បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាចុងក្រោយនេះមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយលើកឡើងថា ផ្ទះពលរដ្ឋជាង១០០ខ្នង ត្រូវខូចខាតដោយសារខ្យល់កន្រ្តាក់។
អ្នកនាំពាក្យនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ប្រាប់ Newsroom Cambodia នៅព្រឹកថ្ងៃចន្ទនេះថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋត្រូវរងការប៉ះពាល់ដោយសារតែមានខ្យល់កន្រ្តាក់ ពេលភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ ទាំងនៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញផង។
លោកបន្តថា៖«តាមតួលេខដែលយើងទទួលបានពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មកដល់ថ្ងៃនេះគឺបានប៉ះពាល់ជាង១០០ខ្នងហើយ។ ជាមួយនេះដែរ ក៏បានធ្វើឱ្យខូចខាតជាង៣០ខ្នង នេះទិន្នន័យបឋមដែលយើងទទួលបាន ហើយនៅខេត្តមួយចំនួនទៀតមិនទាន់បានរាយការណ៍មកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ។
លោកឱ្យដឹងទៀតថា ក្នុងចំណោមផ្ទះដែលរងការប៉ះពាល់ជាង១០០ខ្នង ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះ លោកថា ក្នុងនោះមានផ្ទះ៣០ខ្នងត្រូវខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វទេ។
លោកបន្តថា៖«ជាបឋមនេះ យើងបានទទួលទិន្នន័យការខូចខាត ប៉ះពាល់ផ្ទះ របើកដំបូលអីផ្សេងៗនេះ គឺជាង១០០ខ្នង ហើយខូចខាតទាំងស្រុងគឺជាង៣០ខ្នង។ ជាមួយគ្នានេះ បញ្ហាផ្គរន្ទះបានកើតមាន បានបង្កឱ្យឆេះផ្ទះពលរដ្ឋយើង១ខ្នង និងងាប់គោរ១ក្បាល។ ប៉ុន្តែករណីទាំងពីរនេះមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ទេ »។
ក្នុងពេលមានបញ្ហាកើតឡើង អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះថា ជាការឆ្លើយតបបន្ទាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទគឺមានតួនាទីក្នុងការចុះជួយ។ ក្រៅពីនេះក៏មានកងកម្លាំងអាជ្ញាធរនៅតាមមូលដ្ឋានជួយអន្តរាគមន៍ បូករួមទាំងក្រុមកាកបាតក្រហមកម្ពុជាដែលមានទីតាំងតាមស្រុកខេត្តទាំងអស់នោះទៀតផង។
យ៉ាងនេះក្តី លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ Newsroom Cambodia នៅថ្ងៃចន្ទនេះថា នៅពេលមានគ្រោះមហន្តរាយកើតឡើង ក្រៅពីការជួយសង្គ្រោះពីក្រុមអាជ្ញាធរ អ្នកដែលមានតួនាទីសំខាន់ជាងគេក្នុងការជួយប្រជាពលរដ្ឋ គឺមានតែគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយទេ ដែលដើរតួនាទីសំខាន់ក្នុងរឿងនេះ។
លោកបន្តថា៖«ចំពោះបញ្ហាគ្រោះមហន្តរាយដែលកើតឡើង យើងឃើញថា អ្នកដែលសំខាន់ទីមួយគឺ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាអ្នកត្រូវជួយប្រជាពលរដ្ឋ។ បើសិនជាមានទឹកជំនាន់យ៉ាងណាគឺត្រូវជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរជួយធ្វើម៉េច នៅពេលប្រជាពលរដ្ឋខូចខាតផ្ទះសម្បែង ខូចខាតអីហ្នឹង គាត់ត្រូវជួយប្រជាពលរដ្ឋ ជួយធ្វើម៉េចជួយជួសជុលអ្នកខ្វះខាតខាងជីវភាព»។
លោកបន្ថែមទៀតថា អ្នកដែលធ្វើការក្នុងវិស័យគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ត្រូវពិនិត្យមើលឡើងវិញចំពោះការអនុវត្តគោលនយោបាយផ្សេងៗ ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់កាត់បន្ថយហានិភ័យនានាកុំឱ្យកើតមានខ្ពស់សម្រាប់ប្រជាពលរដ្ឋ។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទនេះ បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន អំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយលើកឡើងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តាខេត្តក្រុងអាចនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីចន្លោះពី២០% ទៅ២៥%៕