មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងត្រីមាសទី១ឆ្នាំ២០២៤ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបបទល្មើសធនធានធម្មជាតិ បានជិត ៦០០ករណី ក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការជាង ៨០ករណី។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះ បទល្មើសធនធានធម្មជាតិមានចំនួន ២ ៥២៩លើក ក្នុងនោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបទល្មើសបានចំនួន ៥៩២ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៨៥ករណី។
តែយ៉ាងណា លោកពុំទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ថាតើបទល្មើសទាំងនោះកើតមាននៅតំបន់ការពារ ឬខេត្តណាខ្លះ និងចំនួនដីដែលបានឃ្លុំព័ទ្ធយកមកជាកម្មសិទ្ធិដីរដ្ឋវិញ។
អ្នកនាំពាក្យរូបនេះ បន្តទៀតថា ដើម្បីធានាដល់ការបន្តកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ការដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តជារឿងមួយចាំបាច់ ក្រោមក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
លោកថា៖ «ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
ស្របពេលគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ធនធានធម្មជាតិ ក្រោយពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការមោឃភាពចោលនូវរាល់លិខិតលក់-ទិញឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅតំបន់ការពារធម្មជាតិ ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃដែលបានកាប់គាស់ រុករាន ទន្ទ្រានដាំដំណាំ និងសង់លំនៅដ្ឋាន ដែលជាសកម្មភាពខុសច្បាប់។ រដ្ឋបាលខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់ទន្ទ្រានឈូសឆាយដីព្រៃនៅតំបន់ការពារ ព្រមទាំងត្រូវរុះរើនូវសំណង់ខុសច្បាប់នៅតំបន់ការពារ តាមការប្រើវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត។
រដ្ឋបាលខេត្តបញ្ជាក់ថា៖ «ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ គណៈបញ្ជាក់ការឯកភាពខេត្តនិងស្រុក ពាក់ព័ន្ធនឹងចាត់វិធាការអនុវត្តតាមនីតិវិធីច្បាប់»។
ចំណែក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបាននិងកំពុងសាងសង់សំណង់ផ្សេងៗនៅក្នុងតំបន់ការពារ ត្រូវសហការជាមួយសមត្ថកិច្ចជំនាញ ដោយរុះរើរោង ឬសំណង់ផ្សេងៗរបស់ខ្លួន និងចាកចេញពីទីតាំងនោះជាបន្ទាន់ផងដែរ។ នេះបើតាមការលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។
ប្រភពដដែល បន្តថា បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៤១ ចែងថា «តំបន់ការពារធម្មជាតិនីមួយៗ ត្រូវការពារ និងទប់ស្កាត់នូវរាល់សកម្មភាពដែលធ្វើឱ្យខូចខាត ឬប៉ះពាល់ជាអវិជ្ជមានក្នុងតំបន់ការពារធម្មជាតិ ដែលបណ្តាលមកពីការកាប់គាស់ រុករាន ទន្ទ្រានដីដោយរំលោភ ការធ្វើអាជីវកម្ម ការបំពុលមជ្ឈដ្ឋានធនធានធម្មជាតិជីវៈចម្រុះ ភ្លើងឆេះព្រៃ និងការធ្វើកសិកម្មពនេចរជាដើម»។
លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា យល់ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ គួរបង្កើនការយកចិត្តទុកដាក់ និងរឹងបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត ព្រមទាំងតាមរកអ្នកនៅពីក្រោយនៃបទល្មើសនោះ ទើបអាចទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងបទល្មើសធនធានធម្មជាតិមានប្រសិទ្ធភាព។
លោកថា៖ «ទាក់ទងជាមួយនឹងការកាប់ទន្រ្ទានដីដោយខុសច្បាប់ ដូចជា ដីរដ្ឋក្តី ដីតំបន់ការពារធម្មជាតិក្តី ឬក៏ដីផ្សេងៗក្តី ខ្ញុំគិតថា ជារឿងមួយដែលគួរតែត្រូវបានគិតគូរឱ្យបានច្បាស់លាស់ ការប្រើប្រាស់វិធានការទប់ស្កាត់កុំឱ្យមានការបន្តការកាប់បំផ្លាញ ហើយអាជ្ញាធរក៏ត្រូវតែសហការជាមួយភាគីពាក់ព័ន្ធ បង្កើនវិធានការ យកវិធានការច្បាប់ដែលមានស្រាប់ ទៅបង្ក្រាបស្វែងរកបណ្តាញនៃការជួញដូរអីហ្នឹង ជាជាងការចោទប្រកាន់តែម្ខាងដោយអត់មានការស្វែងរកបណ្តាញនៅពីខាងក្រោយ»។
លោក គឹមហុង បន្តថា សម្រាប់តំបន់ដីដែលចាស់រិចរិល រដ្ឋាភិបាលអាចពិចារណាផ្តល់ជាដីសម្បទានទៅប្រជាជន ប៉ុន្តែសម្រាប់ដីដែលមានគុណភាពសម្រាប់ជីវចម្រុះ រដ្ឋាភិបាលគួរតែទប់ស្កាត់ជាមុន កុំឱ្យមានការកាប់បំផ្លាញ និងទន្ទ្រានយក ហើយត្រូវរួមគ្នាដាំដើមឈើឡើងវិញក្នុងតំបន់ដែលរងការកាប់បំផ្លាញនោះ។ បើតាមមន្ត្រីអ្នកនាំពាក្យ គឺក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបង្ការចំនួន៤ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ក្នុងនោះមាន ការអនុវត្តច្បាប់ ១០០ភាគរយ ដោយមិនលើកលែងចំពោះជនល្មើសដែលបំពានធនធានធម្មជាតិ, ពង្រឹងការការពារធនធានធម្មជាតិជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ, សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងកងរាជអាវុធហត្ថដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញឱ្យមានការដាំដើមឈើឡើងវិញដើម្បីបង្កើនគម្របព្រៃ៕