ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើទៅមេដឹកនាំយោធាភូមា អនុញ្ញាតឱ្យលោកបានជួបលោកស្រី អ៊ុង​​ សានស៊ូជី ដើម្បីបានដឹងពីសុខទុក្ខ ស្របពេលអ្នកតាមដានភូមិសាស្រ្តនយោបាយ យល់ឃើញថា គោលបំណងរបស់ប្រធានព្រឹទ្ធសភារូបនេះ គឺចង់បង្វែរស្ថានការណ៍នយោបាយមិនសូវល្អនៅក្នុងស្រុក ដោ​​យការទាញយកចំណាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។

នៅព្រឹកថ្ងៃអង្គារនេះ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៧ ឧសភា នេះ។

កិច្ចពិភាក្សាគ្នាជាមួយមេដឹកនាំរបបសឹកយោធានេះ លោក ហ៊ុន សែន បានលើកឡើងថា ក្នុងគោលបំណងសួសុខទុក្ខគ្នា និងដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍន៍អំពីស្ថានភាពនៅប្រទេសភូមា​​ផ​ង​​។

ក្រៅពីការសួរសុខទុក្ខ និងសំដែងគារវកិច្ចរវាងមេដឹកនាំទាំងពីរ ក្នុងកិច្ចសន្ទនា លោក ហ៊ុន សែន ក៏ស្នើឱ្យ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង ពិចារណាក្នុងការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង លោ​​ក និងលោកស្រី អ៊ុង សានស៊ូជី ហើយលោកក៏អាចបានសួរសុខទុក្ខមេដឹកនាំសំឡេងជំទាស់ដោយផ្ទា​ល់​​ដែរ។

បើតាមលោក ហ៊ុន សែន មេដឹកនាំភូមា លោក មីន អ៊ួងឡាំង បានសន្យាថានឹងយកសំណើនេះទៅពិចារណា។មេដឹកនាំយោធារូបនេះ ក៏បានឯកភាពក្នុងការបញ្ជូនតំណាងមិនមែនអ្នកនយោបាយរបស់ខ្លួនឱ្យចូ​ល​រួមក្នុងកិច្ចប្រជុំអាស៊ានបន្តទៀតដែរ។ បន្ថែមពីលើនេះ របបយោធាភូមា ក៏នឹងបញ្ជូនប្រេសិតពិសេសរប​​ស់ខ្លួនមកកាន់កម្ពុជានាពេលឆាប់ៗ ដើម្បីសិក្សាស្វែងយល់អំពីការរៀបចំការបោះឆ្នោតនៅកម្ពុជាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែមទៀតផង។

លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបង្វែរ​​សំ​​ណួរទាក់ទិននឹងកិច្ចសន្ទនានេះ  ទៅអ្នកនាំពាក្យព្រឹទ្ធសភាជាអ្នកទទួលខុសត្រូវវិញ។

ចំណែក អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ថ្លែងថា បដិសេធថារូបលលោកមិនមែនជាអ្នកនាំពាក្យព្រឹទ្ធសភាក្នុងអាណត្តិថ្មីនេះទេ ហើយលោកបញ្ជាក់ថា ព្រឹទ្ធសភាក៏មិនទាន់តែងតាំងអ្នកនាំពាក្យថ្មីដែរ។

អ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត រ៉ូ វណ្ណៈ យល់ឃើញថា ការស្នើសុំជួបអតីតមេដឹកនាំភូមាដែ​​ល​​កំពុងជាប់ឃុំរបស់លោក ហ៊ុន សែន នេះ ចង់បង្ហាញថាកម្ពុជាក៏ផ្ដល់តម្លៃក្នុងការទំនាក់ទំនង ចំពោះ​​លោ​​​កស្រី អ៊ុង សានស៊ូជី ដែរ។

លោកបន្តថា៖ «បង្ហាញថាក្នុងនាមជាអតីតនាយករដ្ឋមន្រ្តី ជាប្រធានព្រឹទ្ធសភាសព្វថ្ងៃនេះ ក៏ឱ្យតម្លៃខ្លាំងទៅលើតំណាងគណបក្សប្រឆាំងលោកស្រី អោង សាងស៊ូជី ដែរ»។

បើតាមលោក រ៉ូ វណ្ណៈ រាល់ស្ថានការណ៍នយោបាយនៅក្នុងប្រទេសមិនសូវមានភាពល្អប្រសើរ ជាទូទៅមេដឹកនាំ​ រមែងប្រើយុទ្ធសាស្រ្តទាញចំណាប់អារម្មណ៍ពីមហាជនបែបនេះ។ក្នុងន័យនេះ វាគឺជាការ​បង្កើតច​​ល​​នា​ជាតិនិយម និងមួយទៀតគឺជាការបង្កើតសកម្មភាពនៅលើឆាកអន្តរជាតិ ដូចជាករណីលោក ហ៊ុន សែន ជាដើម ដែលប៉ុនប៉ងចាប់ដៃលោកស្រី អ៊ុង សានស៊ូជី ដែលជាអតីតម្ចាស់ពានរង្វាន់ណូបេលសន្តិភាព និងមេដឹកនាំរបស់របស់សឹកយោធាភូមា។

លើសពីនេះទៅទៀត ការស្នើសុំដើម្បីបើកផ្លូវឱ្យមានជំនួបកំពូលនេះកើតឡើង វានឹងមិនជះផលប៉ះពាល់​​ធ្ង​​ន់​​ធ្ងរ​​ពី​ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងរបបសឹកភូមាឡើយ ដោយសារប្រទេសទាំងពីរ ក៏មិនសូវមានទំនាក់ទំនងអ្វីជាដុំកុំភួនដែរ។

គេសង្កេតឃើញថា កាលពីពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសភូមា ដែ​ល​រង់ការបំផ្លិចបំផ្លាញដោយសារសង្រ្គាមផ្ទៃក្នុងចាប់តាំងពីរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០២១ ក្នុងជំនួបកំពូលពិសេសរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាស៊ានបានដាក់ចេញនូវកិច្ចព្រមព្រៀ​​ង​​ជាឯកច្ឆន្ទប្រាំចំណុចក្នុងការដោះស្រាយស្ថានការណ៍នៅភូមា។

ទន្ទឹមនឹងនេះ សម្រាប់ជំនួបជាមួយមេដឹកយោធាភូមានៅថ្ងៃអង្គារនេះវិញ លោក ហ៊ុន សែន ក៏បានគូសប​​ញ្ជាក់​​ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចនេះដែរ។បើតាមលោក ហ៊ុន សែន លោ​​ក​​​​ក៏​​មានសុទិដ្ឋិនិយមដែរថាការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ដំណើរការស្វែ​ង​​រកសន្តិភាពដល់ប្រទេសភូមាដែរ៕