សកម្មជនការពារព្រៃឈើ ជាពលរដ្ឋដែលធ្វើសកម្មភាពណាមួយយ៉ាងសកម្ម ក្នុងការលះបង់ដើម្បីផលប្រយោជន៍សង្គមជាតិ ជាពិសេសពាក់ព័ន្ធនឹងការការពារព្រៃឈើ។ លោក ឆេន ផាន ជាអនុប្រធានសហគមព្រៃឈើក្បាលខ្លា ជាសមាជិកបណ្ដាញព្រៃឡង់ និងជាសមាជិកតំបន់អភិរក្សបឹងធំ ដែលតែងចុះល្បាតក្នុងព្រៃដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ។
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក ឆេន ផាន ជាអនុប្រធានសហគមព្រៃឈើក្បាលខ្លា ជាសមាជិកបណ្ដាញព្រៃឡង់ និងជាសមាជិកតំបន់អភិរក្សបឹងធំជាមួយកញ្ញា ជា បញ្ញា សិក្ខាកាមមកពីញូសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរលោក!
A: បាទ! ជម្រាបសួរ។
Q: ជាដំបូងខ្ញុំចង់ដឹងថា តើហេតុអ្វីបានជាលោកសម្រេចចិត្ត ចូលរួមក្នុងសកម្មភាពការពារព្រៃឈើ?
A: ព្រោះព្រៃឈើមានប្រយោជន៍ចំពោះមនុស្សគ្រប់គ្នា ហើយសម្រាប់ពួកខ្ញុំជាជនជាតិដើមភាគតិច អាចអាស្រ័យអនុផលព្រៃឈើ។ បើយើងមិនការពារទេ ជនល្មើសនឹងកាប់រានទន្រ្ទានអស់ព្រៃ ហើយនឹងមានផលប៉ះពាល់ដល់យើងទាំងអស់គ្នា មានខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
Q: ក្នុងនាមជាសកម្មជនការពារព្រៃ តើលោកបានធ្វើសកម្មភាពអ្វីខ្លះក្នុងការការពារព្រៃឈើ?
A: ខ្ញុំតែងតែចុះល្បាតព្រៃ ចុះស៊ើបអង្កេត ចុះទប់ស្កាត់បទល្មើស ធ្វើផែនការណ៍ជាមួយបណ្ដាញ (បណ្ដាញព្រៃឡង់ទាំង៤ខេត្ត មានខេត្តព្រះវិហា កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ) ដើម្បីចុះស៊ើបអង្កេតនៅតាមតំបន់ដែលជនល្មើសគេកាប់បំផ្លាញ។ មានការចូលរួមប្រជុំជាមួយបណ្ដាញថ្នាក់ស្រុក (បណ្ដាញព្រៃឡង់) ដើម្បីរកដំណោះស្រាយទប់ស្កាត់បទល្មើស។
Q: តើសកម្មភាពការពារព្រៃឈើទាំងនេះបានផ្ដល់ឱកាស ឬភាពវិជ្ជមានអ្វីខ្លះដល់លោក?
A: ខ្ញុំបានយល់ដឹងពីការការពារធនធានធម្មជាតិ អត្ថប្រយោជន៍នៃព្រៃឈើ យល់ដឹងពីរបៀបការពារព្រៃ។ ពេលចូលរួមបុណ្យព្រៃ បុណ្យបំបួសដើមឈើ និងកម្មវិធីផ្សេងៗ ធ្វើឱ្យខ្ញុំមានឱកាសបានបង្កើតទំនាក់ទំនង និងជួបជជែកជាមួយនិស្សិតមកពីភ្នំពេញ និងបងប្អូនសហគមន៍ផ្សេងៗ ដើម្បីដោះដូរយោបល់គ្នា។ ហើយខ្ញុំបានរៀន (ទទួលបានការបណ្ដុះបណ្ដាល) ប្រើអែប (កម្មវិធីទូរស័ព្ទដៃ) ផ្តិតយករូបភាពដើមឈើឈរ និងត្រូវបានគេកាប់ ថតយកបទល្មើសដឹកឈើ ឬគេដឹកសត្វ(សត្វព្រៃ)។ រៀនពីការកាត់តវីដេអូ សរសេរព័ត៌មាន និងសរសេររបាយការណ៍អ៊ីចឹងទៅ។
Q: តើលោកប្រឈមនឹងបញ្ហាអ្វីខ្លះ ក្នុងនាមជាសកម្មជនការពារព្រៃឡង់?
A: ពេលចុះការពារម្ដងៗ មន្ត្រីឧទ្យានុរក្សរារាំងមិនឱ្យយើងចូល (ព្រៃ) គេតាម (ឃ្លាំមើល) យើងរហូត មិនងាយចូលព្រៃបាន។ ហើយអាជ្ញាធរនៅភូមិស្រុកយើង គេតាមដានយើងដែរ ដើម្បីយកដំណឹងប្រាប់ជនល្មើសមុន។ ពេលចុះល្បាតម្ដងៗ សឹងតែគ្មានជីវិតត្រឡប់មកផ្ទះវិញទេ ព្រោះជនល្មើសប្រើអាវុធកែច្នៃតដៃ។ អ្នកជិតខាងស្អប់ពួកខ្ញុំ គេមិនចូលរួមការពារជាមួយយើង គេគិតតែបំផ្លាញ ពេលយើងការពារធ្វើឱ្យប៉ះពាល់ដល់គេ។
ខ្ញុំក៏ធ្លាប់ត្រូវគេវាយតប់ដែរ ពេលដើរលេងបុណ្យនៅវត្ត។ គេថា ឱ្យតែឃើញពួកសហគមន៍ព្រៃក្បាលខ្លា ឃើញអ្នកណាគេវាយអ្នកហ្នឹង។ ពេលយើងប្ដឹងទៅអាជ្ញាធរ គេអត់ជួយដោះស្រាយ។ ជួបរឿងបែបនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់ដែរ។
Q: កត្តាអ្វីដែលធ្វើឱ្យលោកនៅតែបន្តធ្វើការងារនេះ ទាំងដែលលោករងនូវការគំរាមកំហែង និងការបំបាក់ទឹកចិត្ត?
A: ព្រោះខ្ញុំគិតថា ប្រជាជនគ្រប់រូបមានសិទ្ធិការពារព្រៃឈើទាំងអស់គ្នា មិនមានច្បាប់ណាហាម ឬទៅការពារគេចាប់ដាក់គុកទេ។ ខ្ញុំមានការជំរុញខ្លះៗពីគ្រួសារដែរ ហើយក្នុងក្រុមបណ្ដាញមានការលើកទឹកចិត្ត សាមគ្គីគ្នាល្អ ចេះជួយគ្នាទៅវិញទៅមក។
Q: តើលោកប្តេជ្ញាចិត្តបែបណាខ្លះក្នុងការបន្តសកម្មភាពការពារព្រៃឈើ?
A: ខ្ញុំប្ដេជ្ញាថា ដរាបណាព្រៃឈើនៅតែមាន ខ្ញុំនៅតែការពារបន្តរហូតដល់ជីវិតខ្ញុំសូន្យ។
Q: ជាចុងក្រោយ តើលោកមានអ្វីជាសារ ឬសំណូមពរអ្វីខ្លះពាក់ព័ន្ធនឹងការការពារព្រៃឈើ?
A: ខ្ញុំសូមសំណូមពរទៅដល់រាជរដ្ឋាភិបាល មន្ត្រីជំនាញដែលពាក់ព័ន្ធនឹងព្រៃឈើជួយទប់ស្កាត់ការពារព្រៃឈើឱ្យបានគង់វង្ស ព្រោះជាតួនាទី និងកាតព្វកិច្ចរបស់ពួកគាត់ និងសូមផ្ដាំផ្ញើទៅដល់យុវជនជាទំពាំងស្នងឫស្សីទាំងអស់គ្នា សូមចូលរួមការពារព្រៃឈើ។
Q: ចា៎! អរគុណច្រើន។
A: បាទ! អរគុណ៕