ក្រសួងបរិស្ថាន បានច្រានចោលការចោទប្រកាន់ដែលថា​មានការចាក់សំរាម ក្នុងដែនជម្រកសត្វពាមក្រសោប នៅ​ខេត្តកោះកុង ប៉ុន្តែយុវជនចលនា​មាតាធម្មជាតិ យល់ថា ការអះអាងរបស់ក្រសួងនេះ ទំនងផ្អែកលើអនុក្រឹត្យដែលត្រូវបាននិរាករណ៍ហើយ។

តាមរយៈវីដេអូឃ្លីបដែលផ្សព្វផ្សាយនៅ​ទំព័រហ្វេសប៊ុករបស់ខ្លួន នៅសប្ដាហ៍មុន យុវជនចលនា​មាតាធម្មជាតិ បានចោទប្រកាន់រដ្ឋបាលខេត្តកោះកុង​ថា បាន​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃពាមក្រសោប ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល​ត្រូវការ​ពារ​ដោយ​អនុ​ក្រឹត្យ។

ឆ្លើយតបចំពោះករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ថា ការចោទប្រកាន់របស់យុវជនចលនាមាតាធម្មជាតិដែលថា រដ្ឋបាលខេត្តកោះកុង បានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃគឺជារឿងមិនពិត។

ទីតាំងចាក់សំរាមថ្មីរបស់រដ្ឋបាលខេត្តនេះ លោក អាទិត្យា ថ្លែងថា គឺជាដីដែលបានបម្រុងទុករបស់រដ្ឋបាលខេត្ត សម្រាប់ធ្វើជាវាលចាក់សំរាមអស់រយៈពេលយូរមកហើយ។

លោកបញ្ជាក់ថា៖ «ជាដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុង ដែលគាត់រៀបចំទីលានចាក់សំរាម ជាដីបម្រុងរបស់ខេត្តមិនស្ថិតនៅក្នុងតំបន់ការពារទេ»។

យុវតីមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា អះអាងថា ការលើកឡើងរបស់មន្រ្តីក្រសួងបរិស្ថាន ទំនងសំដៅលើអនុក្រឹត្យលេខ៣០ ចុះថ្ងៃទី២ មីនា ឆ្នាំ២០២១ ដែលត្រូវបាននិរាករណ៍ដោយអនុក្រឹត្យលេខ១៦៤ ដែលចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

យុវតីរូបនេះ បានអះអាងទៀតថា នៅក្នុងអនុក្រឹត្យចេញកាលពីឆ្នាំមុននេះ បានគូសបញ្ជាក់ថា ទីលានចាក់សំរាមថ្មីរបស់រដ្ឋបាលខេត្តកោះកុង​ គឺស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប។ កញ្ញា​ចាត់ទុកការអះអាងរបស់មន្រ្តីរដ្ឋាភិបាលរូបនេះ​ ថា​គ្មានការទទួលខុសត្រូវក្នុងនាមជាមន្រ្តីសាធារណៈ ហើយកញ្ញា មានមន្ទិលចំពោះមន្រ្តីដែលយកដែនជម្រកសត្វព្រៃធ្វើជាទីលានចាក់សំរាមនោះ តើគេមានបានទទួលផលប្រយោជន៍ពីករណីនេះដែរឬទេ?។ 

កញ្ញា លាង សុវណ្ណា យល់ថា ទីណាដែលមានការចាក់សំរាម ទីនោះ​ចៀសមិនផុតពីការកើតមានផលប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ ហើយជា​​ដំណោះស្រាយ គួរតែមានឡដុតសំរាម និងមានកន្លែងចាក់សំរាមស្តង់ដា។

កញ្ញានិយាយថា៖ «ពួកយើងចង់មានដំណោះស្រាយសម្រាប់ពលរដ្ឋនៅម្ដុំណុង ក៏ដូចជាមានដំណោះស្រាយទៅលើបរិស្ថានយើងទាំងអស់គ្នា»។

ក្នុងឃ្លីបវីដេអូមានរយៈពេល៣នាទីរបស់ទំព័រហ្វេសប៊ុកផេកចលនា​មាតាធម្មជាតិ បានបង្ហាញអំពីសកម្មភាពដែលពោពេញដោយសំរាម ហើយថា នេះជាគំនរសំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោប បន្ទាប់ពីរដ្ឋបាលខេត្តកោះកុង បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែឧសភា ឆ្នាំ២០២២ ដោយ​មាន​​ក្រុមហ៊ុនចិនឈ្មោះ Eco Locol Solution ជាអ្នកដឹកជញ្ជួន។

ពួកគេ បន្ថែមថា ផលប៉ះពាល់នៃសំរាមដែលចាក់នៅដែនជម្រកសត្វព្រៃនោះ បានជះក្លិនស្អុយ និង​មានទឹកដក់សុទ្ធតែដង្កូវ ហើយសំណល់ផ្ទះបាយនិងរោងចក្រ ដែល​អាចបង្កឱ្យប៉ះពាល់ដល់ទឹកក្រោមដីនិងលើដី និង​ធ្វើឱ្យសោភណ្ឌភាពរបស់ដែនជម្រកសត្វព្រៃត្រូវបាត់បង់។

យុវជនមាតាធម្មជាតិ សង្កាត់ធ្ងន់ថា នៅពេលរដូវវស្សាចូលមកដល់ ទឹកដែលហូរចេញពីកាកសំណល់នៃសំរាម អាចជ្រាបចូលទៅកាន់ស្ទឹងតាតៃ ហើយនឹងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សនិងសត្វដែលប្រើប្រាស់ប្រភពទឹកនោះ។

លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង ថ្លែងថា ក្នុងខេត្តកោះកុង ក្រៅពីដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាដីស្ថិតក្នុងតំបន់ការពារ។ តែ​យ៉ាងណា លោកបានជំទាស់នឹងការលើក​ឡើងថា ទីតាំងចាក់សំរាមថ្មី បង្កឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ ព្រមទាំងទឹកតាមដងស្ទឹងតាតៃ។

មុននឹងសម្រេចចាក់សំរាមនៅតំបន់នោះ លោកថា មន្រ្តីជំនាញបានធ្វើការសិក្សាបច្ចេកទេសជាមុន ខណៈស្ទឹងតាតៃក៏ស្ថិតនៅទីតាំងឆ្ងាយពីតំបន់ចាក់សំរាមផងដែរ ដែលវាមិនអាចបង្កផល​​ប៉ះពាល់ដល់ទឹកស្ទឹងបានឡើយ ហើយ​​បច្ចុប្បន្ននេះ រដ្ឋបាលខេត្តក៏កំពុងចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ​ក្នុងការរកមូលនិធិ ដើម្បីធ្វើទីលានចាក់សំរាមថ្មីនេះ ឱ្យស្របតាមស្តង់​ដាផ​ង​ដែរ។

លោកថ្លែង​ថា៖ «មុននឹងកំណត់ទីតាំងណាមួយយើងបានពិភាក្សាជាមួយមន្រ្តីជំនាញបច្ចេកទេសទាងអស់ បានយើងរៀបចំកំណត់ទីតាំងទុកដាក់សំរាមហ្នឹង»។

បើតាមអភិបាលរងខេត្តរូបនេះ ទីតាំងចាក់សំរាមនេះ បានបម្រើឱ្យ៣ស្រុក ក្នុងនោះមាន ស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងស្រុកកោះកុង ហើយប្រសិនបើគិតតែ ២តំបន់ ពោលគឺ ក្រុង​ខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា គឺមានសំរាមប្រមាណ១០០តោនក្នុងមួយថ្ងៃ។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាល បាន​ចេញអនុក្រឹត្យស្តីពីការកែប្រែជម្រកសត្វព្រៃពាមក្រសោម ពីផ្ទៃដីទំហំ ២៣ ៧៥០ហិកតា មកនៅត្រឹម ១៦ ៩៨២ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង។ អនុក្រឹត្យដដែលបន្តថា ការបង្កើតតំបន់ការពារនេះឡើងក្នុងគោលបំណង​ថែទាំទីជម្រក​សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានា​ឱ្យ​មានការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់សម្រាប់​ប្រភេទណា​មួយ​នៃ​សត្វ រុក្ខជាតិ និងជីវចម្រុះ ព្រមទាំងរក្សា​លំនឹងបរិស្ថាន រួមចំណែកកាត់បន្ថយការប្រែប្រួល​អាកាសធាតុ និងហានិភ័យគ្រោះមហន្តរាជធម្មជាតិជាដើម។ ក្រៅពីនោះ ក៏ផ្តល់​ផលិត​ផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់​ការចូលរួម​របស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការ​ចូលរួមចំណែក​ដល់ការគ្រប់​គ្រង ការ​ការពារ និងអភិវឌ្ឍ​ន៍​ជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕