ប្រជាពលរដ្ឋ១៧គ្រួសារ ប្តឹងទាមទារឲ្យម្ចាស់សំណង់ផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌសែនសុខ ចូលខ្លួនមកដោះស្រាយ ដោយពួកគេអះអាងថា ម្ចាស់សំណង់បានផ្អាកការសាងសង់ជិត៣ឆ្នាំដោយមិនមានមូលហេតុ។
លោក ពេជ សារ៉ាត់ ពលរដ្ឋម្នាក់ដែលបានអះអាងថាជាអ្នកទិញផ្ទះពីសំណង់ផ្ទះល្វែងមួយកន្លែងមិនមានឈ្មោះ ស្ថិតក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើកឡើងកាលពីថ្ងៃទី៦ ខែមិថុនា នេះថា លោកបានទិញផ្ទះក្នុងសំណង់ផ្ទះល្វែងនោះកាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃ៣៩,០៣៩ដុល្លារ និងបានបង់ប្រាក់កក់ជាង១ម៉ឺនដុល្លារ។ លោកបន្តថា ម្ចាស់គម្រោងដែលមានឈ្មោះលោក ឯម សុខពៅ បានសន្យាថា១០ខែ នឹងសាងសង់រួច ប៉ុន្តែលោកថា ក្រោយការសាងសង់បានប្រមាណជា៥០ភាគរយ នៅខែសីហា ក្នុងឆ្នាំ២០១៨ ម្ចាស់គម្រោងបានបញ្ឈប់ការសាងសង់ទាំងស្រុង និងបាត់ទាំងទីស្នាក់ការលក់តែម្តង។
លោក ពេជ សារ៉ាត់ បន្ថែមថា លោកបានដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធរួចហើយប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។
លោកមានប្រសាសន៍ថា៖ «យើងចូលសាលាសង្កាត់ក្រាំងធ្នង់ញឹកញាប់ដោយសារវាពាក់ព័ន្ធនឹងអាជ្ញាធរដែនដី ហើយអាជ្ញាធរលោកគាំទ្រប្រជាជនហើយអាជ្ញាធរបានបញ្ចូនទៅសាលាខណ្ឌ យើងក៏សុំអន្តរាគមន៍ពីសាលាខណ្ឌទៀតក៏ប៉ុន្តែមិនទាន់បានលទ្ធផលល្អទេ»។
ក្នុងលិខិតទិញលក់ផ្ទះ ដែលផ្តល់ដោយលោក ពេជ សារ៉ាត់ បង្ហាញថា លោក និងប្រជាពលរដ្ឋ១៦គ្រួសារទៀត បានទិញផ្ទះតាមរយៈក្រុមហ៊ុនអចលនទ្រព្យមួយដែលមានលោក ឯម សុខពៅ និងអ្នកស្រី អ៊ុង សុភា (ប្រពន្ធ) ជាម្ចាស់គម្រោង នៅដើមឆ្នាំ២០១៨ ដោយផ្ទះមួយមានតម្លៃចាប់ពី៣៧,០០០ដុល្លារ ដល់៤៥,០០០ដុល្លារតាមប្រភេទផ្ទះ និងតម្រូវឲ្យបង់ប្រាក់កក់៣០%នៃតម្លៃផ្ទះនីមួយៗ។
ពលរដ្ឋម្នាក់ទៀតដែលអះអាងថាជាអ្នកទិញផ្ទះពីសំណង់ផ្ទះល្វែងនោះដែរ ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា លោកបានបង់លុយទិញផ្ទះអស់ចំនួន៥,០០០ដុល្លារ ប៉ុន្តែលោកថា ផ្ទះដែលលោកទិញនោះត្រូវបានបញ្ឈប់ការសាងសង់តាំងពីចុងឆ្នាំ២០១៨មក ហើយរហូតមកដល់ពេលនេះសភាពសំណង់មានភាពពុកផុយដោយកន្លែង ចំណែកម្ចាស់បុរីក៏បានគេចខ្លួនបាត់។ លោកបន្ថែមថា ប្រសិនបើម្ចាស់សំណង់មិនចូលខ្លួនមកដោះស្រាយទេនោះ លោកនឹងសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី។
លោកនិយាយថា៖ «រាល់ថ្ងៃបើតាមពិតទៅអាជ្ញាធរ ឃុំសង្កាត់ដូចជាគ្មានអំណាចអីអាចបង្ខំឲ្យ ឯម សុខពៅ និង អ៊ុង សុភា ចេញមកដោះស្រាយបានទេ ជម្រើសចុងក្រោយរបស់ពួកយើងមានតែឡើងដល់ថ្នាក់ដឹកនាំកំពូល គឺសម្តេច ហ៊ុន សែន»។
ពលរដ្ឋរូបនេះបន្ថែមថា លោកមិនសង្ឃឹមថានឹងបានផ្ទះមកវិញទេ ដោយសារសភាពផ្ទះមានសភាពទ្រុឌទ្រោម ព្រោះតែទុកចោលយូរឆ្នាំ។
លោកនិយាយថា៖ «យើងក៏អត់សង្ឃឹមថានឹងបានផ្ទះមកវិញដែរ យើងអាចហ្នឹងបានដីដែលបានទិញផ្ទះ ប៉ុន្តែផ្ទះត្រូវវាយចោលទាំងស្រុងក៏អាចថាបានដែរ ព្រោះមើលសភាពផ្ទះរាល់ថ្ងៃគឺ អត់អាចសាងសង់បន្តបានទេ ព្រោះវារៀងពុកផុយ ទុកចោល ហាងភ្លៀងហាលខ្យល់»។
អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត មានប្រសាសន៍កាលពីថ្ងៃចន្ទថា មកទល់ពេលនេះអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ ទោះបីជាម្ចាស់គម្រោងគេចវេសមិនចូលរួមដោះស្រាយក៏ដោយ។
លោកបញ្ជាក់ថា៖ «យើងបានព្យាយាមដោះស្រាយហើយ ប៉ុន្តែដោយសារអ្នកដែលលក់គេចវេសអត់ចូលរួម ប៉ុន្តែឥឡូវគឺយើងមានចំណាត់ការមួយដល់សាលារាជធានីហើយ គឺសាលារាជធានីទទួលភារកិច្ចជូនទៅដល់មន្ទីរជំនាញដើម្បីយកបណ្ណរបស់គាត់ហ្នឹង បំបែកក្បាលដីជូនប្រជាពលរដ្ឋ»។
បើតាមក្រុមពលរដ្ឋដែលផ្តល់សម្ភាសន៍និយាយថា ផ្ទះដែលពួកគេទិញទាំងនោះ មានសភាពពុកផុយ ដោយសារការទុកចោលត្រូវភ្លៀង។ ទោះយ៉ាងណាពួកគេរំពឹងថា នឹងអាចបានទទួលបានដំណោះស្រាយក្នុងពេលឆាប់ៗ៕