាមិនមានផលចំណេញសម្រាប់កម្ពុជាទេ ផ្ទុយទៅវិញគឺមានការរិះគន់​បន្ថែម​ទៀត​​ពី​សហគមន៍​អន្តរជាតិលើការរំលោភសិទ្ធិសហជីពសិទ្ធិការងារ និងសិទ្ធិមនុស្សលើកករណី។ រឿងដែល​សំខាន់​គឺអាជ្ញាធរពាក់ព័ន្ធគួរជំរុញឱ្យមានការដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្កាវើលដ៍ និង​អតីតនិងបុគ្គលិក ដែលបន្តធ្វើកូដកម្មជាង២ឆ្នាំមកនេះ វាជារឿងចាំបាច់ជា ជាងការអនុវត្ត​តាមប្រព័ន្ធ​តុលាការ​​​ក្នុងការផ្តន្ទាទោសពួកគេទាំងនោះ»។

លោកបន្តថា៖ «ការបរាជ័យក្នុងការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាមួយអតីត និង​បុគ្គលិក​ដែលមានវិវាទការងារ ហើយកំពុងធ្វើកូដកម្មរយ:ពេលជាង២ឆ្នាំ ដោយជំនួសមកវិញ​នូវតុលាការ​ផ្តន្ទាទោស​អតីតនិងបច្ចុប្បន្នជាមេដឹកនាំនិងសហជីពទៅវិញ។ ដូច្នេះអាចឱ្យមានការរិះគន់បន្ថែមទៀតពី​សហគមន៍​​អន្តរជាតិ​លើការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ លើសហជីព សិទ្ធិ​ការងារ ដោយសារ​ករណីនេះ»។

ញូវស៍រូមខេមបូឌា មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ម៉ៅ ធីតា អ្នក​នាំពាក្យ​តុលាការ​កំពូល​បាន​នៅ​ឡើយ​ទេត្រឹមថ្ងៃសុក្រនេះ​។

សមាជិកសហជីពណាហ្គាវើលដ៍ បានធ្វើកូដកម្មចាប់តាំងពីចុង​ឆ្នាំ២០២១​ តវ៉ានឹងការបញ្ឈប់​បុគ្គលិក​​​ទ្រង់​ទ្រាយ​​​​ធំនៅអំឡុងពេលការ​​រាលដាលនៃជំងឺកូវីដ១៩​ ដោយមានការបញ្ឈប់ថ្នាក់​ដឹកនាំ  និងសមាជិកជា​ច្រើន​នាក់​​របស់សហជីព។  ចាប់តាំងពីកូដកម្មអហិង្សាដែលចាប់ផ្ដើម​ឡើងនៅឆ្នាំ២០២១ ​កម្មករជាច្រើននាក់​ទទួល​​រង​​ការរំលោភបំពានជាច្រើនពីសំណាក់​អាជ្ញាធរនិងកងសន្តិសុខជា​ច្រើន​នាក់៕