ក្រុមអង្គការ​​​​សង្គមស៊ីវិល សហជីព និង​សហគមន៍ចំនួន៥០ស្ថាប័ន ស្នើឱ្យមាន​ដោះ​លែ​ង ថ្នាក់ដឹកនាំសហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិក​សហជីពផ្សេង​ទៀត ឱ្យមាន​សេរីភាពវិញ និងបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើពួកគេ​។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ស្តីពី ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បាន​បង្ហាញការ​​​​សោកស្តាយ​យ៉ាង​ខ្លាំង​​ចំពោះ​​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​​​ ​ដែល​បាន​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​អតីត​និង​បច្ចុប្បន្ន​​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការ​ងារ​​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏ ហើយ​មកដល់ពេលនេះ​ ​អាជ្ញាធរ​ ​និង​តុលាការ​ ​នៅតែ​មិនទាន់​អាច​ផ្តល់​នូវ​យុត្តិធម៌​ជូន​ពួកគេ​​​នៅឡើយ​​។

ករណីនេះ ក្រុមអង្គការសង្គមស៊ីវិល សហជីព និង​សហគមន៍ ស្នើ​ដល់អាជ្ញាធរ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ និងផ្តល់នូវសេរីភាពពេញលេញ​ដល់ជនជាប់ចោទ​ផ្សេង​ទៀត អាចរស់នៅដោយមិនមានការភ័យខ្លាចពីការ​ចាប់ដាក់ពន្ធនាគារ ឬការធ្វើទុក្ខ​បុក​ម្នេញ​ណាមួយ​។

សេចក្តី​​ថ្លែងការណ៍រួមនោះ បញ្ជាក់ថា៖ «នេះ​​​គឺជា​មធ្យោបាយ​មួយ​ចុងក្រោយ​ ​ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​​ចំពោះ​​ការចោទប្រកាន់​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​មិន​ត្រឹមត្រូវ ​ទៅ​​​លើ​សមាជិក​សហជីព​មួយ​​ចំនួន​ ​ដែល​កំពុង​​តស៊ូ​មតិ​ដើម្បី​សិទិ្ធ​កម្មករ​​។​ ​អាជ្ញាធរ​ត្រូវតែ​គោរព​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​ ​និង​ឈប់​ចាត់​ទុក​សកម្មភាព​អហិង្សា​របស់​សហជីព​ ​ជា​បទល្មើស​ព្រហ្មទណ្ឌ»​។​

​កាលពី​​ថ្ងៃ​ទី​​០​៣​ ​ខែ​ឧសភា​ ឆ្នាំ២០២៤ ​តុលាការ​កំពូល​ ​បាន​ប្រកាស​សាលដីកា​ ​ដោយ​តម្កល់​សេចក្ដី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រលើ​ជនជាប់ចោទ​ចំនួន​ ​៨​រូប​ ​ដែល​ជា​អតីត​ ​និង​បច្ចុប្បន្ន​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ពី​ ​១​​ឆ្នាំ​ ​ដល់​ ​២​​ឆ្នាំ​ ​ហើយក្នុងនោះ​​កញ្ញា​ ឈឹម ​ស៊ី​ថ​រ​ ​ជា​ជនជាប់ចោទតែ​​ម្នាក់​​ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនោះ​ ​ដែល​កំពុង​អនុវត្ត​ទោស​​​ក្នុង​ពន្ធ​នាគា​រ​។

​​សេចក្តីថ្លែងការណ៍រួម​របស់សង្គមស៊ីវិល យល់ថា ការសម្រេច​របស់តុលាការកំពូល ​នឹង​ធ្វើ​ឱ្យ​​កញ្ញា​ ​ឈឹម ស៊ី​ថ​រ​ ​បន្ត​ជាប់ពន្ធនាគារ​ដដែល​ ​និង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ខ្លួន​ជនជាប់​ចោទ​ចំនួន​ ​៥​​​នាក់​​​ផ្សេងទៀត​ ​ទៅកាន់​ពន្ធ​នាគា​រ​ភ្លាម​ៗ​។

​បើតាមសេចក្តីថ្លែងការណ៍រួម ក្រៅពី​ទទួលរង​ការ​រំលោភបំពាន​តាមរយៈ​ប្រព័ន្ធ​តុលាការ​ ​សមាជិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​ក៏​ទទួលរង​ការ​រំលោភបំពាន​តាម​គ្រប់រូប​ភា​ពពីក​ង​សន្តិសុខ​ ​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ហើយ​សកម្មភាព​ទាំងនេះ​ ​បាន​បង្ហាញ​ថា​អាជ្ញាធរ​ព្យាយាម​បំភិតបំភ័យ​ ​គំរាមកំហែង​ ​រំលោភបំពាន​ ​និង​ធ្វើទុក្ខបុកម្នេញ​លើ​កូដករ​ដែល​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​ជាជាង​ជួយ​ដោះស្រាយបញ្ហា​ដែល​សហជីព​ ​និង​សហ​ព័ន្ធ​សហជីព​កំពុង​ជួបប្រទះ​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​។

នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លងមក ទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អង្គការ​ជាតិនិង​អន្តរជាតិ ក៏បានទាមទារដល់តុលាការ និងរដ្ឋាភិបាល​ ដោះលែង និងទម្លាក់ចោល​ការ​ចោទ​ប្រកាន់លើកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព​ណាហ្គាវើលដ៍ផ្សេងទៀតផងដែរ ដោយ​ពួក​គេ​មើលឃើញ​សកម្មភាព​របស់ពួកគេ​ធ្វើឡើង​ដើម្បីសិទ្ធិការងារ និងសហជីព។​

លោកបន្តថា ដើម្បីជៀសវាងការរិះគន់ធ្ងន់ធ្ងរបន្ថែមទៀត រដ្ឋាភិបាល គួររកមធ្យោបាយសមស្របណាមួយ ដើម្បីដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៏ផ្សេង​​ទៀត​ឱ្យមានសេរីភាពពេញលេញឡើងវិញ។

លោកលើកឡើងថា៖ «សាលដីកាតុលាការកំពូលជាសាលដីកាចុងក្រោយ និងបិទផ្លូវតវ៉ាតាមនីតិវិធីតុលាការ  ប៉ុន្តែក៏នាំឱ្យមានការរិះគន់ថាសាលដីកានេះ ជាសារមួយជះឥទ្ធិពលមិនល្អសម្រាប់សិទ្ធិមេដឹកនាំសហជីព សមាជិកសហជីព និងសិទ្ធិការងារ របស់សហជីពណាហ្គាវើលដ៏ ក៏ដូចសហជីពផ្សេងទៀត ដែលគេអាចចាត់ទុកថាជាការគំរាម​កំហែង ការធ្វើទុក្ខបុកម្នេញ និងបំភិតបំភ័យដល់មេដឹកនាំសហជីពណាហ្គាវើលដ៏ និងសិទ្ធិការងារ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក​ស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូល និង​លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌​បានទេ នៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា​​ មានប្រសាសន៍​​ថា ការចេញសេចក្តីថ្លែងការណ៍​របស់អង្គការសង្គមស៊ីវិល គឺជាសិទ្ធ និងសេរីភាពរបស់ពួកគេ​​ ប៉ុន្តែ​ការទាមទារឱ្យដោះលែង​ជនជាប់ចោទ​ណាម្នាក់នោះ ជារឿងដែលមិនគប្បី។

លោកលើកឡើងថា៖ «ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល គឺជាសិទ្ធរបស់គាត់ ថ្លែងការណ៍​អ្វីក៏បានដែរ ឱ្យតែស្ថិតនៅក្រមខណ្ឌច្បាប់ ប៉ុន្តែការចេញសេចក្តីថ្លែងការណ៍​ ហើយទាមទារឱ្យដោះលែងអ្នកនេះ ដោះលែងអ្នកនោះគឺជារឿងមួយដែលមិនគួរគប្បី ពីព្រោះការកាត់សេចក្តីរឿងអ្នកណាមានទោស អ្នកណាមិនមានទោស ត្រូវចោទប្រកាន់ ឬត្រូវដោះលែង ជាឆន្ទានុសិទ្ធរបស់តុលាការតែម្នាក់គត់ អត់មាននរណាមកអាចបញ្ជាតុលាការបានទេ ចឹងសូមឱ្យអង្គការសង្គមស៊ីវិលមើលចំណុចហ្នឹងផង»។

កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ក៏​បានចេញសេច​ក្តីថ្លែងការណ៍ព័ត៌មាន ដោយ​បដិសេធទាំងស្រុង​ចំពោះ​ការ​អត្ថាធិប្បាយ​របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក Jeremy Laurence ពាក់ព័ន្ធនឹង​ការតម្កល់បទចោទប្រកាន់​លើ​ កញ្ញា ​ឈឹម ស៊ីថរ របស់តុលាការកម្ពុជាផងដែរ​​។

សេចក្តីថ្លែងការណ៍ព័ត៌មានបន្តថា កញ្ញា​ ឈឹម ស៊ីថរ និងអ្នកផ្សេងទៀត បានធ្វើកូដកម្មជាច្រើន​ខែ​ដោយ​ខុស​ច្បាប់ និងមានការឧបត្ថម្ភគាំទ្រពីបរទេស​កាលពីចុងឆ្នាំ២០២១ ហើយ​ត្រូវបានតុលាការ​កាត់ទោស​ពី​បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខ​សង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

សេចក្តីថ្លែងការណ៍​ព័ត៌មានបន្តថា៖ «ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាម​នីតិវិធីដ៏ត្រឹមត្រូវបំផុត»។

កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្តន្ទាទោស​ថ្នាក់​ដឹក​នាំ​ ​និង​​សមាជិក​សហជីព​ចំនួន​ ​៩​​នាក់​ ​ពី​បទ ​ញុះញង់​​។​ ​ការ​ផ្តន្ទាទោស​នេះ​ ​ពាក់ព័ន្ធ​នឹង​កូដកម្ម​អហិង្សា​របស់​សហជីព​ដែល​ជំទាស់​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៏​។​ ​ជនជាប់ចោទ​ ​៨​នាក់​ ​ក្នុងចំណោម​អ្នក​ទាំងនោះ​ បាន​ប្តឹងឧទ្ធរណ៍​ ​ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​ កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​។​

ជនជាប់ចោទ​ចំនួន​ ​៩​រូប​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុង​ឆ្នាំ​២​០​២​១​ ​និង​ដើម​ឆ្នាំ​២​០​២​២​ ​និង​ត្រូវ​ឃុំ​ខ្លួន​ជា​​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​មុន​ពេល​តុលាការ​ដោះលែង​ពួកគេ​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​។​ កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ម្តងទៀត​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​កញ្ញា​ត្រឡប់មក​ពី​ចូលរួម​កិច្ចប្រជុំ​សហ​ព័ន្ធ​សហជីព​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​៕​ ​