ប្រជាពលរដ្ឋដែលរត់ភាសន៍ខ្លួនចូលព្រៃពីការតាមប្រមាញ់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងជម្លោះដីធ្លីនៅខេត្តព្រះវិហារ បានចាក់ចេញពីព្រៃមកវិញហើយ ប៉ុន្តែពួកគេអះអាងថាក្រុមអ្នកតស៊ូមតិដើម្បីដីធ្លីនៅតែត្រូវរង់ការគំរាមកំហែងតាមចាប់ខ្លួននៅឡើយ។
ពលរដ្ឋដែលអះអាងថារងគ្រោះនៅស្រុកគូលែន ខេត្តព្រះវិហារ លោក ចឹក វ៉ាត លើកឡើងនៅថ្ងៃនេះថា អាជ្ញាធរមិនទាន់បញ្ឈប់តាមចាប់ខ្លួនប្រជាពលរដ្ឋនៅឡើយនោះទេ។លោកស្នើឱ្យអាជ្ញាធរបញ្ឃប់ការចោទប្រកាន់មកលើប្រជាពលរដ្ឋ និងរៀបចំកន្លែងសមស្របជូនពួកគេដែលរងគ្រោះដោយដីធ្លីវិញផង។
លោកបន្តថា៖ « ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយរៀបចំដីធ្លីឱ្យប្រជាពលរដ្ឋ និងសូមកុំឱ្យមានការតាមដាន ឈប់ចោទប្រកាន់មកលើប្រជាពលរដ្ឋទៅ សម្រាប់ខ្ញុំផ្ទាល់ចោទថាខ្ញុំមានគ្រឿងញៀន មានគ្រាប់បែកមានអី ថាខ្ញុំមេប៉ះបោរ មេអី ខ្ញុំមេប៉ះបោរអីខ្ញុំ ខ្ញុំអត់មានគ្រឿងញៀន មានគ្រាប់បែកអីហ្នឹង ខ្ញុំគ្មានទេ ឈប់ចោទខ្ញុំទៅ ខ្ញុំអ្នកអត់អ្នកឃ្លានទេ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរងគ្រោះនៅខេត្តព្រះវិហារម្នាក់ទៀត អ្នកស្រី ច្រឹប បានឱ្យដឹងនៅពីព្រឹកថ្ងៃទី៦ ខែឧសភា នេះថា អ្នកស្រីមិនបានទៅរស់នៅកន្លែងដើមរបស់អ្នកស្រីវិញទេ ក្រោយវិលត្រឡប់ពីការលាក់ខ្លួននៅក្នុងព្រៃមួយរយៈពេលកន្លងទៅនេះ។អ្នកស្រីបន្តថា ក្រុមអ្នករត់ភាសន៍ខ្លួនសុទ្ធតែមិនអាចចូលស្រុកកំណើតវិញបាន ដោយអាជ្ញាធរចោទប្រកាន់ថាមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ជាពិសេសដីផ្ទះរបស់អ្នកស្រីមានទំហំធំផង ហេតុនេះគឺជាមុខសញ្ញាដែលត្រូវគេចោទ និងបិទផ្លូវមិនឱ្យវិលចូលស្រុកវិញកើត។
បើតាមអ្នកស្រី ច្រឹប ដោយគ្មានជម្រើសណាដែលល្អជាងនេះ និងដើម្បីសុវត្ថិភាពផង រូបគេសុខចិត្តស្វែងរកការងារធ្វើនៅទីតាំងផ្សេងវិញ ខណៈអ្នកភូមិផ្សេងទៀតក៏ត្រូវបង្ខំចិត្តធ្វើជនអន្តប្រវេសន៍ទៅស្រុកថៃក៏មានដែរ។
អ្នកស្រីបន្តថា៖ « ផ្ទះខ្ញុំធំជាងគេ គេអត់ឱ្យខ្ញុំចូលវិញទេ ខ្លាចខ្ញុំទាមទារផ្ទះសម្បែងខ្ញុំមកវិញ បើសិនជាគេដោះដូរឱ្យខ្ញុំ ដីកន្លែងណាក៏ខ្ញុំយកដែរ ខ្ញុំសំណូមពរឱ្យបានដីផ្ទះខ្ញុំវិញឱ្យបានរស់នៅសមរម្យ និងសូមឈប់តាមចាប់ខ្ញុំទៀតទៅ ព្រោះខ្ញុំមិនបានប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែគាត់មិនមានដំណោះស្រាយអីបានខ្ញុំសូម បើខ្ញុំមិនក្រោកឈរ ខ្ញុំពឹងអី ខ្ញុំអស់គ្មានសល់អ្វីទេ »។
កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះវិហារបានដោះលែងពលរដ្ឋប្រមាណ៣០ នាក់ ឱ្យនៅឃុំបណ្តោះអាសន្ន។ការផ្តល់សេរីភាពដែលស្ថិតក្រោមការរិះគន់ ដ៏ចម្រូងចម្រាស់ពីក្រុមអង្គការមិនមែនរដ្ឋាភិបាលនេះ ក្រោយអ្នកភូមិ ត្រូវឃុំខ្លួនជាង១ខែនៅក្នុងពន្ធនាគារខេត្តព្រះវិហារ។
ពលរដ្ឋដែលទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច(Seila Damex) ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ចោទប្រកាន់ថា អាជ្ញាធរបានចុះបង្រ្កាប់ ដុតផ្ទះសំបែង និងបណ្តេញពួកគេចេញដោយបង្ខំ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ក៏ប៉ុន្តែ កាលពីថ្ងៃទី១២ មីនា អភិបាលខេត្តព្រះវិហារលោគ គីម រឹទ្ធី បានប្រកាសកាត់ឆ្វេលដីជាង១ពាន់ហិកតារ និងធ្វើប្លង់រឹងជូនពលរដ្ឋ១៥០គ្រួសារ។បើទោះបែបណា ការប្រកាសផង និងបង្ហោះតាមទំព័រហ្វេសប៊ុកនេះ មិនដឹងថាតើដីទំហំជាង១ពាន់ហិកតារ នៅក្បែរដីក្រុមហ៊ុន សិលាដាម៉ិច ដែលរដ្ឋបាលខេត្តកាត់ឆ្វេលនោះ ក្រុមពលរដ្ឋដែលរងការបង្រ្កាប់ដោយហិង្សា អាចនឹងទទួលបានដែរឬយ៉ាងនោះទេ។
មិនខុសគ្នាទេ ពលរដ្ឋម្នាក់ទៀតដែលថ្លែងសុំមិនបញ្ជេញឈ្មោះ ហើយធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនដែរឱ្យដឹងថារូបលោកមិនបានទៅរស់នៅផ្ទះដូចមុនទៀតនោះទេ ព្រោះអាជ្ញាធរហាមឃាត់មិនឱ្យចូល ហើយបច្ចប្បន្នលោករស់នៅខេត្តផ្សេងមួយទៀតដើម្បីមានសុវត្ថិភាព។
លោកបន្តថា៖ « អត់ឱ្យយើងទៅរស់នៅលើដីនោះទៀតទេ ប្រសិនបើយើងទៅទៀត គេនឹងចាប់យើងទៅវិញហើយ គេនឹងបូកទោសយើងដែលព្យួរទុកហ្នឹងហើយអត់ឱ្យយើងមានសកម្មភាពចូលរួមផ្តល់ជាសារព័ត៌មាន អត់ឱ្យខមិនលើវិដេអូពាក់ព័ន្ធ បើមិនអីចឹងទេ គេគំរាមយើងថានឹងចាប់យើងទៅវិញ »។
លើសពីនេះ លោកស្នើឱ្យរដ្ឋាភិបាលផ្តល់ជាដីកម្មសិទ្ធិផ្ទាល់ខ្លួនសម្រាប់រូបលោកអាចស្នាក់នៅបានសមរម្យ ដូចមុនវិញផង។
លោកបន្តថា៖ « ឱ្យរាជរដ្ឋាភិបាលជួយយកចិត្តទុកដាក់ សម្រាប់អ្នកដែលមានបញ្ហាបង្ក្រាបដីហ្នឹង សូមឱ្យគាត់ផ្តល់ដីកន្លែងណាមួយមិនមែនជាដីដែលបង្ក្រាបលើកមុន សម្រាប់ពួកយើងទាំងអស់គ្នា ដោយសារពួកយើងទាំងអស់គ្នានេះ គឺអត់មានពិតប្រាកដមែន អាជ្ញាធរក៏គាត់បានដឹងលឺ ក៏គាត់ទទួលស្គាល់ សូមឱ្យមានដីកម្មសិទ្ធិមានផ្ទះសម្បែង កម្មសិទ្ធផ្ទាល់ខ្លួនឱ្យកក់ក្តៅ »។
ពលរដ្ឋដែលរត់ភាសន៍ខ្លួនចូលព្រៃ គេចចេញពីការតាមប្រមាញ់របស់អាជ្ញាធរ បានអះអាងថាពួកគេបានវិលត្រឡប់ចូលស្រុកវិញអស់ហើយ ប៉ុន្តែអ្នកទាំងនោះមិនបានទៅតាំងទីលំនៅក្នុងភូមិកំណើតវិញទេ។អ្នកខ្លះខ្វែងរកការងារធ្វើនៅកន្លែងផ្សេង ហើយអ្នកខ្លះទៀតចាក់ចេញទៅប្រទេសជិតខាងកម្ពុជាជាដើម។
បើទោះជាបែបណា អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី ចោទប្រកាន់ពលរដ្ឋដែលរងការបង្រ្កាប់កាលពីដើមខែ មីនាថាគឺសុទ្ធតែអ្នកមកតាំងទីលំនៅខុសច្បាប់។មិនតែប៉ុណ្ណោះពួកគេ មានដីធ្លី និងលំនៅឋានពិតប្រាកដរួចទៅហើយ ប៉ុន្តែនេះគឺជាក្រុមចលនាប៉ះបោរ និងបំផុសឱ្យមានសកម្មភាពប្រឆាំងអាជ្ញាធរ។
លោកបន្តថា៖ «ពលរដ្ឋទាំងនោះមិនមែនអត់ដីធ្លីទេ គាត់មានផ្ទះមានសម្បែងត្រឹមត្រូវ ហើយគាត់សុទ្ធតែអាណាធិបតេយ្យមកតាមពួកដែលបំបះបំបោរឱ្យពួកគាត់មកចាប់ដី យកដីដែលជាដីរដ្ឋចុះបញ្ជីរួចហើយ អីចឹងគាត់អត់មានត្រូវការមកទារសំណង ទារអីខាងយើងទេ ព្រោះពួកគាត់សុទ្ធតែមានដី មានធ្លីនៅស្រុកកំណើតពួកគាត់អស់ហើយ […] គាត់មករំលោភបំពានដីរដ្ឋដែលបានចុះបញ្ជីរួចហើយ មិនមែនគាត់សុខៗ ដើរមកយកដីគ្រប់គ្នា អីចឹងប្រទេសជាតិលែងមានច្បាប់អស់ហើយ យើងត្រូវការអនុវត្តច្បាប់ទាំងអស់គ្នា ហើយគាត់សុទ្ធតែមានផ្ទះសម្បែងរបស់គាត់ត្រឹមត្រូវនៅស្រុកកំណើតរបស់គាត់ » ។
សម្រាប់ នាយកប្រតិបត្តិ នៃអង្គការពន្លកខ្មែរ ប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ ប្រាប់គេហទំព័រ Newsroom Cambodia ថាប្រជាពលរដ្ឋដែលត្រូវបានដោះលែងដោយអាជ្ញាធរ មិនបានទៅរស់នៅលើទឹកដីរបស់ខ្លួននោះទេ ព្រោះទីតាំងនោះត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលទៅរស់នៅ ហើយលោកក៏មិនដឹងថាអាជ្ញាធរដោះស្រាយដីនៅតំបន់ណាដោះដូរជូនពួកគាត់នោះដែរ។លោកថាអាជ្ញារធរគួរស្វែងរកកន្លែងណាសមរម្យជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋទាំងនោះគ្មានទីពឹងនោះទេ។
លោកបន្តថា៖ « បើបានដោះលែងពួកគាត់ទាំងអស់នោះហើយ គួរតែលៃលករកមើលដីសម្បទានសង្គមកិច្ចណាមួយដែលអាចផ្តល់ឱ្យគាត់រស់នៅបានក្រៅពីជម្លោះហ្នឹង ដើម្បីកុំឱ្យពួកគាត់ប្រឈមទាំងសងខាង ទោះបីថាគាត់មកពីខេត្តផ្សេងក៏ដោយ ក៏អាជ្ញាធរខេត្តផ្សេងបានចាត់ទុកពួកគាត់រស់នៅខេត្តផ្សេងរួចទៅហើយ ហើយអាជ្ញាធរខេត្តព្រះវិហារក៏បានចាត់ទុកប្រជាពលរដ្ឋមកពីខេត្តផ្សេង ដូច្នេះពួកគាត់រារែកទាំងសងខាង ត្រូវបានគេទាត់ចោលទាំងសងខាង អត់មានទីលំនៅអីស្នាក់នៅ »។
អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កងកម្លាំងប្រដាប់អាវុធមួយក្រុម ដូចជាកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមនិងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន បានប្រមូលផ្តុំគ្នា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះនៅក្នុងខេត្តព្រះវិហារ ហើយបានបាញ់គ្រាប់ពិតប្រឆាំងអ្នកភូមិ និងចាប់ខ្លួនពលរដ្ឋមួយចំនួនថែមទៀត៕